សហភាពអឺរ៉ុបកំពុងងាកទៅវាយប្រហារលើប្រទេសចិន
ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនបានជំរុញឱ្យមានភាពតានតឹងរវាងសហភាពអឺរ៉ុបនិងចិន ហើយជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរបស់ពួកគេ ទីក្រុងព្រុចស៊ែលបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្កការវាយប្រហារ។
ប្រទេសដែលមាន សេដ្ឋកិច្ចធំជាងគេលំដាប់ទី២ និងទី៣ របស់ពិភពលោកបានឈានទៅប្រឈមមុខដាក់គ្នាចាប់តាំងពីខែមីនា ឆ្នាំ២០២១ នៅពេលដែលសភាអឺរ៉ុបបានបញ្ឈប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទូលំទូលាយស្តីពីការវិនិយោគ ដោយសារតែបញ្ហាសិទ្ធិមនុស្ស។ ចាប់តាំងពីកងកម្លាំងរុស្ស៊ីបានឈ្លានពានចូលអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈ ទំនាក់ទំនងរវាងភាគីទាំង២ បានបន្តធ្លាក់ចុះកាន់តែខ្លាំង ហើយវាហាក់ដូចជាមានក្តីសង្ឃឹមតិចតួចណាស់ ចំពោះការផ្សះផ្សាគ្នាឡើងវិញ។
ទីក្រុងព្រុចស៊ែល មានការខឹងសម្បារចំពោះការបដិសេធរបស់ចិនក្នុងការថ្កោលទោសលើការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។ នៅពេលសង្រ្គាមចាប់ផ្តើមដំបូងមន្ត្រីសហភាពអឺរ៉ុបបានសម្តែងនូវក្តីសង្ឃឹមថា «ប្រទេសចិននឹងជួយសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាព» ក៏ប៉ុន្តែជំនួបកំពូលតាមប្រព័ន្ធអនឡាញរវាងមេដឹកនាំសហភាពអឺរ៉ុបនិងប្រធានាធិបតីចិន Xi Jinping នៅថ្ងៃទី ០១ ខែមេសា បានលុបចោលនូវការរំពឹងទុកទាំងនេះ។
សំខាន់ជាងនេះទៅទៀតនោះគឺ «សង្រ្គាមនៅអ៊ុយក្រែនបានបង្ខំឱ្យអឺរ៉ុបចាប់ផ្តើមការគិតគូផ្នែកភូមិសាស្ត្រនយោបាយជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩១»។ ការរំពឹងទុកអំពីកំណើនរបស់បណ្តាប្រទេស EU សម្រាប់ឆ្នាំ ២០២២ ត្រូវបានកាត់បន្ថយចំពេលតម្លៃថាមពលបាននិងកំពុងកើនឡើង។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ គណៈកម្មការអឺរ៉ុបបានដាក់ចេញនូវគោលនយោបាយប្រកបដោយមហិច្ឆតាមួយដើម្បីកាត់បន្ថយទំនាក់ទំនងសេដ្ឋកិច្ចចេញពីប្រទេសចិន។ មនុស្សមួយចំនួនបានព្យាករណ៍អំពីសង្គ្រាម នៅពេលដែលយន្តការប្រឆាំងនឹងការបង្ខិតបង្ខំដែលនឹងអនុញ្ញាតឱ្យទីក្រុងព្រុចស៊ែលដាក់ចេញនូវវិធានការសងសឹកផ្នែកពាណិជ្ជកម្មលើការនាំចូលពីប្រទេសដែលអនុវត្តការបង្ខិតបង្ខំសេដ្ឋកិច្ចលើរដ្ឋជាសមាជិកសហភាពអឺរ៉ុប ត្រូវបានដាក់ចេញដោយគណៈកម្មការអឺរ៉ុបនៅក្នុងខែធ្នូ ឆ្នាំ ២០២១។
