ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ យើងផ្តើមពីចក្ខុវិស័យ «ឃុំមួយ អនុវិទ្យាល័យមួយ» ឆ្ពោះទៅ «ខេត្តមួយសាកលវិទ្យាល័យមួយ»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 2453
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ យើងផ្តើមពីចក្ខុវិស័យ «ឃុំមួយ អនុវិទ្យាល័យមួយ» ឆ្ពោះទៅ «ខេត្តមួយសាកលវិទ្យាល័យមួយ»លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ យើងផ្តើមពីចក្ខុវិស័យ «ឃុំមួយ អនុវិទ្យាល័យមួយ» ឆ្ពោះទៅ «ខេត្តមួយសាកលវិទ្យាល័យមួយ»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានមហិច្ឆតាបង្កើតឱ្យមានសាកលវិទ្យាល័យរដ្ឋមួយក្នុងខេត្តមួយ ដើម្បីធ្វើការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ដែលលោកយល់ឃើញថា ធនធានមនុស្សជាផ្នែកដ៏សំខាន់សំរាប់អភិវឌ្ឍន៍ប្រទេសកម្ពុជា ដោយលោកបានមានប្រសាសន៍ថា «កាលពីឆ្នាំ២០០២ ខ្ញុំបានដាក់ចេញនូវចក្ខុវិស័យ ឃុំមួយ អនុវិទ្យាល័យមួយ ក្រោយមកដោយឃើញថាឃុំខ្លះគឺមានទំហំធំ យើងក៏បានប្រែក្លាយពាក្យថា ឃុំមួយអនុវិទ្យាល័យមួយយ៉ាងតិច ហើយយើងក៏បានដាក់ចេញថា ស្រុកមួយវិទ្យាល័យច្រើនមិនមែនវិទ្យាល័យមួយទេ ហើយខេត្តមានវិទ្យាល័យច្រើន ប៉ុន្តែអ្វីដែលយើងចង់បានថែមទៀតនោះ គឺមហិច្ឆតាខេត្តមួយសាកលវិទ្យាល័យមួយ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ សាកលវិទ្យាល័យក្រចេះ នៅខេត្តក្រចេះ នាព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា «ឥឡូវនេះយើងរាប់បានថា សាកលវិទ្យាល័យមាននៅខេត្តឧត្តរមានជ័យ បាត់ដំបង ព្រៃវែង ស្វាយរៀង សៀមរាប ថ្ងៃនេះយើងក៏បានដាក់ឱ្យដំណើរការមួយទៀតនូវសាកលវិទ្យាល័យរបស់រដ្ឋនៅខេត្តក្រចេះ ដែលនេះជាផ្នែកដ៏សំខាន់មួយនៃការអភិវឌ្ឍ របស់ព្រះរាជាណាចក្រកម្ពុជាតាមរយៈនៃការបណ្តុះបណ្តាលធនធានមនុស្ស»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថាការវិនិយោគទាមទារឱ្យមានភាពប្រទាក់ក្រឡាគ្នា និងមានចក្ខុវិស័យច្បាស់លាស់ ចាប់ផ្តើមតាំងពីផ្នែកខាងក្រោមឡើងមក ដោយលោកបានថ្លែងថា «យើងមានចក្ខុវិស័យច្បាស់លាស់ និងមានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងការវិនិយោគទៅលើបញ្ហាទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីបម្រើទៅដល់ការវិនិយោគការអភិវឌ្ឍនៅទីនេះ ឧទាហរណ៍ភាពប្រទាក់ក្រឡានេះដោយខ្ញុំព្រះករណាខ្ញុំគ្រាន់តែលើកថា ប្រសិនបើយើងមិនមានការតភ្ជាប់ផ្លូវមកកាន់ទីនេះទេ តើយើងធ្វើសាកលវិទ្យាល័យនៅទីនេះបែបណា ដូច្នេះការធ្វើសាកលវិទ្យាល័យមួយបានទាមទារឱ្យមានការអភិវឌ្ឍតាំងពិផ្នែកខាងក្រោមមួយ តាំងពីបឋមសិក្សា មធ្យមសិក្សា និងបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាដើម្បីឆ្លើយតបទៅនឹងការបង្កើតឡើងនូវសាកលវិទ្យាល័យនៅខេត្តក្រចេះរបស់យើងនេះ»៕

អត្ថបទទាក់ទង