ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាពន្លឿនការរៀបចំសេចក្តី ព្រាងច្បាប់ស្ដីពីកំពង់ផែឱ្យបានលឿន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 49
កម្ពុជាពន្លឿនការរៀបចំសេចក្តី ព្រាងច្បាប់ស្ដីពីកំពង់ផែឱ្យបានលឿន កម្ពុជាពន្លឿនការរៀបចំសេចក្តី ព្រាងច្បាប់ស្ដីពីកំពង់ផែឱ្យបានលឿន

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្ដីពីកំពង់ផែ ដោយមាន ការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប ក្នុងគោលបំណងពិភាក្សាលើការប្រមូលធាតុចូល ក៏ដូចជាកែសម្រួលអត្ថន័យ ពាក្យពេចន៍ ឃ្លាប្រយោគ អក្ខរាវិរុទ្ធនៃសេចក្តីព្រាងច្បាប់ស្ដីពីកំពង់ផែ ដើម្បីឱ្យការរៀបចំច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយបម្រើឱ្យឧត្ដមប្រយោជន៍ជាតិ។

ថ្លែងទៅកាន់អង្គប្រជុំ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ពីទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៦ ខែកក្កដាម្សិលមិញ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពចាំបាច់នៃច្បាប់ស្តីពីកំពង់ផែ និងប្រព័ន្ធគ្រប់គ្រងកំពង់ផែ ដើម្បីធានាដល់ការអភិវឌ្ឍវិស័យកំពង់ផែប្រកបដោយចីរភាព និងធានាឱ្យបានកាន់តែប្រសើរនូវប្រសិទ្ធភាព និងសមត្ថភាពកំពង់ផែ ដែលអាចផ្ដល់សេវាដល់អ្នកប្រើប្រាស់ប្រកបដោយទំនុកចិត្ត មានភាពងាយស្រួល ឆាប់រហ័ស តម្លៃសមស្រប មានសន្តិសុខនិងសុវត្ថិភាពដល់នាវាទំនិញ និងអ្នកដំណើរ សំដៅចូលរួមចំណែកដល់កិច្ចការពារបរិស្ថាននិងសមត្ថភាពប្រកួតប្រជែងជាមួយកំពង់ផែនៅក្នុងតំបន់ និងអន្តរជាតិ។

លោកទេសរដ្ឋមន្ត្រី បានជំរុញឱ្យក្រុមការងារជំនាញពាក់ព័ន្ធ ចូលរួមផ្តល់ធាតុចូល គំនិត មតិយោបល់ឱ្យបានផុលផុស ដើម្បីបំពេញបន្ថែមទៅលើចំណុចខ្វះខាត នៃសេចក្តីព្រាងច្បាប់នេះ និងបានណែនាំឱ្យក្រុមការងារខិតខំពន្លឿនការរៀបចំសេចក្តីព្រាងច្បាប់នេះឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដើម្បីដាក់ឆ្លងកិច្ចប្រជុំអន្តរក្រសួងនាពេលខាងមុខ។

នៅកម្ពុជា កំពង់ផែទន្លេមានសរុបទាំងអស់ចំនួន៧៨កំពង់ផែ ឋិតនៅតាមដងទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងបណ្ដាខេត្តនានា។ ដោយឡែកកំពង់ផែសមុទ្រមានចំនួន២៧។មុខងារកំពង់ផែទាំងនោះ ត្រូវបានបែងចែកចេញជាកំពង់ផែពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងផែប្រេង ជាដើម និងត្រូវបានគ្រប់គ្រងដោយរដ្ឋផង និងឯកជនផង។ កំពង់ផែទាំង នោះ មានតួនាទីជំរុញសកម្មភាពពាណិជ្ជកម្មគ្រប់ប្រភេទក្នុង ដំណើរការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ តំបន់ និង អន្តរជាតិ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងសាងសង់ចំណតផែកុងតឺន័រ ថ្មីមួយទៀត ដែលមានជម្រៅទឹក១៤,៥ម៉ែត្រ និងប្រវែង៣៥០ម៉ែត្រ ស្ថិតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅដើមឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងការកើនឡើង នៃបរិមាណកុងតឺន័រ ឆ្លងកាត់កំពង់ផែមួយនេះក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។ ចំណតផែកុងតឺន័រថ្មីដែលនឹងត្រូវអភិវឌ្ឍឡើងនោះ អាចធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ៦ម៉ឺនតោន ឬស្មើនឹង៩៣ភាគយ នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ក្រោយការសាងសង់ចំណតផែថ្មីនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងក្លាយទៅជាកំពង់ផែលំដាប់ថ្នាក់ខ្នាតមធ្យម ដែលនឹងមានបរិមាណកុងតឺន័រឆ្លងកាត់លើសពី១លាន TEUs/ឆ្នាំ រីឯតម្លៃដឹកជញ្ជូនតាមសមុទ្រទៅ-មកកម្ពុជា នឹងកាន់តែចុះទាបប្រហាក់ប្រហែលនឹងថ្លៃដឹកជញ្ជូនតាមសមុទ្រនៃប្រទេសជិតខាង ខណៈក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរៀបចំការពង្រីកកំពង់ផែ និងបង្កើតប្រព័ន្ធកំពង់ផែគ្រប់គ្រងទិន្នន័យស្វ័យប្រវត្តិ ហៅកាត់ថា EDI (Electronic Data Intercharge) ដើម្បីជួយសម្រួលដល់នីតិវិធីនាវាចេញចូលកំពង់ផែកម្ពុជាឱ្យកាន់តែលឿន កាត់បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញ តាមផ្លូវសមុទ្រ ការស្តុកទំនិញ និងអាចឆ្លើយតបទៅនឹងកំណើនវិនិយោគពីបរទេស ជាពិសេស សំដៅធ្វើឱ្យកម្ពុជាក្លាយជាទីតាំងយុទ្ធសាស្ត្រមួយ ប្រកបដោយការប្រកួតប្រជែងនៅតំបន់អាស៊ីទាក់ ទងនឹងវិស័យភស្តុភារកម្ម និងការដឹកជញ្ជូន៕

អត្ថបទទាក់ទង