អ្នកវិភាគ៖ គណៈរដ្ឋមន្រ្តីថ្មី៖ ឈាមចាស់រួមឈាមថ្មីបង្កើតថាមពលថ្មី និងជំនឿថ្មី បម្រើបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា

ដោយ៖ រៀម វណ្ណា​​ | ថ្ងៃពុធ ទី៥ ខែកញ្ញា ឆ្នាំ២០១៨​ | ទស្សនៈ - នយោបាយព័ត៌មានទូទៅ | 0 |
អ្នកវិភាគ៖ គណៈរដ្ឋមន្រ្តីថ្មី៖ ឈាមចាស់រួមឈាមថ្មីបង្កើតថាមពលថ្មី និងជំនឿថ្មី បម្រើបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា អ្នកវិភាគ៖ គណៈរដ្ឋមន្រ្តីថ្មី៖ ឈាមចាស់រួមឈាមថ្មីបង្កើតថាមពលថ្មី និងជំនឿថ្មី បម្រើបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា

ទោះបីជាសភាពការណ៍ស្ងប់ស្ងាត់ ប៉ុន្តែក្នុងចិត្តពលរដ្ឋខ្មែរ ពិតជាចង់ដឹងយ៉ាងអន្ទៈសាថា តើគណៈរដ្ឋមន្ត្រីថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នឹងមានទម្រង់យ៉ាងដូចម្តេច និងឥស្សរជនរូបណាខ្លះដែលនឹងត្រូវទទួលបានសេចក្តីទុកចិត្ត ដឹកនាំស្ថាប័ននានាចំណុះរាជរដ្ឋាភិបាល។

ចម្ងល់ដែលមិនទាន់មានចម្លើយនៅឡើយថា តើឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីដែលជាសមាជិករាជរដ្ឋាភិបាលថ្មី ត្រូវរក្សាទុកនូវរដ្ឋមន្ត្រីចាស់ដដែល ឬត្រូវផ្លាស់ប្តូរថ្មី? តើរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៃក្រសួងនីមួយៗ នឹងត្រូវរក្សានៅដដែលឬត្រូវតែផ្លាស់ប្តូរថ្មី បញ្ចូលកម្លាំងថ្មីឈាមថ្មី ដែលជាយុវជនប្រកបដោយថាមពល និងដ៏សកម្មរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីរៀនសូត្រពីការដឹកនាំ ដកបទពិសោធពីមន្ត្រីដែលមានបទពិសោធយូរ និងត្រៀមខ្លួនបន្តវេនដឹកនាំសម្រាប់ពេលអនាគត?

មន្ត្រីរាជការនៅតាមក្រសួងនានា ក៏រង់ចាំអ៊ុតមើលថា តើរដ្ឋមន្ត្រីរបស់ខ្លួន នៅក្នុងអាណត្តិទី៥ នឹងបន្តការដឹកនាំនៅអាណត្តិទី៦ទៀតដែរឬទេ? អារម្មណ៍ពេលនេះអាចនឹងត្រូវវិលវល់ខ្លះ ប៉ុន្តែគួរតែរង់ចាំលទ្ធផលនៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដែលពេលនោះក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាលសម្រាប់អាណត្តទី៦ នឹងត្រូវបង្កើតឡើង។

អ្វីដែលគេទន្ទឹងរង់ចាំជាងគេគឺក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលថ្មី!

