ខ្មែរប៉ុស្ដិ៍ Close

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយលេខាធិការនៃក្រុមសន្តិសុខនៃសហព័ន្ធរុស្ស៊ី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 24

នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម NIKOLAI PATRUSHEV លេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ី។

នៅក្នុងជំនួបនោះ ឯកឧត្តម NIKOLAI PATRUSHEV បានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខ ពីឯកឧត្តមប្រធានាធិបតីរុស្ស៊ី Vladimir Putin គោរពជូនសម្ដេចតេជោ ហើយក៏បាននាំមកជាមួយនូវគ្រឿងឥស្សរិយយសថ្នាក់មិត្តភាព ជូនចំពោះសម្ដេចតេជោសម្រាប់ការចូលរួមចំណែកដើរតួរយ៉ាងសំខាន់ក្នុងការរក្សាពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-រុស្ស៊ី។ ឯកឧត្តមក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោអំពីវឌ្ឍនភាព កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរចំពោះវិស័យការពារជាតិ សង្គមកិច្ច អប់រំ សេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល បច្ចេកវិទ្យា សន្តិសុខ ការផ្លាស់ប្ដូរព័ត៌មាន និងវិស័យដទៃទៀត។ ឯកឧត្តមក៏បានជម្រាបជូនសម្តេចតេជោថា ឯកឧត្តមនឹងខិតខំសហការជាមួយកម្ពុជាធ្វើយ៉ាងណាពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរីកធំធាត់បន្ថែមទៀត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម NIKOLAI PATRUSHEV តាមរយៈការផ្ដាំផ្ញើរសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតីរុស្ស៊ី Vladimir Putin និងបាននាំមកជាមួយនូវគ្រឿងឥស្សរិយយសថ្នាក់មិត្តភាព ដែលជាគ្រឿងឥស្សរិយយសថ្នាក់រដ្ឋជូនដល់សម្ដេចនៅពេលនេះ។ សម្ដេចតេជោក៏បានឯកភាពចំពោះការវាយតម្លៃ របស់ឯកឧត្តមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សម្ដេចតេជោក៏បានលើកទឹកចិត្តចំពោះឯកឧត្តម NIKOLAI PATRUSHEV ថា ក្រៅពីកិច្ចសហប្រតិបត្តិការដែលមានស្រាប់គប្បីណាពិនិត្យមើលលទ្ធភាពក្នុងការពង្រីក កិច្ចសហប្រតិបត្តិការទៅលើវិស័យដទៃទៀត ដូចជាការបើកឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងក្នុងក្របខ័ណ្ខទ្វេភាគី និងក្របខណ្ឌពហុភាគី ជាមួយនឹងការសិក្សាផ្ទេរសម្ភារៈបំពាក់រោងជាង ជួសជុល គ្រឿងចក្រ និងសម្ភារៈ ក្នុងព្រះរាជាណាចក្រកម្ពុជាផង។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃអតីតសហភាពសូវៀត និងសហព័ន្ធរុស្ស៊ី ចំពោះការគាំទ្រ និងជំនួយជាច្រើន ដែលមានតម្លៃ ដែលបានផ្ដល់ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាក្នុងគ្រាដ៏លំបាកនាពេលកន្លងមក៕

អត្ថបទទាក់ទង