ខ្មែរប៉ុស្ដិ៍ Close

ចៅចាក់ស្មុក ៖​ គួរបែងចែកឱ្យដាច់ពីគ្នារវាងការស្រឡាញ់បរិស្ថានពិតប្រាកដ និងការយកបរិស្ថាននិងធនធានធម្មជាតិធ្វើនយោបាយតូបនីយកម្មដើម្បីបម្រើមហិច្ឆតាទុច្ចរិតបដិវត្តន៍ពណ៌

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 36
ចៅចាក់ស្មុក ៖​ គួរបែងចែកឱ្យដាច់ពីគ្នារវាងការស្រឡាញ់បរិស្ថានពិតប្រាកដ និងការយកបរិស្ថាននិងធនធានធម្មជាតិធ្វើនយោបាយតូបនីយកម្មដើម្បីបម្រើមហិច្ឆតាទុច្ចរិតបដិវត្តន៍ពណ៌ ចៅចាក់ស្មុក ៖​ គួរបែងចែកឱ្យដាច់ពីគ្នារវាងការស្រឡាញ់បរិស្ថានពិតប្រាកដ និងការយកបរិស្ថាននិងធនធានធម្មជាតិធ្វើនយោបាយតូបនីយកម្មដើម្បីបម្រើមហិច្ឆតាទុច្ចរិតបដិវត្តន៍ពណ៌

ក្រៅពីបញ្ហាព្រំដែន បញ្ហាទឹកដី ជនអន្តោប្រវេសន៍ខុសច្បាប់ដែលអ្នកនយោបាយប្រឆាំងនៅកម្ពុជា និងចៅហ្វាយនាយពួកគេបានប្រើប្រាស់ដុតកំហឹងប្រជាពលរដ្ឋរហូតដល់ទាញកម្ពុជាធ្លាក់ចូលក្នុងភ្នក់ ភ្លើងសង្គ្រាមនៅទសវត្សរ៍ឆ្នាំ១៩៧០ និងអំពើឧក្រិដ្ឋកម្មយង់ឃ្នងខ្មែរក្រហមសម្លាប់ពលរដ្ឋ និងការ អូសបន្លាយសង្គ្រាមស៊ីវិលរហូតដល់ចុងឆ្នាំ១៩៩៨ ឥឡូវនេះ បញ្ហាបរិស្ថាននិងធនធានធម្មជាតិគឺជាលេសដ៏សំខាន់មួយដែលគេបានប្រើប្រាស់ដើម្បីធ្វើជាឈ្នាន់ ឬមូលហេតុញុះញង់ប្រជាពលរដ្ឋក្នុងគោលដៅប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាល។

ដំបងបរិស្ថាននេះក៏ត្រូវបានមហាអំណាចប្រើប្រាស់ដើម្បីបម្រើឱ្យភូមិសាស្ត្រនយោបាយផងដែរ នោះគឺអាមេរិកបានយកបញ្ហាសំណង់ទំនប់វារីអគ្គិសនី និងការប្រើប្រាស់ទឹកនៅដងទន្លមេគង្គដើម្បីប្រឆាំង ប្រទេសចិន។ បញ្ហាបរិស្ថានបច្ចុប្បន្នគឺជារឿងរបស់ពិភព លោក និងរបស់មនុស្សគ្រប់រូប ដូច្នេះគេងាយស្រួលនឹង ច្រឡំរវាងការធ្វើសកម្មភាពស្រឡាញ់បរិស្ថាន និងការយកបរិស្ថានធ្វើនយោបាយតូបនីយកម្មដើម្បីផ្លាស់ប្តូររបបដឹកនាំ ឬការយកឈ្នះលើភូមិសាស្ត្រនយោបាយព្រោះគេបានប្រើរូបភាពនៃការស្រឡាញ់បរិស្ថាន ស្រឡាញ់ធនធានធម្មជាតិ ទាក់ទាញសមានចិត្តពលរដ្ឋបិទបាំងចេតនាទុច្ចរិតរបស់ពួកគេដែលមើលទៅហាក់ដូចជាពួកគេ ស្រឡាញ់បរិស្ថាននិងធនធានធម្មជាតិមែនទែន តែតាម ពិតគ្រាន់តែជាសិល្ប៍វិធី និងជាការសម្តែងឱ្យល្អមើលទាក់ទាញចំណាប់អារម្មណ៍ និងអូសទាញការចូលរួមរបស់ប្រជាពលរដ្ឋដោយមិនដឹងខ្លួនប៉ុណ្ណោះដោយលង់ថាអ្វីដែលពួកគេធ្វើពិតជាក្នុងស្រឡាញ់ពិត និងស្តីបន្ទោស ចងកំហឹងមកលើសមត្ថកិច្ចរដ្ឋាភិបាលករណីមានចំណាត់ការច្បាប់ប្រឆាំងពួកគេ។

តែតាមពិតគឺជាការស្រឡាញ់បរិស្ថាននិងធនធានធម្មជាតិ ក្លែងក្លាយសោះ! ថ្មីៗនេះ កម្លាំងមានសមត្ថកិច្ចបានបក ស្បែកចៀមចេញពីឆ្កែចចកនៃក្រុមចលនាខុសច្បាប់ ដែលបានប្រើប្រាស់លេសស្រឡាញ់បរិស្ថាននិងធនធាន ធម្មជាតិដើម្បីបំពេញមហិច្ឆតាបដិវត្តន៍ពណ៌។ សមត្ថកិច្ចបានបង្ហាញមូលហេតុ៣យ៉ាង ដែលតម្រូវឱ្យសមត្ថកិច្ចចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិ ៣នាក់ដោយសារពួកគេមានអង្គការចាត់តាំងខុសច្បាប់ និងប្រើប្រាស់ហិញ្ញប្បទានភេរវកម្ម។ តាមឯកសារសំណុំរឿង និងភស្តុតាងផ្សេងៗទៀតបង្ហាញថា ពួកក្រុមនេះធ្វើសកម្មភាព ដោយមានអង្គការចាត់តាំងច្បាស់លាស់ ដែលមានជនបរទេសជាអ្នកគូសវាសផែនទីឱ្យធ្វើសកម្មភាព និងប្រតិបិត្តិការ។

ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបានស្រាវជ្រាវ និងរកឃើញភស្តុតាង ៣ចំណុចដូចជា៖

  1. ក្រុមនេះជាក្រុមដែលមានអង្គការចាត់តាំងខុសច្បាប់ និងមានការបញ្ជាពីក្រោយដោយជនបរទេសឈ្មោះ អាឡិចសង់ដ្រូហ្គន់ស្សាឡេស ឌីវិសុន ( Alejandro Gonzalez Davidson) ជាជនជាតិអេស្បាញ
  2. គ្រប់សកម្មភាពរបស់ពួកគេ គឺយកឈ្មោះ និងជ្រកក្រោមស្លាកបរិស្ថាន ប៉ុន្តែដើម្បីបន្លំធ្វើសកម្មភាពប្រមូលយកព័ត៌មាន បញ្ហាផ្សេងៗពាក់ព័ន្ធនឹងបរិស្ថាននេះ ធ្វើជាលេសឈ្នាន់ ឬមូលហេតុញុះញង់ដល់ប្រជាពលរដ្ឋ សាធារណជន ក្នុងគោលដៅប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាល។
  3. ក្រុមនេះធ្វើសកម្មភាព បានដោយសារតែការផ្តល់ហិរញ្ញប្បទានពីខាងក្រៅ ដែលពាក់ព័ន្ធនឹងហិរញ្ញប្បទានភេរវកម្ម ផ្គត់ផ្គង់ដោយមេរបស់ពួកគេជាជនបរទេស។ សមត្ថកិច្ចអះអាងថាការធ្វើសកម្មភាពរបស់ក្រុមនេះកន្លងមក គឺសុទ្ធតែមានផែនការ និងការចង្អុលបង្ហាញរបស់មេខ្លោងពួកគេដែលជាជនបរទេសនៅខាងក្រៅប្រទេសទាំងអស់។

តើនរណាធ្វើឱ្យយុវជនទាំងនេះរងគ្រោះ និងប្រឈមមុខច្បាប់?

នោះ គឺជនបរទេសសញ្ជាតិអេស្បាញឈ្មោះ អាឡិចសង់ដ្រូ ហ្គន់ស្សាឡេស ឌីវិសុន មេចលនាមាតាធម្មជាតិខុសច្បាប់ដែលរាជរដ្ឋាភិបាលបានបណ្តេញចេញពីប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៥មកម៉្លេះ តែជននេះ នៅតែបន្តសកម្មភាពចិញ្ចឹមទំនាស់ និងយកបញ្ហាបរិស្ថាន និងធនធានធម្មជាតិបោកប្រាស់ក្រុមយុវជនដើម្បីធ្វើសកម្មភាពចិញ្ចឹមទំនាស់ បង្កើតវិទ្ធង្សនាប្រឆាំងកម្ពុជាសងសឹកបម្រើឱ្យបុព្វហេតុបដិវត្តន៍ពណ៌ និងបម្រើភូមិសាស្ត្រនយោបាយ។ ទាំងពេលនៅកម្ពុជា និងនៅក្រៅប្រទេសជនបរទេសរូបនេះតែងតែញុះញង់និងបង្កចលាចលក្នុងសង្គម បញ្ឆេះកំហឹងស្អប់ជាតិសាសន៍ដោយប្រើប្រាស់រូបភាពបរិស្ថានជាឡប់ឡែបិទបាំង។ ជននេះបានពង្វក់យុវជនមួយចំនួនដើម្បីឱ្យអនុវត្តផែនការទុច្ចរិតរបស់ខ្លួន។