យន្តការនេះបានផ្តោតគោលដៅយ៉ាងច្បាស់លើប្រទេសចិន ដែលនៅក្នុងឆ្នាំ ២០២១ បានដាក់ប្រទេសលីទុយអានីនៅក្រោមការហ៊ុមព័ទ្ធពាណិជ្ជកម្ម បន្ទាប់ពីទីក្រុង Vilnius បានអនុញ្ញាតឱ្យតៃវ៉ាន់បើកការិយាល័យតំណាងនៅក្នុងប្រទេស។ ប៉ុន្តែគំនិតផ្តួចផ្តើមគោលនយោបាយថ្មីដែលផ្តោតលើចិនរបស់គណៈកម្មការអឺរ៉ុប ភាគច្រើនត្រូវបានលុបចោលវិញនៅក្រោយថ្ងៃទី ២៤ ខែកុម្ភៈ។
នៅក្នុងខែឧសភា នៅក្នុងកិច្ចប្រជុំកំពូលរវាងសហភាពអឺរ៉ុបនិងជប៉ុន ទីក្រុងព្រុចស៊ែលនិងតូក្យូ បានសន្យាថានឹងធ្វើឱ្យការផ្លាស់ប្តូររវាងគ្នាឱ្យបានកាន់តែស៊ីជម្រៅពាក់ព័ន្ធនឹងប្រទេសចិន ជាពិសេសនៅក្នុងផ្នែកថាមវន្តសន្តិសុខ។ នៅក្នុងខែដដែលនោះ ទីក្រុងព្រុចស៊ែល បានប្រកាសថា «ខ្លួននឹងពង្រឹងកិច្ចពិភាក្សាផ្នែកពាណិជ្ជកម្មជាមួយតៃវ៉ាន់នៅក្នុងខែមិថុនា» ដែលទំនងជាមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងតៃវ៉ាន់នៅក្នុងការផលិតបន្ទះអេឡិចត្រូនិក (Semiconductor)។
ជាក់ស្តែង សហភាពអឺរ៉ុបមានឆន្ទៈក្នុងការបង្កើតឱ្យមានកិច្ចពិភាក្សាឡើងវិញលើការជំរុញទំនាក់ទំនងជាមួយតៃវ៉ាន់ ដោយមិនខ្វល់អំពីប្រតិកម្មរបស់ចិន ខណៈដែលសំណើបែបនេះធ្លាប់ត្រូវបានលើកឡើងកាលពីមុន នៅចុងឆ្នាំ ២០២១ ក៏ប៉ុន្តែត្រូវបានលុបចោលវិញដោយខ្លាចមានប្រតិកម្មតបតពីទីក្រុងប៉េកាំង។
គំនិតផ្តួចផ្តើមជាច្រើនទៀតគឺមានពាក់ព័ន្ធនឹងបំពង់បង្ហូរប្រេងដែលមិនបានផ្តោតគោលដៅចំៗ លើប្រទេសចិនទេក៏ប៉ុន្តែវាអាចបង្កឱ្យមានការប្រឈមមុខដាក់គ្នារយៈពេលវែង។ ស្ថាប័នរបស់សហភាពអឺរ៉ុបកំពុងចរចារលើយន្តការថ្មីមួយដែលនឹងអនុញ្ញាតឱ្យប្លុកនេះធ្វើការវាយតម្លៃលើបណ្តាដៃគូពាណិជ្ជកម្មជុំវិញការឧបត្ថម្ភធនឧស្សាហកម្ម និងការអនុវត្តពន្ធលើសំណង។
ទីក្រុងព្រុចស៊ែល នឹងប្រើប្រាស់យន្តការនេះដើម្បីប្រឆាំងនឹងប្រទេសចិនដែលបានផ្តល់ការឧបត្ថម្ភធនយ៉ាងច្រើនដល់ឧស្សាហកម្មក្នុងស្រុកដែលផ្តោតលើការនាំចេញ។ នៅឆ្នាំនេះ គណៈកម្មការអឺរ៉ុបនឹងរៀបចំយន្តការពាណិជ្ជកម្មមួយផ្សេងទៀតដើម្បីទប់ស្កាត់ការនាំចូល ដែលធ្វើឡើងដោយការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ហើយយន្តការនេះអាចផ្តល់នូវឱកាសដល់និយតករពាណិជ្ជកម្ម ក្នុងការដាក់សម្ពាធទៅលើប្រទេសចិន។
ដើម្បីអាចក្លាយជាច្បាប់ សំណើរបស់គណៈកម្មការអឺរ៉ុបត្រូវការការចុះហត្ថលេខាពីបណ្តារដ្ឋជាសមាជិកទាំងអស់។ នៅមុនពេលកើតមានសង្គ្រាម បញ្ហានេះគឺជាចំណុចគន្លឹះដ៏សំខាន់ ក៏ប៉ុន្តែនៅពេលនេះ វាមិនមែនដូច្នេះទៀតទេ។ អឺរ៉ុបកណ្តាលនិងខាងកើតបានប្រែក្លាយទៅជាប្រទេសដែលមានលក្ខណៈគាំទ្រសង្គ្រាមដោយក្នុងនោះ ការឈ្លានពានរបស់រុស្ស៊ីបានក្រើនរំលឹកអំពីកម្រិតនៃការពឹងផ្អែកខ្លាំងរបស់ពួកគេលើឆ័ត្រសន្តិសុខរបស់អាមេរិក។
