សម្តេចតេជោ ហ៊ុន សែន៖ បើគ្មានសន្តិភាពទេ កម្ពុជាមិនអាចមានការអភិវឌ្ឍបានឡើយ
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានសុខសន្តិភាពនោះទេ ប្រទេសកម្ពុជាមិនអាចមានការអភិវឌ្ឍបានឡើយ ហើយក៏គ្មានទេសចរណាមកដើរលេងនៅក្រោមគ្រាប់ផ្លោង ដើរកាត់ចំការមីននោះដែរ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ( ២៩-ធ្នូ-១៩៩៨ – ២៩-ធ្នូ-២០២១)។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កត្តាសន្តិភាពមានអត្ថប្រយោជន៍ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា មិនមែនសំខាន់សម្រាប់តែគណបក្សប្រជាជនកម្ពុជានោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីការបិទបញ្ចប់នូវជម្លោះប្រដាប់អាវុធ រវាងខ្មែរនិងខ្មែរ ដោយប្រើប្រាស់នយោបាយឈ្នះឈ្នះនាំយកនូវសុខសន្តិភាពជូនជាតិនិងប្រជាជនកម្ពុជា ដែលយើងមិនដែលធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត៥០០ឆ្នាំ៕