ទោះជារដ្ឋាភិបាលថ្មី មិនទាន់ប្រសូតចេញជារូបរាង ប៉ុន្តែយោងតាមស្ថានភាពនយោបាយនៅកម្ពុជា បច្ចុប្បន្ននេះដែលគណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា កន្លងទៅទទួលបានអាសនៈ ១២៥/១២៥ នៅរដ្ឋសភា ពលរដ្ឋខ្មែរអាចមើលឃើញថា សម្តេចតេជោ ហ៊ុន សែន ដែលនឹងបន្តតំណែង ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៦ នឹងរៀបចំសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលប្រកបដោយភាពសកម្ម ពោរពេញទៅដោយថាមពល និងសមត្ថភាពខ្ពស់ព្រមទាំងមានការ ទទួលខុសត្រូវខ្ពស់ មានគោលនយោបាយដ៏ត្រឹមត្រូវ ដើម្បីឆ្លើយតបនឹងការផ្តល់នូវទំនុកចិត្តរបស់ពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា និងមកលើសម្តេច ក្នុងការដឹកនាំប្រទេស ការពារនូវសុខសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជារកបានដោយពិបាកនេះ។

រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជនកាន់តែខ្លាំងថែមទៀត ដើម្បីសម្រេចឱ្យបាននូវគោលដៅធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ និងដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ច រួមនឹងសេចក្តីសុខរបស់ពលរដ្ឋខ្មែរផងដែរ។

ទី១៖ តើនរណាខ្លះអាចជាសមាជិករដ្ឋាភិបាលអាណត្តិថ្មី?

គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសមាជិកគ្រប់ជាន់ថ្នាក់របស់គណបក្ស។ ទន្ទឹមនឹងការបំពេញ ការងារប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព សមាជិករាជរដ្ឋាភិបាលទាំងអស់ ជាពិសេសរដ្ឋមន្ត្រីនៃក្រសួងនីមួយៗ និងមានតួនាទីជាប្រធានគណបក្សក្រសួងផង បានខិតខំប្រឹងប្រែង និងបានលះបង់ទាំងកម្លាំងក្លាយកម្លាំងបញ្ញា ធនធានដើម្បីទ្រទ្រង់លើការងារបក្សនៅមូលដ្ឋាន ចុះជាប់ជាមួយប្រជាពលរដ្ឋ ជួយដោះស្រាយទុក្ខលំបាកសព្វ បែបយ៉ាងរហូតដល់ពលរដ្ឋនៅតាមមូលដ្ឋានចាត់ទុកថា ជាកូនចៅរបស់ពួកគាត់ផ្ទាល់។ សន្លឹកឆ្នោតដែលពលរដ្ឋខ្មែរបោះជូនគណបក្សប្រជាជនកម្ពុជា ៧៧% គឹបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីគណបក្សទាំងអស់ ដែលខិតខំបម្រើប្រជាពលរដ្ឋ។

ដូច្នេះរដ្ឋមន្ត្រីដែលដឹកនាំក្រសួងអាណត្តទី៥ នឹងអាចត្រូវបានផ្តល់សេចក្តីទុកចិត្តបន្តការដឹកនាំក្រសួងស្ថាប័ន ក្នុងរយៈពេលមួយសមស្របដើម្បីជាការតបស្នងសងគុណ នូវកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋមន្ត្រីទាំងអស់នោះដែលជាប្រធាន ស្ថាប័នដឹកនាំធ្វើកំណែទម្រង់ និងអនុវត្តតាមផែនការយុទ្ធសាស្ត្រនាំឱ្យដំណើរកម្ពុជាបោះឆ្នោះលឿនទៅរកភាពរុងរឿង និងជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ ម្យ៉ាងទៀតការរក្សានូវរដ្ឋមន្ត្រីចាស់ៗមួយចំនួនឱ្យនៅបន្តកាន់តំណែង ដើម្បីរក្សាសាមគ្គីភាពផ្ទៃក្នុង និងជួយបង្ហាត់បង្រៀនធនធានមនុស្សជំនាន់ ក្រោយឱ្យយល់ដឹងពីការងាររាក់ជ្រៅរបស់ក្រសួងស្ថាប័ន ព្រោះការដឹកនាំក្រសួងស្ថាប័នមួយ មិនងាយស្រួលដូចការនិយាយឡើយត្រូវការចាំបាច់នូវបទពិសោធ និងភាពទន់ភ្លន់លើការងារដឹកនាំនិងដោះស្រាយបញ្ហា។ ប៉ុន្តែដូចអាណត្តទី៥ ដែរ ទំនងសម្តេចតេជោ ហ៊ុន សេន ក៏នឹងធ្វើការរើរើគណៈរដ្ឋមន្ត្រីក្នុងករណីចាំបាច់ផងដែរ។

