ខ្មែរប៉ុស្ដិ៍ Close

អ្នកវិភាគចៅចាក់ស្មុក៖ សម រង្ស៊ី គ្មានភាពក្លាហាននិងឆន្ទៈនយោបាយគ្រប់គ្រាន់ក្នុងការរកអ្នកបន្តវេនដូចគណបក្សប្រជាជនកម្ពុជាឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៤ ខែមករា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 37

រហូតមកដល់ពេលនេះពលរដ្ឋខ្មែរអាចសន្មតបានជាផ្លូវការថា អ្នកនយោបាយចាញចាស់វស្សា សម រង្ស៊ី គ្មានភាពក្លាហានទទួលខុសត្រូវចំពោះសម្តី ដែលខ្លួនបាននិយាយ ហើយក៏មិនហ៊ានទទួលយកការភ្នាល់របស់លោក ហ៊ុន ម៉ាណែត អ្នកនយោបាយបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា និង គ្មានឆន្ទៈនយោបាយគ្រប់គ្រាប់ក្នុងការការរកអ្នកបន្តវេនដូចដែលខ្លួនស្រែកក្តែងៗនោះទេ។

ចរិតនយោបាយមាន់សម្លនេះពិតជាស័ក្តិសមបំផុតដែល សម រង្ស៊ី ត្រូវទទួលបាននូវរហស្សនាមថ្មី «អ្នកនយោ បាយក្របីចាស់» នៅឆ្នាំថ្មីឆ្នាំ២០២២នេះ បន្ថែមទៅលើរហស្សនាមដែលមានពីមុនដូចជា «អ្នកនយោ បាយអង្ករកំប៉ុង អ្នកនយោបាយមាន់ត្រចៀកស អ្នកនយោបាយចាញ់ចាស់វស្សា អ្នកនយោបាយកូន ខ្នុរ»ជាដើម។ ភាពស្ងៀមស្ងាត់របស់ សម រង្ស៊ី ចំពោះសារចំនួន២របស់លោក ហ៊ុន ម៉ាណែត នៅចុង ឆ្នាំ២០២១ ដែលលោកគ្រាន់តែជាការប្រើប្រាស់ សិទ្ធិការពារកិត្តិយសរបស់ខ្លួនគឺជាការបញ្ជាក់យ៉ាងច្បាស់ថា សម រង្ស៊ី ជាជន កំសាកញី និងជា «អ្នកនយោបាយដើមចេក» គ្មានតម្លៃសម្រាប់នយោបាយ កម្ពុជាឡើយ តែនៅមានតម្លៃសម្រាប់ការអនុវត្តច្បាប់ដែលទណ្ឌិត សម រង្ស៊ី កំពុងរត់ចោលគុក។

ថាភាពក្លាហានទៅចុះដែលជាធម្មជាតិ សម រង្ស៊ី គ្មានឡើយ តែសូម្បីតែឆន្ទៈនយោបាយក្នុងការរកអ្នកបន្តវេនក្នុងជំនាន់ថ្មីដើម្បីមកប្រកួតប្រជែងជាមួយ បេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគតរបស់គណបក្ស ប្រជាជនកម្ពុជាក្នុងការបោះឆ្នោត ក៏សម រង្ស៊ី គ្មានដែរ និងថែមទាំងមិនដែលបានគិត ផង ព្រោះអ្នកនយោបាយចាស់វស្សារូបនេះយល់ថាមានតែខ្លួនប៉ុណ្ណោះដែលអាចដឹកនាំក្រុមប្រឆាំងបាន។ សម រង្ស៊ី តែងតែប្រកាសខ្លួនឯងថាជាប្រធានស្តីទី នៃខ្មោចគណបក្សសង្គ្រោះជាតិ តំណែងដែលបានមកពី ការធ្វើបក្សប្រហារប្រឆាំង កឹម សុខា តែដល់ពេលត្រូវរៀបចំអ្នកបន្តវេននយោបាយ សម រង្ស៊ី បន្តក្តោប ក្តាប់អំណាចជាប់។ គេនៅចាំបានថា នៅអំឡុងឆ្នាំ២០១៨ នៅពេលមានកិច្ចប្រជុំក្រុមយុវជនដឹកនាំដោយ យឹម ស៊ីណន និងព្រាប កុល នៅប្រទេសកូរ៉េខាងត្បូង និយាយពីអនាគតអ្នកបន្តវេននៃក្រុមប្រឆាំង ព្រោះ ក្រុមយុវជនទាំងនេះមើលឃើញថាក្រុមអ្នកនយោបាយប្រឆាំងដូច សម រង្ស៊ី គ្មានលទ្ធភាពយកជ័យជម្នះ លើគណបក្សប្រជាជនកម្ពុជាបានឡើយព្រោះចាញ់ចាស់វស្សា និងចាញ់បោសគូថខោជាច្រើនលើកច្រើន សារួចមកហើយ តែពេលនោះ មូរ សុខហួរ អ្នកស្និទ្ធនឹង សម រង្ស៊ី បានលើកឡើងថា «មិនចាំបាច់គិត អ្នកបន្តវេនធ្វើអ្វី បើលោកប្រធាន សម រង្ស៊ី នៅហ្នឹងនៅឡើយ!»។ (sic)