នៅរៀងរាល់ពេលដែលជននេះនិយាយតាមប្រព័ន្ធ ផ្សព្វផ្សាយបរទេសឧបករណ៍បំពងសំឡេងរបស់ក្រុមឧទ្ទាមនិងចៅហ្វាយនាយរបស់ពួកគេ ជនបរទេសរូបនេះ តែងតែប្រើវោហាសាស្ត្រញុះញង់ជានិច្ច និងបញ្ឆេះកំហឹង ឱ្យពលរដ្ឋងើបបះបោរប្រឆាំងនឹងអាជ្ញាធរនិងបានសហការជាមួយក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសបន្តអនុវត្តផែនការចាស់បំផ្ទុះបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិ បាល។មេចលនាខុសច្បាប់នេះបានប្រើប្រាស់នូវហិរញ្ញប្បទានភេវរកម្មធ្វើសកម្មភាពប្រឆាំងកម្ពុជា ដែលដើរហួសបន្ទាត់នៃកិច្ចការការពារបរិស្ថាន និងធនធានធម្ម ជាតិ។ មើលមួយភ្លែត ពលរដ្ឋយល់ថាជាសកម្មភាពនៃការ ការពារបរិស្ថានធនធានធម្មជាតិ ហេតុអ្វីសមត្ថកិច្ចអនុវត្ត ច្បាប់អ្នកស្រឡាញ់បរិស្ថានដូច្នេះទៅវិញ? នៅពីក្រោយ វាំងនននៃរូបភាពស្រឡាញ់បរិស្ថានក្លែងក្លាយនេះ គឺការអនុវត្តផែនការក្បត់ជាតិ វិទ្ធង្សនាប្រឆាំងកម្ពុជា បំផ្លាញដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំ រាជរដ្ឋាភិបាល និងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្ររបស់ម្ចាស់ជំនួយខ្លួនលើភូមិសាស្ត្រនយោបាយនៅក្នុងតំបន់។

ការដើរហួសបន្ទាត់ក្រហមលើសពីការការពារបរិស្ថានរបស់ជនបរទេសរូប និងការធ្វើសកម្មភាពដោយប្រើឈ្មោះចលនាមាតាធម្មជាតិខុសច្បាប់ និងប្រើប្រាស់ ហិរញ្ញប្បទានភេវរកម្មដើម្បីបន្លំធ្វើសកម្មភាពប្រមូលយកព័ត៌មាន បញ្ហាផ្សេងៗពាក់ព័ន្ធនឹងបរិស្ថានធ្វើជាឈ្នាន់ញុះញង់ប្រជាពលរដ្ឋក្នុងគោលដៅប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាលនេះហើយ ទើបបានធ្វើឱ្យក្រុម យុវជនដែលលង់ក្នុងសិល្បៈលោងលោមបោកប្រាស់ របស់អាឡិច និងក្រុមប្រឆាំងជ្រុលនិយមនិងម្ចាស់ជំនួយបរទេស ហើយបានបម្រើឱ្យកលល្បិចនយោបាយទុច្ចរិត ដោយមិនដឹងខ្លួន។ ក្រុមជនបរទេសនិងក្រុមជ្រុលនិយម ទាំងនេះបញ្ជោរក្រុមយុវជនដែលស៊ីជោរឱ្យធ្វើអ្វីៗដោយបំពានច្បាប់ទម្លាប់ លង់នឹងសម្តីបោកប្រាស់លើកតម្កើងថាជាវីរជនបរិស្ថាន អ្នកស្រឡាញ់បរិស្ថាន។ នេះគឺជាល្បិចកលដ៏ស្មោគគ្រោកដែលអាឡិចនិងបក្ខពួករបស់ខ្លួន បានប្រើប្រាស់ដើម្បីសម្រេចគោលដៅនយោបាយរបស់ខ្លួន។ អ្នកដែលរងគ្រោះពិតប្រាកដនៃអំពើបោកប្រាស់និងល្បិចកលទុច្ចរិតនេះគឺក្រុមយុវជនខ្មែរ។

