ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករនៅស្រុកស្អាង និងកោះធំ ១៦,៤៧៤នាក់!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 64
ប្រសាសន៍សំខាន់ៗរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករនៅស្រុកស្អាង និងកោះធំ ១៦,៤៧៤នាក់! ប្រសាសន៍សំខាន់ៗរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករនៅស្រុកស្អាង និងកោះធំ ១៦,៤៧៤នាក់!

នៅព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៨ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ ១៦,៤៧៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន១០មកពីតំបន់នានាស្ថិតក្នុងស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល។

ប្រសាសន៍សំខាន់ៗរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន មានដូចខាងក្រោម÷

  1. ទី១- លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ​សម្ដែងការរីករាយដែលលោកបានចូលរួមក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅពេលនេះ។
  2. ទី២- លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា ការចុះសំណេះសំណាលជាមួយកម្មករ នឹងផ្អាកក្នុងពេលធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត។ តែបន្ទាប់ពីថ្ងៃនោះ លោកនឹងអញ្ជើញចុះជួបបន្តទៀតក្នុងក្របខណ្ឌទូទាំងប្រទេស។
  3. ទី៣- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាចនឹងមានអ្នកឆ្ងល់ថា ហេតុអ្វីបានជាលោកទើបមានជំនួបជាមួយកម្មករ កម្មការិនីក្នុងពេលបច្ចុប្បន្ននេះ។ ចម្ងល់នេះ លោកបានបញ្ជាក់ថា ស្ថានភាពប្រទេសខុសគ្នាទៅតាមសម័យកាល ដែលតម្រូវឲ្យលោកត្រូវបង្ហាញមុខ នៅតាមទីកន្លែងផ្សេងៗគ្នា តាមសម័យកាលរបស់កម្ពុជាផងដែរ។
  4. ទី៤- លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបញ្ជាក់ថា ក្នុងដំណាក់កាលប្រទេសត្រូវរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត គេក៏ឃើញវត្តមានរបស់លោកនៅលើសមរភូមិ ក្នុងដំណាក់កាលចរចា គេក៏ឃើញវត្តមានរបស់លោកនៅលើតុចរចា ដើម្បីនាំមកនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ។ ក្នុងពេលប្រទេសកម្ពុជាជួបគ្រោះខ្វះខាតអាហារ គេក៏ឃើញវត្តមានរបស់លោកនៅតាមវាលស្រែ ដើម្បីជំរុញការបង្កបង្កើនផល។
  5. ទី៥- លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ថ្លែងថា កាលពីមុនសម្តេចចំណាយពេលច្រើនជាមួយកសិករ និងនៅតាមប្រឡាយទឹក ព្រោះជាពេលដែលកម្ពុជាជំរុញការផលិតស្បៀង តែបច្ចុប្បន្នកម្ពុជាសល់ស្រូវ៥.៦លានតោន សម្រាប់ការនាំចេញ។ ការធ្វើកសិកម្មតែមួយមុខ មិនអាចគ្រប់គ្រាន់នោះទេ ទើបត្រូវជំរុញវិស័យឧស្សាហកម្មបន្ថែមទៀត។ ព្រោះតែការជំរុញនូវវិស័យឧស្សាហកម្មនេះហើយ ទើបតម្រូវឲ្យលោកចុះជួបជាបន្តបន្ទាប់ជាមួយបងប្អូនកម្មករ កម្មការិនី។
  6. ទី៦- លោកនាយករដ្ឋមន្រ្ដី ហ៊ុន​ សែន បានថ្លែងថា ពីអតីតកាលកម្ពុជាប្រឹងពង្រាយសាលាទៅតាមភូមិ ដែលបានសាងសង់ឡើងដោយរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែបច្ចុប្បន្នយកចិត្តទុកដាក់ពង្រាយរោងចក្រ នៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានការងារកាន់តែល្អប្រសើរ។ បើមិនមានការពង្រាយរោងចក្រមកដល់ភូមិឋាន របស់ប្រជាពលរដ្ឋទេ គឺកូនប្រជាពលរដ្ឋនឹងត្រូវចំណាយពេលទៅធ្វើការ នៅរាជធានីភ្នំពេញ ឬអាចនឹងត្រូវនៅធ្វើស្រែចំការជាមួយឪពុកម្តាយ មិនបានទទួលបានប្រាក់ខែខ្ពស់ដូចបច្ចុប្បន្នឡើយ។ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន មិនមែនមានគោលនយោបាយអភិវឌ្ឍន៍ តែរាជធានីភ្នំពេញនោះទេ តែក៏បានយកចិត្តទុកដាក់នៅតាមបណ្តាខេត្ត ដែលមានសក្តានុពល។ រាជរដ្ឋាភិបាលរបស់លោក បានរៀបចំគោលនយោបាយពង្រាយរោងចក្រចេញពីទីក្រុង ទៅតាមបណ្តាខេត្តតាំងពីឆ្នាំ ១៩៩៦ មកម្ល៉េះ។ ការបង្កើតរោងចក្រនៅតាមបណ្តាខេត្តនេះ បានបង្កលក្ខណៈងាយស្រួលដល់កម្មករ កម្មការិនី មិនបាច់ជួលផ្ទះគេសម្រាប់ស្នាក់នៅនោះទេ ពោលអាចទៅស្នាក់នៅផ្ទះខ្លួនឯង ដែលជាការរួមចំណែកកាត់បន្ថយការចំណាយមួយផ្នែកធំ។
  7. ទី៧- លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ទៀតថ្លែងថា គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា មិនមែនធ្វើឡើងតាមរបៀបឆក់កណ្តៀតនោះទេ។
  8. ទី៨- លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ថ្លែងថា នយោបាយអនុញ្ញាតឲ្យកម្មការិនីឈប់សម្រាក ពេលសម្រាលកូនទទួលប្រាក់ឈ្នួលរហូតដល់ ១២០% មិនមានប្រទេសណាអនុវត្តន៍ដូចកម្ពុជានោះទេ សូម្បីតែប្រទេសបិតាប្រជាធិបតេយ្យ ដូចជាអាមេរិកក៏ដោយ។
  9. ទី៩- លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ មក មានកម្មការិនីសម្រាលកូនចំនួន ២២,៧១៩នាក់ មានចំនួនកូន ២២,៨៩៩នាក់ ហើយបានទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលសរុបជាង៩.១ប៊ីលានរៀល។ ការឧបត្ថម្ភថវិកាសម្រាប់ស្រ្តីពេលសម្រាលកូន មិនមែនចង់ធ្វើសម្រាប់តែស្រ្តីជាមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងកម្មការិនីនោះទេ ពោលគឺលោកចង់ធ្វើនៅក្របខណ្ឌទូទាំងប្រទេសតែម្តង។
  10. ទី១០- លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា លោកមិនមែនជាអ្នកប្រជាភិថុតិទេ តែជាអ្នកធ្វើអ្វីមួយប្រកបដោយភាពច្បាស់លាស់។
  11. ទី១១- លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា ប្រាក់ឈ្នួលក្នុងវិស័យវាយណភណ្ឌកាត់ដេរ របស់កម្ពុជា នាពេលបច្ចុប្បន្នខ្ពស់ ជាងបណ្តាប្រទេសមួយចំនួន ដែលក្នុងនោះរួមមាន÷ បង់ក្លាដែសមានត្រឹម ៦៧ដុល្លារ ស្រីលង្កា ៦៧ដុល្លារ ឥណ្ឌា ៦៧ដុល្លារ ទៅ ១៤៣ដុល្លារ មីយ៉ាន់ម៉ា ១០៨ដុល្លារ ឥណ្ឌូណេស៊ី ១០៧ដុល្លារ ទៅ២០៧ដុល្លារ វៀតណាម ១៣៨ដុល្លារ ឡាវ ១៣៣ដុល្លារ និងប៉ាគីស្ថាន ១៣៤ដុល្លារ។
  12. ទី១២- លោកនាយករដ្ឋមន្រ្ដី ហ៊ុន​ សែន បានប្រកាសដាច់ខាតថា មិនត្រូវអនុញ្ញាតឲ្យមានបងតូចបងធំនៅក្នុងរោងចក្រនោះទេ។
  13. ទី១៣- លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បញ្ជាក់ថា ត្រូវមានការគោរពសិទ្ធិចំពោះអ្នកធ្វើកូដកម្ម បាតុកម្ម ប៉ុន្តែអ្នកធ្វើបាតុកម្ម និងកូដកម្ម ត្រូវតែគោរពសិទ្ធិសេរីភាពរបស់កម្មករ កម្មការិនី ដែលកំពុងធ្វើការផង។
  14. ទី១៤- លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទសួរចំពោះបញ្ហារបស់កម្មករ កម្មការិនីនៅតាមរោងចក្រមួយចំនួន ដែលកំពុងធ្វើកូដកម្ម និងបាតុកម្មរឿងថៅកែរោងចក្ររត់ចោល។ លោកបានជំរុញឲ្យដោះស្រាយបញ្ចប់រឿងនេះ មិនត្រូវនៅអង្គុយបក់ផ្សែងនោះទេ ព្រោះលោកបានបញ្ចេញសាច់ប្រាក់បុរេប្រទាន សម្រាប់ដោះស្រាយហើយ ម្តេចដោះស្រាយមិនទាន់ចាប់ ប្រសិនបើខ្វះថវិកាត្រូវបញ្ចេញថវិកាទៅដោះស្រាយ។
