ខ្មែរប៉ុស្ដិ៍ Close

អគ្គលេខាធិការអាស៊ាន គាំទ្រកម្ពុជា ក្នុងការបង្កើតយន្តការអាស៊ាន «ត្រយកា» ដើម្បីតាមដានការអនុវត្តបទឈប់បាញ់នៅមីយ៉ាន់ម៉ា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 65
អគ្គលេខាធិការអាស៊ាន គាំទ្រកម្ពុជា ក្នុងការបង្កើតយន្តការអាស៊ាន «ត្រយកា» ដើម្បីតាមដានការអនុវត្តបទឈប់បាញ់នៅមីយ៉ាន់ម៉ា អគ្គលេខាធិការអាស៊ាន គាំទ្រកម្ពុជា ក្នុងការបង្កើតយន្តការអាស៊ាន «ត្រយកា» ដើម្បីតាមដានការអនុវត្តបទឈប់បាញ់នៅមីយ៉ាន់ម៉ា

អគ្គលេខាធិការការអាស៊ាន លោក លឹម ចុក ហ៊ុយ ប្រកាសគាំទ្រកម្ពុជាពេញទំហឹងក្នុងការបង្កើតយន្តការ «ត្រយកា (Troika)» ដែលមានសមាសភាពប្រទេសកម្ពុជា ព្រុយណេ និងឥណ្ឌនេស៊ី ដើម្បីតាមដានការអនុវត្តន៍បទឈប់បាញ់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ លោកអគ្គលេខាធិការ ក៏បានប្រកាសរៀបចំកិច្ចប្រជុំកៀរគរជំនួយ ដើម្បីផ្តល់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាផងដែរ។

ការដោះស្រាយវិវាទក្នុងប្រទេសមីយ៉ាន់ម៉ា និងការនាំយកមីយ៉ាន់ម៉ា មកកាន់វេទិកាអាស៊ានវិញ គឺជាវិញ្ញាសាដ៏ក្តៅគគុកមួយសម្រាប់កម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងក្នុងនាមជាប្រធានរបស់អាស៊ាន បានប្រឹងប្រែងរិះរកគ្រប់លទ្ធភាព និងប្រើនូវយុទ្ធសាស្ត្រដែលជាពិសោធន៍របស់កម្ពុជាកាលពីអតីតកាលជាសម្បទានក្នុងការវិវាទនៅមីយ៉ាន់ម៉ា។

បញ្ហារបស់មីយ៉ាន់ម៉ា នៅតែជាប្រធានបទដ៏សំខាន់ និងចាំបាច់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន នៅក្នុងជំនួបពិភាក្សាការងារជាមួយអគ្គលេខាធិការអាស៊ាន លោក លឹម ចុក ហ៊ុយ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះ។

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបនេះថា សម្តេចតេជោ ហ៊ុន សែន បានលើកពីស្ថានភាពមីយ៉ាន់ម៉ា និងបានលើកបង្ហាញពីដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់មីយ៉ាន់ម៉ាផងដែរ។ សម្តេចតេជោ បានគូសបញ្ជាក់ថា ប្រាប់អគ្គលេខាធិការអាស៊ានថា ដំណើរទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ា គឺដើម្បីជួយមីយ៉ាន់ម៉ា ហើយដំណើរទស្សនកិច្ចនោះមានគោលបំណង៣ រួមមាន៖ រកមធ្យោបាយបញ្ឈប់ការបាញ់គ្នា និងការប្រើអំពើហិង្សា, ការផ្តល់ជំនួយមនុស្សធម៌ ទៅកាន់ពលរដ្ឋមីយ៉ាន់ម៉ា ដែលត្រូវការចាំបាច់ និងបើកច្រកធ្វើការរបស់ប្រេសិតពិសេសប្រធានអាស៊ាន។

លោក កៅ គឹមហួន បន្តថា ក្នុងជំនួបនេះ សម្តេចតេជោ ក៏បានគូសបញ្ជាក់ពីគំនិតផ្តួចផ្តើមរបស់សម្តេចក្នុងការជំរុញកិច្ចការនេះទៅមុខបន្តទៀត។ ជាពិសេសការជួយដល់ប្រទេសមីយ៉ាន់ម៉ា ដោយឈរលើយន្តការ «ត្រយកា» និងយន្តការផ្តល់ជំនួយមនុស្សក្នុងស្ថានភាពដ៏សំខាន់។

លោក កៅ គឹមហួន បានគូសបញ្ជាក់ដូច្នេះ «សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីយន្តការអាស៊ាន [ត្រយកា] ដែលត្រូវតែមានប្រធានអាស៊ានបច្ចុប្បន្ន ប្រធានអាស៊ានឆ្នាំកន្លងទៅ និងប្រធានអាស៊ានបន្ទាប់ពីកម្ពុជា។ ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី បូកនឹងអគ្គលេខាធិការអាស៊ាន ធ្វើការជាមួយគ្នា និងតាមដានការអនុវត្តបទឈប់បាញ់នៅមីយ៉ាន់ម៉ា។ ជាពិសេសវាយតម្លៃវឌ្ឍនភាពនៃគោលការណ៍ឯកច្ឆន្ទទាំង៥របស់អាស៊ាន ដែលឯកភាពគ្នាកាលពីខែ៤ ឆ្នាំ២០២១»។