ទី២៖ ឈាមចាស់រួមឈាមថ្មីដើម្បីបុព្វហេតុជាតិមាតុភូមិក្នុងចក្ខុវិស័យវែងឆ្ងាយមួយសម្តេចតេជោ ហ៊ុន សែន ពិតជាបានគិតគូរយ៉ាងហ្មតចត់បំផុតលើអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់បច្ចុប្បន្ន និងតទៅអនាគត។ ឆ្លងតាមរយៈការយកចិត្តទុកដាក់ដ៏ខ្ពស់ និងកំណើននៃធនធានមនុស្សជាយុវជនរបស់គណបក្សប្រជាជនកម្ពុជា យុវជនប្រកប ដោយថាមពល និងចំណេះដឹងខ្ពស់ត្រូវបានរំពឹងថា នឹងលេចមុខច្រើននៅក្នុងឋានៈជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៅតាមក្រសួងនីមួយៗ។ កម្លាំងយុវជនទាំងនេះ គឺជាកម្លាំងចលករយ៉ាងរឹងមាំ និងជាធនាគារខួរក្បាលរបស់ជាតិដែលនឹងត្រូវបានផ្តល់ឱកាសចូលរួមកសាង និងអភិវឌ្ឍជាតិឱ្យរីកចម្រើនរុងរឿងទៅមុខ។ នៅកម្ពុជា យុវជនមានប្រមាណ៦៥% នៃចំនួនប្រជាជនសរុប គឺជាកម្លាំងស្នូលរបស់ប្រទេសជាតិ។

ការបញ្ចូលកម្លាំងយុវជនក្នុងការដឹកនាំប្រទេស គឺជាការគិតគូរគ្រប់ជ្រុងជ្រោយរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបង្កើនសមត្ថភាពដឹកនាំរបស់មនុស្សជំនាន់ក្រោយ និងជាការគិតគូរប្រកបដោយគតិបណ្ឌិតក្នុងការក សាងធនធានមនុស្សប្រកប ដោយចំណេះដឹង និងការទទួលខុសត្រូវដើម្បីបន្តវេនដឹកនាំប្រទេសជាតិ រក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍដែលយុវជនជំនាន់សម្តេចបានលះបង់សព្វបែបយ៉ាង និងយកជីវិតធ្វើជា ដើមទុនដើម្បីប្តូរយកនូវភាពសុខក្សេមក្សាន្ត និងការរីកចម្រើនជូនជាតិដូចសព្វថ្ងៃនេះ។ ការបញ្ចូលឈាមថ្មីនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងដើម្បី៖

ទី១៖ ឆ្លើយតបទៅនឹងសភាពការណ៍ និងដំណើររីកធំធាត់ឥតឈប់ឈរនៃការគាំទ្ររបស់ពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា។ 

ទី២៖ ការបន្តវេនដឹកនាំពីសំណាក់សមាជិកបក្សពីមួយជំនាន់ទៅមួយជំនាន់ទៀត។ 

ទី៣៖ ពង្រីកនិងពង្រឹងសាមគ្គីភាពឱ្យកាន់តែខ្លាំងនូវកម្លាំងដឹកនាំក្រោមដំបូលរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្លាំង ថែមទៀតបម្រើជាតិនិងប្រជាពលរដ្ឋលើគ្រប់វិស័យ។

ទី៤៖ បញ្ចូលឈាមថ្មីដែលជាសមាជិកបក្សវ័យក្មេងប្រកបដោយថាមពល ដើម្បីពង្រឹងកម្លាំងបម្រើនិងកសាងជាតិ។