  15. ទី១៥- លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា វិសោធនកម្មច្បាប់ស្តីពីការងារ នឹងកំណត់ឲ្យមានការដោះស្រាយប្រាក់អតីតភាពការងាររបស់កម្មករ កម្មការិនីក្នុងរយៈពេល៦ខែម្តង ការកំណត់បែបនេះ ដើម្បីទប់ស្កាត់ពុតត្បុតខិលខូច របស់ថៅកែមួយចំនួន នៅពេលប្រាក់អតីតភាពការងាររបស់កម្មករ កម្មការិនីច្រើន ក៏រត់ចោលតែម្តង។
  16. ទី១៦- លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ការមានការងារធ្វើ និងធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរនេះ គឺបានមកពីប្រទេសមានសុខសន្តិភាព មិនមែនបានមកពីប្រទេស ដែលមានភ្លើងសង្គ្រាមនោះទេ។
  17. ទី១៧- លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា ការអភិវឌ្ឍនៅកម្ពុជា បានផ្សារភ្ជាប់ជាមួយលោក និងគណបក្សប្រជាជនកម្ពុជា ហើយដើម្បីធានាការអភិវឌ្ឍនេះ ត្រូវបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
  18. ទី១៨- លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានហៅការឃោសនារបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិចថា នឹងដោះស្រាយបញ្ហាបំណុលជូនប្រជាពលរដ្ឋ គឺជាការឃោសនាបោកប្រាស់។ សម្តេចក្រុមព្រះ ទើបតែសរសេរសំបុត្រមកខ្ចីលុយរបស់សម្តេចសោះ បែរជាទៅសន្យាដោះស្រាយបំណុល ជូនប្រជាពលរដ្ឋពេលឈ្នះឆ្នោត ដែលការឃោសនាបែបនេះ ជាការបោកប្រាស់ប្រជាពលរដ្ឋ។ សម្តេចក្រុមព្រះនោះ ទើបនឹងបានសរសេរសំបុត្រមកខ្ចីថវិកាសម្តេចជាង១លានដុល្លារ ហើយសន្យាថាបោះឆ្នោតហើយនឹងសងវិញ។
  19. ទី១៩- លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់គណបក្សប្រជាជនអត់ហ៊ានសន្យាទេ ប៉ុន្តែបានដាក់ចេញកម្មវិធីនយោបាយមួយដ៏ជាក់លាក់ ដើម្បីធានាដល់និរន្តភាពរបស់សង្គម។ ការបោកប្រាស់ណាមួយ មិនគួរយកមកលេងជាល្បែង សម្រាប់ប្រជាពលរដ្ឋ ដែលនាំឲ្យអន្តរាយដល់សង្គមនោះទេ។
  20. ទី២០- លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពាររបបរាជានិយមនៅកម្ពុជា។ ការថ្លែងបញ្ជាក់បែបនេះ បន្ទាប់ពីមានគណបក្សនយោបាយមួយចំនួន បានយករបបរាជានិយមជាកម្មសិទ្ធិផ្តាច់មុខ។ ការការពាររបបរាជានិយម មិនអាចឲ្យបក្សណាមួយផ្តាច់មុខនោះទេ គឺត្រូវមានការចូលរួមពីគ្រប់គណបក្សនយោបាយ និងប្រជាពលរដ្ឋ។ ការឃោសនា យករបបរាជានិយមជាកម្មសិទ្ធិផ្តាច់មុខ របស់គណបក្សនយោបាយមួយចំនួន នឹងក្លាយទៅជាការបន្ទាបតម្លៃស្ថាប័នព្រះមហាក្សត្រ នៅពេលដែលបក្សនោះឃោសនាបែបនេះ ហើយបែរជាគ្មានការគាំទ្រ។ ការឃោសនាសងបំណុលពេលជាប់ឆ្នោត គឺនៅលើលោកនេះគ្មានទេ នេះជាការឃោសនាបោកប្រាស់ប្រជាពលរដ្ឋ ដូច្នេះសម្តេចត្រូវតែទម្លាយរឿងនេះ។
  21. ទី២១- លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ការចាប់បានលេខរៀងទី២០នេះ គឺងាយចាំ ងាយគិត និងងាយគូសណាស់។ ការចាប់បានលេខ ២០ នេះ ហាក់ដូចជាគាប់ជួនខ្លាំងណាស់ ព្រោះឆ្នាំនេះជាខួប២០ឆ្នាំនៃការរកបានសន្តិភាពទាំងស្រុង និងខួប២០ឆ្នាំ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យ ដោយក្រុមខ្មែរក្រហមដឹកនាំដោយលោក ខៀវ សំផន បានដឹកនាំគ្នាមកចុះចូលជាមួយសម្តេចដល់ផ្ទះតែម្តង។ លេខរៀងទី២០នេះ គឺជាលេខកូនពៅ ដែលតាមទំនៀមទម្លាប់ខ្មែរកូនពៅ តែងតែនៅថែរក្សាឪពុកម្តាយ។ ដូច្នេះ សម្តេចជឿថា លេខរៀងកូនពៅនេះ នឹងនៅរួមរស់ជាមួយប្រជាពលរដ្ឋកម្ពុជាបន្តទៅទៀត។
  22. ទី២២- លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន លើកឡើងថា សម្ដេចនឹងបន្ដដឹកនាំប្រទេសក្នុងឋានៈជានាយករដ្ឋមន្ដ្រី យ៉ាងតិច១០ឆ្នាំទៀត ហើយសម្ដេចសង្ឃឹមថា កម្មករ កម្មការិនី នឹងបន្ដបោះឆ្នោតគាំទ្រសម្ដេច៕

អត្ថបទទាក់ទង