ឥឡូវនេះ ពេលដែលគណបក្សប្រជាជនកម្ពុជា បានរៀបចំរួចរាល់នូវអ្នកបន្តវេនសម្រាប់និរន្តរភាពនៃជ័យជម្នះ សម រង្ស៊ី ក៏នៅតែប្រកាន់ជំហរថា មានខ្លួនគឺគ្រប់គ្រាន់ហើយ មិនចាំបាច់គិតពីអ្នកបន្តវេនទេ ដោយបន្តនិយាយថា «ខ្លួនមានចលនាយុវជនហើយមិនចាំបាច់ជ្រើសរើសផ្លូវការប្រកួតប្រជែងទេយើង សម្គាល់នរណាមានថ្វីដៃមានថ្វីមាត់»។ តើនរណាទៅជាអ្នកបន្តវេនខ្លួន? លោកប៉ាទ្រិក សម កូនប្រុស របស់សម រង្ស៊ី ស៊ន តារា ឬគឹម សុខ? នេះបញ្ជាក់យ៉ាងច្បាស់ថា សម រង្ស៊ី គ្មានបានគិតគូរអ្វីពីអ្នកបន្តវេននោះឡើយ ហើយយុវជនមួយចំនួនដែលជឿជាក់លើសម រង្ស៊ី ក៏ចាប់ ផ្តើមដឹងខ្លួនបណ្តើរៗ
ហើយថាសម រង្ស៊ី គឺជាមនុស្សអត្តទត្ថបុគ្គល គិតតែពីខ្លួនឯង និងមើលគេផ្សេងៗ សុទ្ធតែមិនមានតម្លៃស្មើខ្លួន។

នេះគឺជាគឺជាចរិតអ្នកនយោបាយបែបអភិជន ក្រអឺតក្រទម និងប្រមាថ អ្នកនៅជុំវិញខ្លួន និងជាពិសេសប្រមាថចំពោះយុវជន។ តែសម រង្ស៊ី អាចភ្លេចគិតថា ខ្ញីកាន់តែចាស់ កាន់តែហិរ តែមនុស្សកាន់តែចាស់ដូចសម រង្ស៊ី កាន់តែខ្ញី។ ខ្ញីព្រោះ សម រង្ស៊ី កំពុងត្រូវថ្មោងរបស់លោក ហ៊ុន ម៉ាណែត យុវជនគណបក្សប្រជាជនកម្ពុជា ដែលបានបង្រៀនអ្នកនយោបាយចាស់វស្សាដូច សម រង្ស៊ី ឱ្យចេះធ្វើនយោបាយ និងចេះគោរពភាពត្រឹមត្រូវ និងមានសីលធម៌ និងគុណធម៌ក្នុងការធ្វើនយោបាយ កុំអាង តែមានអណ្តាត គ្រលាស់មិនដឹងមុខមិនដឹងក្រោយ។

តាមពិតទៅអ្នកនយោបាយចាញ់ចាស់វស្សា សម រង្ស៊ី គ្មានឆន្ទៈពិតប្រាកដនិងមិនបានឱ្យតម្លៃយុវជនឡើយ ថែមទាំងគិតថាមានតែខ្លួនម្នាក់គត់ ដែលមានសមត្ថភាពប្រកួតប្រជែង ជាមួយគណបក្សប្រជាជនកម្ពុជា ហើយសូម្បីតែ កឹម សុខា ក៏សម រង្ស៊ី បានប្រមាថថា ជាប់គុកគ្មានប្រយោជន៍ និងជាអាយ៉ងរបស់គណបក្សប្រជាជនកម្ពុជា។ ដោយសារតែជាអ្នកនយោបាយគ្មានយុទ្ធសាស្ត្រ ដើរមួយ ថ្ងៃសម្រាប់មួយថ្ងៃ ទើបធ្វើឱ្យសម រង្ស៊ី ធ្លាក់ខ្លួនពីអ្នកនយោបាយមានបក្សទៅជាអ្នកនយោបាយគ្មានបក្ស ពីអ្នកនយោបាយនៅក្នុងស្រុករហូតដល់ក្លាយខ្លួនជាអ្នកនយោបាយរត់ចោលស្រុក និងធ្វើឱ្យសម រង្ស៊ី ក្លាយខ្លួនពីអ្នកនយោបាយគ្មាន ទោស ទៅជាអ្នកនយោបាយរួតរឹតដោយទោស ក៏ព្រោះតែដោយសារអណ្តាតរបស់ខ្លួន។

