ខ្មែរប៉ុស្ដិ៍ Close

ក្រសួងពន្លឿនគម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ ដើម្បីដំណើរការបាននៅត្រឹមខែសីហា ឆ្នាំ២០២២នេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 21
ក្រសួងពន្លឿនគម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ ដើម្បីដំណើរការបាននៅត្រឹមខែសីហា ឆ្នាំ២០២២នេះ ក្រសួងពន្លឿនគម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ ដើម្បីដំណើរការបាននៅត្រឹមខែសីហា ឆ្នាំ២០២២នេះ

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបឱ្យដឹងថា គម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ ដែលភាសាបច្ចេកទេសហៅថា Port EDI នឹងអាចដាក់ដំណើការបាននៅក្នុងអំឡុងខែសីហា ឆ្នាំ ២០២២នេះ ខណៈបច្ចុប្បន្ន ក្រុមហ៊ុនទទួលបន្ទុករៀបចំ កំពុងពន្លឿនការងារបំពាក់បច្ចេកទេសលើប្រព័ន្ធស្វ័យ ប្រវត្តិកម្មដែលនៅសេសសល់ឱ្យបានរួចរាល់តាមផែនការដែលបានគ្រោងទុក។

លោកបញ្ជាក់ថា មកដល់បច្ចុប្បន្ន ការងារបំពាក់ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យតាមអេឡិច ត្រូនិកនៅកំពង់ផែនេះ សម្រេចវឌ្ឍនភាពបានប្រមាណជាង៩០ភាគរយហើយ ដោយគ្រោងបញ្ចប់តាមផែនការ ដើម្បីសុំគោល ការណ៍ដាក់ដំណើរការ។

សូមបញ្ជាក់ថា គម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែនេះ ស្ថិតក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាម រយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ JICA ក្នុងទឹកប្រាក់សរុបប្រមាណ១២លាន២សែនដុល្លារអាមេរិក ក្នុងគោល បំណងកែលម្អហេដ្ឋារចនា សម្ព័ន្ធ និងបរិក្ខារកំពង់ផែឱ្យកាន់តែល្អប្រសើរ ខណៈបរិមាណនៃការនាំចូល និងការនាំចេញបានកើនឡើងជារៀងរាល់ឆ្នាំនៅតាមកំពង់ផែធំៗចំនួន២គឺ៖ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយត្រូវបានដំណើរការធ្វើបែបបទនាវាចូល-ចេញតាមនីតិវិធីរដ្ឋបាលដោយដៃ ដែលងាយជួបប្រទះបញ្ហាប្រឈមផ្សេងៗ។ ប្រព័ន្ធនេះ នឹងជួយសម្រួលដល់នីតិវិធីចេញ-ចូលកំពង់ផែកម្ពុជាសម្រាប់នាវាដឹកជញ្ជូនទំនិញអន្តរជាតិធំៗ និងគ្រប់គ្រងសេវាដឹកជញ្ជូនតាមផ្លូវទឹកប្រកបដោយប្រសិទ្ធភាព តម្លាភាព ចំណេញពេលវេលា និងកាត់បន្ថយការចំណាយផ្សេងៗ ជាពិសេសជួយបង្កើនការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងបង្កើតការងារធ្វើជូនពលរដ្ឋកម្ពុជា៕

ប្រភព៖ វិទ្យុជាតិកម្ពុជា

អត្ថបទទាក់ទង