តៃវ៉ាន់បានបង្កើនការចូលរួមផ្នែកសេដ្ឋកិច្ចរបស់ខ្លួនជាមួយតំបន់ ហើយបណ្តាមេដឹកនាំអឺរ៉ុបខាងកើតដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយចិន អាចនឹងមានភាពឯកោកាន់តែខ្លាំងឡើង។ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban នៅតែអាចមានឥទ្ធិពលលើទីក្រុងព្រុចស៊ែលនៅក្នុងការបោះឆ្នោតលើគោលនយោបាយការបរទេស ដោយសារច្បាប់របស់សហភាពអឺរ៉ុបទាមទារឱ្យមានភាពឯកច្ឆ័ន្ទ។
បណ្តារដ្ឋសហភាពអឺរ៉ុបខាងលិចដែលមានទំនាក់ទំនងសេដ្ឋកិច្ចយូរអង្វែងជាមួយប្រទេសចិន កំពុងមានភាពមិនច្បាស់លាស់។ ក៏ប៉ុន្តែការមូលមតិគ្នាពិតជាកំពុងមានការផ្លាស់ប្តូរនៅទីនោះ។ នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានអំពាវនាវឱ្យអាល្លឺម៉ង់កាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើបណ្តាប្រទេសផ្សេងៗដែលអាចមាន ន័យសំដៅទៅលើទីក្រុងប៉េកាំង។
នាយករដ្ឋមន្រ្តីអ៊ីតាលី លោក Mario Draghi បានដាក់ចេញនូវច្បាប់ «អំណាចមាស» ដើម្បីរារាំងប្រទេសចិនពីការទិញយកក្រុមហ៊ុន។ ជាមួយនឹង ៣% នៃការនាំចេញរបស់អ៊ីតាលី និងជិត ៨% នៃការនាំចេញរបស់អាល្លឺម៉ង់ដែលមានជាប់ពាក់ព័ន្ធនឹងប្រទេសចិនជារៀងរាល់ឆ្នាំ ពួកគេអាចនឹងមិនផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចទាំងស្រុងពី ប្រទេសចិនទេ ក៏ប៉ុន្តែពួកគេអាចនឹងមានអរិភាពតិចតួចជាងមុនចំពោះគំនិតផ្តួចផ្តើមរបស់គណៈកម្មការអឺរ៉ុបស្តីពីប្រទេសចិន បើប្រៀបធៀបជាមួយនឹងអតីតកាល។
នយោបាយអឺរ៉ុប មានភាពចម្រុះនិងស្មុគស្មាញ ដោយសារការមានសិទ្ធិវេតូច្រើន ហើយបញ្ហានេះបានបង្កការលំបាកដល់ការផ្លាល់ប្តូរគោលជំហរនយោបាយការបរទេសរបស់ប្លុក។ គំនិតផ្តួចផ្តើមរបស់ទីក្រុងព្រុចស៊ែល ដើម្បីកាត់បន្ថយទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយពីប្រទេសចិនអាចទទួលបានការចាប់អារម្មណ៍ពីបណ្តារដ្ឋជាសមាជិកមួយចំនួន ខណៈដែលក្រុមធុរកិច្ចខ្លះអាចនឹង ព្យាយាមធ្វើការនៅ ពីក្រោយឆាកដើម្បីការពារការផ្តាច់ទំនាក់ ទំនងពីគ្នាទាំងស្រុង។
នៅមុនសង្គ្រាមនៅអ៊ុយក្រែន ទំនាក់ទំនងរវាងទីក្រុងព្រុចស៊ែលនិងប៉េកាំង បានរងនូវបញ្ហាប្រឈមរួចទៅហើយ។ ឆ្នាំ ២០២២ នេះអាចត្រូវបានចាត់ទុកជាឆ្នាំដែលកាន់តែតានតឹងរវាងភាគីទាំងពីរ៕ Foreign Policy