ការដើរហួសបន្ទាត់ក្រហម និងលង់ក្នុងការញុះញង់នេះហើយហើយដែលធ្វើឱ្យក្រុមយុវជនត្រូវប្រឈមមុខច្បាប់ ជាប់ចោទពីបទផ្សេងៗ។ ចំណែកមេចលនាខុសច្បាប់ និងមេញុះញង់ដូចអាឡិច និងក្រុមជនក្បត់ជាតិដែលនៅក្រៅប្រទេសបន្តមានសេរីភាព និងថែមទាំងកេងចំណេ ញនយោបាយពីការជាប់ទោសទណ្ឌរបស់ក្រុមយុវជនទាំងនេះទៀត។ នេះគឺជាភាពពិសពុលនៃជនបរទេសរូបនេះនិងបក្ខពួកដែលជាសត្វឆ្កែចចកពាក់ស្បែកចៀម មកធ្វើជាស្រឡាញ់កម្ពុជាជាងជនជាតិខ្មែរ ធ្វើជាស្រឡាញ់និងគិតគូរពីបរិស្ថាននិងធនធានធម្មជាតិជាង ជាតិសាសន៍ខ្មែរដែលជាម្ចាស់ ហើយជនជាតិខ្មែរមួយចំនួនដែលមិនបានយល់ពីល្បិចកលរបស់ក្រុមជនបរទេសនិងបក្ខពួកបែរជាថាជាសកម្មភាពស្រឡាញ់បរិស្ថាន និងថាជនបរទេសគិតគូរពីបរិស្ថានកម្ពុជាជាងជនជាតិខ្មែរទៅវិញ។

ប៉ុន្តែល្បិចកលដ៏ស្មោគគ្រោកនិងប្រកបដោយភាពពិសពុលរបស់ពួកគេមិនអាចទទួលបានជោគជ័យបានឡើយ។ ក្រុមជនក្បត់ជាតិនិងបរទេសអមិត្តដែលប៉ុនប៉នបំផ្លាញសន្តិភាពនៅកម្ពុជា ទាញកម្ពុជាធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមឡើងពិតជាមិនអាចទទួលបានជោគជ័យឡើយ។ ទេវតាថែរក្សាស្វេតឆ្ឆ័ត្រ វត្ថុសក្តិសិទ្ធទាំងឡាយដែលតាមថែរក្សាប្រទេសកម្ពុជាពិតជាមិនអនុញ្ញាតឱ្យក្រុមជនក្បត់ជាតិនិងចៅហ្វាយនាយបរទេសពួកគេធ្វើអ្វីតាម អំពើចិត្តឡើយ ហើយក៏មិនអនុញ្ញាតឱ្យពួកគេបំផ្លាញសន្តិភាព ការអភិវឌ្ឍដែលកម្ពុជារកបានដោយពិបាកនេះសាជាថ្មីម្តងទៀតឡើយ។ ទម្រាំកម្ពុជាបានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍដូចសព្វថ្ងៃនេះពិតជាបានឆ្លងកាត់នូវសោកនាដកម្មយ៉ាងច្រើនរាប់មិនអស់ហើយកាលពី ៤៤ ឆ្នាំមុនគឺថ្ងៃទី២០ ខែមិថុនាថ្នាក់ដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើដើមទុនដើម្បីរំដោះជាតិនិងប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍និងនាំយកសុខសន្តិភាពនិងការអភិវឌ្ឍដល់កម្ពុជា។

កម្លាំងមានសមត្ថកិច្ច មានសិទ្ធិស្របច្បាប់ដើម្បីការពារសន្តិភាព ការពារស្ថិរភាពជាតិ និងសេចក្តីសុខ និងការអភិវឌ្ឍកម្ពុជាដោយអនុវត្តច្បាប់ប្រឆាំងក្រុមជនបំផ្លាញជាតិ និងកម្ចាត់ជនក្បត់ និងបន្តបកអាក្រាតកលល្បិចទុច្ចរិតរបស់ក្រុមជនក្បត់ដើម្បីពលរដ្ឋខ្មែរបានដឹង។ ដូច្នេះពលរដ្ឋខ្មែរគួរបែងចែកឱ្យដាច់ពីគ្នារវាងការស្រឡាញ់បរិស្ថានពិតប្រាកដ និងការយកបរិស្ថាននិងធនធានធម្មជាតិធ្វើនយោបាយតូបនីយកម្មដើម្បីបម្រើមហិច្ឆតាទុច្ចរិតបដិវត្តន៍ពណ៌ នោះយើងនឹងឃើញថាក្រុមជនមួយចំនួនរួមនឹងបរទេសខ្លះដែលថាខ្លួនស្រឡាញ់ខ្មែរ ចង់ជួយខ្មែរការពារបរិស្ថាន ការពារធនធានធម្មជាតិគឺគ្រាន់តែជាលេសបិទបាំងល្បិចកលទុច្ចរិតពួកគេប៉ុណ្ណោះហើយអ្នកដែលរងគ្រោះគឺអ្នកដើរតាមការញុះញង់ពួកគេទាំងងងឹតងងុល លង់នឹងពាក្យបញ្ជោរជាវីរជនបរិស្ថាន ឬអ្នកស្រឡាញ់បរិស្ថាន៕

ដោយ:ចៅចាក់ស្មុក

រាជធានីភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១

អត្ថបទទាក់ទង