ខ្មែរប៉ុស្ដិ៍ Close

ជប៉ុននឹងផ្តល់ជំនួយវ៉ាក់សាំង AstraZeneca ប្រមាណ ៣០ម៉ឺនដូសបន្ថែមទៀតដល់កម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 48
ជប៉ុននឹងផ្តល់ជំនួយវ៉ាក់សាំង AstraZeneca ប្រមាណ ៣០ម៉ឺនដូសបន្ថែមទៀតដល់កម្ពុជា ជប៉ុននឹងផ្តល់ជំនួយវ៉ាក់សាំង AstraZeneca ប្រមាណ ៣០ម៉ឺនដូសបន្ថែមទៀតដល់កម្ពុជា

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុននឹងផ្តល់ជំនួយវ៉ាក់សាំងAstraZeneca ចំនួនប្រមាណ៣០ម៉ឺនដូសដល់កម្ពុជា បន្ថែមពីលើវ៉ាក់សាំងប្រមាណ១ លានដូសដែលបានផ្តល់ជូនរួចរាល់។

វ៉ាក់សាំងដែលត្រូវបានផ្តល់អាជ្ញាបណ្ណផលិតក្នុងប្រទេសជប៉ុន នឹងត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញនៅថ្ងៃទី១៩ ខែធ្នូខាងមុខនេះ ក្រោមការរៀបចំភ័ស្តុភារដោយ COVAX Facility និងគាំទ្រដោយអង្គការយូនីសេហ្វ និងអង្គការសុខភាពពិភពលោក។នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ សង្ឃឹមថា ជំនួយនេះនឹងរួមចំណែកបន្ថែមទៀតដល់ជំហានឆ្ពោះទៅរកការងើបឡើងវិញនៃសង្គម និងសេដ្ឋកិច្ច ក៏ដូចជាកាត់បន្ថយការព្រួយបារម្ភមួយចំនួនរបស់ប្រជាជនកម្ពុជា។ ប្រឈមមុខនឹងការរីករាលដាលនៃមេរោគឆ្លងថ្មីដែលពិភពលោកកំពុងជួបប្រទះនេះ ការចាក់វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធសុខាភិបាល គឺជាអាទិភាពចំបងសម្រាប់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយសរុបប្រមាណ ច្រើនជាង៦០លានដុល្លារអាមេរិកដល់កម្ពុជាដែលរួមមានការផ្តល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រតាមរយៈអង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជំងឺតាមព្រំដែន ក៏ដូចជាការផ្តល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឱ្យបានត្រឹមត្រូវផងដែរ។ ជាមួយគ្នានេះ ក៏បានផ្តល់ជាកម្ចីប្រមាណ២២៧លានដុល្លារអាមេរិក ដែលត្រូវបានយកទៅប្រើប្រាស់ក្នុងការគាំទ្រហិរញ្ញវត្ថុដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល៕

ប្រភព៖ វិទ្យុជាតិកម្ពុជា

អត្ថបទទាក់ទង