បើតាមលោក កៅ គឹមហួន បានឱ្យដឹងថា អគ្គលេខាធិការអាស៊ាន គឺទ្រពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរបស់កម្ពុជា ដើម្បីតាមដានការអនុវត្តន៍បទឈប់បាញ់នៅក្នុងប្រទេសមីយ៉ាន់ម៉ានេះ។

«ពាក់ព័ន្ធគំនិតផ្តួចផ្តើមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងការបង្កើនយន្តការអាស៊ាន [ត្រយកា] ដើម្បីតាមដានបទឈប់បាញ់នេះ អគ្គលេខាធិការអាស៊ាន នឹងផ្តល់ការគាំទ្រពេញទំហឹងពាក់ព័ន្ធការងារនេះ»។ នេះជាការដកស្រង់សម្តីលោក លឹម ចុក ហ៊ុយ ដោយលោក កៅ គឹមហួន មកបញ្ជាក់ប្រាប់ក្រុមអ្នកព័ត៌មាន។

លោក លឹម ចុក ហ៊ុយ មិនត្រឹមតែគាំទ្រការបង្កើនយន្តការ «ត្រយកា» ដើម្បីតាមដានបទឈប់បាញ់នៅមីយ៉ាន់ម៉ាប៉ុណ្ណោះទេ តែក៏បានគាំទ្រការរៀបចំនូវយន្តការនានា ដើម្បីផ្តល់ជំនួយទៅកាន់មីយ៉ាន់ម៉ា ដែលជារឿងដ៏សំខាន់ផងដែរ។

លោកអគ្គលេខាធិការអាស៊ាន បានជម្រាបសម្តេចតេជោនាយករដ្ឋមន្ត្រីថា កាលពីខែសីហា ឆ្នាំ២០២១ អគ្គលេខាធិការដ្ឋានអាស៊ាន បានរៀបចំកិច្ចប្រជុំកៀរគរជំនួយមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា ហើយបានផ្តល់ជាលើកដំបូងកាលពីខែតុលា ឆ្នាំ២០២១ ទៅកាន់មីយ៉ាន់ម៉ាផងដែរ។

ក្នុងជំនួបពិភាក្សាការងារនៅថ្ងៃនេះ សម្តេចតេជោ ក៏បានស្នើអគ្គលេខាធិការអាស៊ាន ឱ្យរៀបចំនូវកិច្ចប្រជុំថ្មីមួយទៀត ដើម្បីកៀរគរជំនួយជួយមីយ៉ាន់ម៉ា។ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីការត្រៀមខ្លួនរបស់ជប៉ុន ក្នុងការជួយកិច្ចការមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ាផងដែរ។ បើតាមសម្តេចតេជោ ព័ត៌មានជួយការងារមនុស្សនៅមីយ៉ាន់ម៉ានេះ ត្រូវបានបញ្ជាក់ដោយអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។

សូមបញ្ជាក់ថា មីយ៉ាន់ម៉ា កំពុងជួបនូវវិបត្តិនយោបាយក្នុងប្រទេស ចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីក្រុមយោធា បានចាប់ខ្លួនលោកស្រី អោងសាន ស៊ូជី ដាក់ពន្ធនាគារ ក្រោយពេលគណបក្សរបស់លោកស្រីឈ្នះការបោះឆ្នោត។

វិបត្តិនេះត្រូវបានអូសបន្លាយអស់រយៈពេលប្រមាណមួយឆ្នាំមកហើយ រហូតប្រទេសមីយ៉ាន់ម៉ា មិនបានចូលរួមកិច្ចប្រជុំនានារបស់អាស៊ាននោះឡើយ កាលពីឆ្នាំ២០២១កន្លងទៅ។ អវត្តមានរបស់មីយ៉ាន់ម៉ា នៅអាស៊ាន ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់ទុកជាការបែកបាក់របស់អាស៊ាន។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញបំណងយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ជាពិសេសការនាំមីយ៉ាន់ម៉ាមកកាន់វេទិកាអាស៊ានជាដើម។ នៅដើមខែមករា ឆ្នាំ២០២២នេះ គ្រាន់តែបានក្លាយជាប្រធានអាស៊ានភ្លាម សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា។

តបតាមសំណើររបស់កម្ពុជាមេដឹកនាំយោធារបស់មីយ៉ាន់ម៉ា លោក អោង មីង ឡាំង បានយល់ព្រមពន្យារពេលបាញ់គ្នាជាមួយភាគីពាក់ព័ន្ធនៅក្នុងប្រទេស។ មេដឹកនាំយោធារូបនេះ បានយល់ព្រមជួយសម្របសម្រួលឱ្យប្រេសិតពិសេសរបស់ប្រធានអាស៊ាន អាចចូលជួបជជែកជាមួយភាគីជម្លោះនៅក្នុងមីយ៉ាន់ម៉ា និងជួយសម្របសម្រួលដល់ការផ្តល់ជំនួយទៅកាន់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា គ្រប់ភាគីទាំងអស់។

លទ្ធផលកើតចេញពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានចាត់ទុកជាជំហ៊ាន និងពន្លឺក្នុងការឈានទៅរកការដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ មានប្រទេសជាច្រើន បានគាំទ្រដល់លទ្ធផលនេះ៕ Fresh News

អត្ថបទទាក់ទង