ខ្មែរប៉ុស្ដិ៍ Close

លោកទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល៖ សុខសន្តិភាព និងស្ថិរភាពនយោបាយ រួមចំណែកជួយកម្ពុជាឲ្យរក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧%

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 32

ព្រះសីហនុ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ បានថ្លែងថា សុខសន្តិភាព និងស្ថិរភាពនយោបាយ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយឲ្យកម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយ និងជួយឲ្យប្រជាពលរដ្ឋរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រធ្លាក់ចុះមកនៅប្រហែល ១៣%។

លោកទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានថ្លែងដូច្នេះ ក្នុងពេលអញ្ជើញជាតំណាងរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជួបសំណេះសំណាល និងសាកសួរសុខទុក្ខកម្មករ កម្មការនី បុគ្គលិក និយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ១៣២ នៃទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ៖ «សន្តិភាព ស្ថិរភាព ដើម្បីការងារ និងមុខរបរ»

ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគម្រោងធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលត្រូវអនុវត្តបន្ត និងសមិទ្ធផលសម្រេចបានសំខាន់ៗរួមមាន៖ ការដាក់ឲ្យដំណើរការនាវាដឹកអ្នកដំណើរព្រែកព្នៅ-ក្រុងតាខ្មៅ ការដាក់ឲ្យដំណើរការឡើងវិញនូវផ្លូវដែកពីប៉ោយប៉ែត-សិរីសោភ័ណ-បាត់ដំបង ក្រោយកាត់ផ្តាច់ដោយសង្គ្រាមអស់រយៈពេល ៤៥ឆ្នាំ និងការដាក់ឲ្យដំណើរការផ្លូវដែកពីភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញជាដើម។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់យ៉ាងដូច្នេះ «សុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាកចក្រកម្ពុជា គឺជាកត្តាដ៏សំខាន់មិនអាចខ្វះបានក្នុងការទាក់ទាញវិនិយោគិនពីបរទេសបង្កើតការងារធ្វើជូនកម្មករកម្មការនី ទាក់ទាញអ្នកទេចរណ៍ ស្វែងរកទីផ្សារលក់កសិផល រួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ និងធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រធ្លាក់ចុះមកនៅប្រហែល ១៣% »

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវដល់កម្មករ កម្មការិនី ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសត្រូវរួបរួមគ្នាការពារ និងថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយឲ្យបានគង់វង្ស ដើម្បីកសាងប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើនថែមទៀត។

លោកទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល ក៏បានអំពាវនាវកម្មករ កម្មការិនីទាំងអស់ ត្រូវទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានាពេលឆាប់ៗខាងមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសបន្តបម្រើ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងការកោតសរសើរដល់ថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាលកំពង់ផែ និងមន្ត្រីបុគ្គលិក កម្មករ កំពង់ផែក្រុងព្រះសីហនុផ្ទាល់ អាជ្ញាធរ ដែនដី ព្រមទាំងអង្គការ JICA ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តចូលរួមសហការ ជួយគាំទ្រ បង្ក លក្ខណៈងាយស្រួល ដើម្បីធានាសម្រេចបានជោគជ័យការងារកន្លងមក។

លោកទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើឲ្យថ្នាក់ដឹកនាំ មន្ត្រី កម្មករ បុគ្គលិកកំពង់ផែទាំងអស់ឲ្យបន្តខិតខំបំពេញការងារកាន់តែខ្លាំងក្លាឡើងថែមទៀត រួបរួមគ្នា បង្ហាញសុឆន្ទៈ សមត្ថភាព និងប្រសិទ្ធភាពការងាររបស់ខ្លួនចំពោះមជ្ឍដ្ឋានជាតិនិងអន្តរជាតិ ក្នុងនាមជាកំពង់ផែបម្រើឲ្យវិស័យពាណិជ្ជកម្មអន្តរជាតិយ៉ាងពិតប្រាកដ ធានាបាននូវការជឿទុកចិត្តពីសំណាក់អតិថិជន ៕

អត្ថបទទាក់ទង