ពេលនេះអ្នកដែលធ្លាប់ដើរតាម សម រង្ស៊ី និងជាប់គុកជំនួស សម រង្ស៊ី ពិតជាបានដឹងច្បាស់ថា អ្នកនយោបាយរូបនេះគ្មានភាពក្លាហាន និងឆន្ទៈនយោបាយពិតប្រាកដឡើយ ហើយ អ្នកនយោបាយដើរលើសាកសពអ្នកដទៃដើម្បីបម្រើមហិច្ឆតាអំណាចខ្លួនឯង។

ពលរដ្ឋខ្មែរជាម្ចាស់ឆ្នោតបានកោតសរសើរគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានភាពវៃឈ្លាតប្រកបដោយទេពកោសល្យខ្ពស់ មិនត្រឹមតែមេដឹកនាំដឹកនាំការសង្គ្រោះជាតិ សង្គ្រោះប្រជាជន បញ្ចប់សង្គ្រាមនាំយកសុខសន្តិភាពជូន ជាតិនិងដឹកនាំការអភិវឌ្ឍប្រទេសរីកចម្រើនលើគ្រប់វិស័យ តែសម្តេចតេជោបានគិតពីនិរន្តរភាពនៃការ ថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ បង្កើនការអភិវឌ្ឍតាមរយៈការរៀបចំអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា។ នេះគឺជាភាពឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់មេដឹកនាំកម្ពុជា។

គណបក្សប្រជាជនកម្ពុជាក្នុងនាមជាគណបក្សចាស់ទុំ មានបទពិសោធគ្រប់គ្រាន់លើកិច្ចការនយោបាយ ហើយរហូត មកទល់ពេលនេះ និងទៅអនាគត នឹងគ្មានគណបក្សណាមួយ អាចជំនួសគណបក្សប្រជាជនកម្ពុជាបានឡើយ។

លោក ហ៊ុន ម៉ាណែត ដែលត្រូវបានគណបក្សប្រជាជនកម្ពុជាសម្រេចជាឯកច្ឆ័ន្ទជ្រើសរើស ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ក៏ត្រូវបានទទួលការស្វាគមន៍និងអបអរសាទរគាំទ្រភ្លូក ទឹកភ្លូកដី និងជាកុលបុត្រខ្មែរមួយរូបដែលស័ក្តិសមបំផុតសម្រាប់តំណែងកំពូលនេះ ព្រោះលោកមាន ទាំងចំណេះដឹង សមត្ថភាព បទពិសោធ ចំណេះធ្វើ និងគុណសម្បត្តិគ្រប់គ្រាន់។

ប្រសិនបើក្រុមប្រឆាំងចង់ប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា គួររកអ្នកបន្តវេន ដូចគណបក្សប្រជាជនកម្ពុជា និងបង្ហាញសមត្ថភាពឱ្យប្រជាជនបានឃើញ ដូចបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគតរបស់គណបក្សប្រជាជនបាននិងកំពុងតែបញ្ចេញក្នុងការការពារ និងកសាងជាតិ ហើយប្រកួតប្រជែងគ្នាតាមរយៈការបោះឆ្នោត។ នេះគឺជាភាពក្លាហាន និងជាឆន្ទៈនយោបាយពិតប្រាកដដែលអ្នកនយោបាយ នៃគណបក្សប្រជាជនកម្ពុជាមានក្នុងការបម្រើជាតិ បម្រើប្រជាជនដោយភាព ស្មោះត្រង់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។

អ្នកនយោបាយអង្ករកំប៉ុងដូច សម រង្ស៊ី នេះមិនអាចមានសមត្ថភាពដឹកនាំប្រទេស ឱ្យរីកចម្រើនបានឡើយ សូម្បីតែក្នុងក្រុមប្រឆាំងខ្លួនឯងគ្រប់គ្រងមិនបាន និងគ្មានយុទ្ធសាស្ត្រ និងវិធីសាស្ត្រគ្រប់គ្រងទំនាស់ ការហែកហួរបានផងនោះ។ សម រង្ស៊ី គួរ ដល់ពេលចូលនិវត្តន៍នយោបាយហើយ និងកុំលង់ក្នុងជំងឺតួឯកខ្លួនឯងទៀត ទង្វើដែលសម រង្ស៊ី បាន បន្សល់ទុកក្នុងឆាកនយោបាយខ្មែរជិត ៣០ ឆ្នាំមកនេះ សមល្មមនឹងពលរដ្ឋខ្មែរដឹងច្បាស់ថា សម រង្ស៊ី គឺជាអ្នកនយោបាយចោលម្សៀត និងជាជនចង្រៃជាតិ មានឆន្ទៈនិងសេចក្តីក្លាហាននៅតែលើបបូរមាត់ប៉ុណ្ណោះ តែធាតុពិតគឺជាអ្នកនយោបាយដើមចេក (Politicien de Bannanier)៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២

អត្ថបទទាក់ទង