យុវជនដែលនឹងក្លាយជាថ្នាក់ដឹកនាំក្នុងក្រសួងស្ថាប័ននេះគឺជាឈាមថ្មី ដែលនឹងបញ្ចូលក្នុងចង្កោមក្រុមថ្នាក់ដឹកនាំ នឹងធ្វើឱ្យរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កាន់តែរឹងមាំថែមទៀត ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើនកាន់តែខ្លាំង និងការពារសន្តិភាពនិងស្ថិរភាពនយោបាយបានរឹងមាំ។ នៅក្នុងរយៈពេលកន្លងទៅនេះ ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា បានដឹកនាំការសង្គ្រោះជាតិ និងប្រជាជនចេញពីរបបខ្មែរក្រហមប្រល័យពូជសាសន៍ ស្តារនិងកសាងជាតិមាតុភូមិឡើងវិញ ចេញពីគំនរផេះផង់ ឈាម និងទឹកភ្នែកឱ្យបោះជំហានទៅមុខប្រកបដោយមោទនភាពលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ សហប្រតិបត្តិការ និងការអភិវឌ្ឍ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ជាច្រើនដងរួចមកហើយថា សន្តិភាព ស្ថិរភាពនយោបាយមានភាពរឹងមាំដំណើរការអភិវឌ្ឍសង្គមជាតិ លើគ្រប់វិស័យបន្តរីកចម្រើន ក្នុងសន្ទុះដ៏ខ្លាំងក្លា ជាពិសេសដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋត្រូវបានពង្រឹងដើម្បីធានា ផលប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា។

ប្រការនេះបានឆ្លុះបញ្ចាំងនូវការដឹកនាំដ៏ត្រឹមត្រូវ នៃរាជរដ្ឋាភិបាលព្រមទាំងការចូលរួមដ៏សកម្មរបស់អង្គការចាត់តាំងគណបក្ស និងមន្ត្រីនៅគ្រប់ថ្នាក់ ដែលបានពុះពារអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ។ ប្រឈមនឹងការវិវឌ្ឍថ្មីៗនៃស្ថានការណ៍តំបន់ និងពិភពលោក និងការបង្កឡើងដោយក្រុមប្រឆាំង និងមជ្ឈដ្ឋានអគិតខាងក្រៅ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ចាំបាច់ត្រូវបង្កើនកម្លាំង និងត្រៀមខ្លួនគ្រប់ពេលទាំងអស់។

ដោយសារការគិតគូរគ្រប់ជ្រុងជ្រោយ និងមានយុទ្ធសាស្ត្រ និងផែនការការងារត្រឹមត្រូវ បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបាននូវការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ដើម្បីដឹកនាំប្រទេស ការពារសន្តិភាព និង ការអភិវឌ្ឍដែលកម្ពុជាមាន ហើយរហូតមក ទល់ពេលនេះគឺពលរដ្ឋខ្មែរបានយល់យ៉ាងច្បាស់ថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលមាន សមត្ថភាពឈរជើងការពារសុខសន្តិភាពជូន ប្រជាពលរដ្ឋកម្ពុជាបាន។ ដូច្នេះការបញ្ចូលឈាមថ្មីជាយុវជនក្នុង ជួរថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៅពេលនេះ គឺកាន់តែធ្វើឱ្យរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា កាន់តែខ្លាំងថែមទៀតនៅចំពោះមុខបញ្ហាទាំងឡាយជាអាយុជីវិតរបស់ជាតិ និងផលប្រយោជន៍ប្រជាជន។

ឈាមចាស់រួមឈាមថ្មី បង្កើតថាមពលថ្មី និងជំនឿថ្មី នៅលើគោលដៅចាស់ គឺការបម្រើបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា!

ដោយ៖ ចៅ ចាក់ស្មុក

រាជធានីភ្នំពេញ, ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨

បញ្ចេញមតិ
ពាក្យគន្លឹះទាក់ទង