ខ្មែរប៉ុស្ដិ៍ Close

    តើមេរោគបម្លែងខ្លួនថ្មី Omicron អាចជាជំហានដំបូងឆ្ពោះទៅរកជំងឺឆ្លងធម្មតាដែរឬទេ?

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានអន្តរជាតិ 1582
    តើមេរោគបម្លែងខ្លួនថ្មី Omicron អាចជាជំហានដំបូងឆ្ពោះទៅរកជំងឺឆ្លងធម្មតាដែរឬទេ?តើមេរោគបម្លែងខ្លួនថ្មី Omicron អាចជាជំហានដំបូងឆ្ពោះទៅរកជំងឺឆ្លងធម្មតាដែរឬទេ?

    នេះគឺជាព័ត៌មាននៃការយល់ដឹងក្នុងដំណាក់កាលដំបូង ពាក់ព័ន្ធនឹងមេរោគបម្លែងខ្លួនថ្មី Omicron ហើយអ្វីដែលគេបានដឹងនោះគឺ មេរោគនេះមានការបំប្លែងខ្លួនខ្លាំង ជាពិសេសនៅក្នុងប្រូតេអ៊ីនរបស់វា ហើយមេរោគនេះហាក់ដូចជាមានល្បឿនឆ្លងលឿននៅក្នុងប្រទេសមួយចំនួន។

    សញ្ញាដំបូងដែលគេទទួលបានពីទ្វីបអាហ្រ្វិក បានបង្ហាញថា មេរោគថ្មីនេះមិនបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរនោះទេ ខណៈដែលអង្គការសុខភាពពិភពលោកបានជំរុញឱ្យមានការបង្កើនការប្រុងប្រយ័ត្ន ព្រោះ
    ទិន្នន័យអំពីមេរោគថ្មីនេះនៅមានកម្រិតនៅឡើយ។ ដូចនេះ គេនៅមិនទាន់ដឹងច្បាស់ទេថា តើមេរោគថ្មីនេះមានសមត្ថភាពខ្លាំងប៉ុណ្ណា ក្នុងការគេចចេញពីវ៉ាក់សាំងដូចមេរោគបម្លែងខ្លួនដទៃទៀត ដូចជា Delta ជាដើម។

    វាជារឿងធម្មតា ដែលបណ្តាមេរោគទាំងឡាយចាប់ផ្តើមចុះខ្សោយ លែងបង្កជាជំងឺធ្ងន់ធ្ងរបន្ទាប់ពីខ្លួនរបស់មនុស្សចាប់ផ្តើមមានភាពស៊ាំជាមួយនឹងមេរោគនេះ។ ឧទាហរណ៍ដូចជាជំងឺ Myxomatosis ដែលសម្លាប់សត្វទន្សាយរហូតដល់ 99% នៅពេលវាមានវត្តមានជាលើកដំបូងនៅក្នុងប្រទេសអូស្ត្រាលី។ ប៉ុន្តែពេលនេះ ការស្លាប់របស់សត្វទន្សាយដោយសារតែមេរោគនេះ បានធ្លាក់ចុះទាបមែនទែន ។

    អ្នកជំនាញខ្លះបានព្យាករណ៍ថា កូវីដ-១៩ ក៏នឹងលែងជាជំងឺធ្ងន់ធ្ងរផងដែរ ហើយនឹងក្លាយទៅជាជំងឺឆ្លងធម្មតា ហើយមេរោគបម្លែងខ្លួនថ្មី Omicron នេះក៏អាចជាជំហានដំបូងនៅក្នុងដំណើរនេះផងដែរ។

    ការវិវត្តនៅក្នុងជីវវិទ្យាបានបង្ហាញថា មេរោគបម្លែងខ្លួនថ្មីនឹងចាប់ផ្តើនកើនឡើង ប្រសិនបើពួកវាអាចឆ្លងទៅកាន់ប្រជាជន បានឆាប់រហ័សជាងប្រភេទមេរោគបច្ចុប្បន្ន។

    ប្រភេទមេរោគដែល មាន R number (ចំនួនមនុស្សដែលអ្នកជំងឺម្នាក់អាចចម្លងទៅបាន) ខ្ពស់ នឹងចូលមកជំនួសប្រភេទមេរោគដែលមាន R number ទាប។ ដូចនេះ ប្រភេទមេរោគដែលត្រូវការរយៈពេលខ្លីដើម្បីអាចបង្កឱ្យមានការចម្លង នឹងចូលមកជំនួសប្រភេទមេរោគ ដែលត្រូវការរយៈ ពេលវែងដើម្បីបង្កឱ្យមានការចម្លង។ ជាក់ស្តែងដូចជាករណីមេរោគបម្លែងខ្លួន Delta ដែលជាប្រភេទមេរោគត្រូវការរយៈពេលខ្លីដើម្បីអាចបង្កឱ្យមានការចម្លងជាដើម។

    ការវិវឌ្ឍរបស់ជំងឺអាចនឹងមានភាពខុសគ្នារវាងតំបន់ដែលមានអត្រាប្រជាជនចាក់វ៉ាកសាំងទាប និងតំបន់ដែលមានអត្រាប្រជាជនចាក់វ៉ាក់សាំងហើយខ្ពស់ ។

    នៅក្នុងតំបន់ដែលមានចំនួនប្រជាជនចាក់វ៉ាក់សាំងទាប ដូចជានៅប្រទេសអាហ្រ្វិកខាងត្បូង ដែលជាប្រទេសដំបូងគេ ដែលបានរកឃើញមេរោគបម្លែងខ្លួនថ្មី Omicron ដែលជាប្រភេទមេរោគដែលមាន
    R number ខ្ពស់ នឹងមានឱកាសច្រើនក្នុងការឆ្លងរីករាលដាល ។

    ប៉ុន្តែនៅក្នុងតំបន់ដែលមានចំនួនប្រជាជនដែលបានចាក់វ៉ាក់សាំងហើយខ្ពស់ ប្រភេទមេរោគដែលអាចគេចពីវ៉ាក់សាំង នឹងមានឱកាសច្រើនក្នុងការឆ្លងរីករាលដាល បើទោះបីជាពួកវាមានចំនួន R number ទាបសម្រាប់អ្នកដែល មិនទាន់បានចាក់វ៉ាក់សាំងហើយក៏ដោយ។

    ប្រសិនបើមានរោគសញ្ញាមិនសូវធ្ងន់ធ្ងរនោះទេ មនុស្សទំនងជាមិនទៅធ្វើតេស្តនោះទេ ហើយក៏នឹងមិនធ្វើចត្តាឡីស័កនោះដែរ ខណៈអ្នកខ្លះបែបមិនទាំងដឹងថា ខ្លួនមានកូវីដ-១៩ ទៀតផង។

    ដូច្នេះប្រភេទមេរោគ ដែលមានសមត្ថភាពទាបក្នុងការបង្ករោគសញ្ញាធ្ងន់ធ្ងរ អាចមានសមត្ថភាពចម្លងទៅកាន់មនុស្សច្រើនជាងមេរោគដែលអាចបង្ករោគសញ្ញាធ្ងន់ធ្ងរ។

    ម្យ៉ាងវិញទៀត ចំពោះករណីមេរោគបម្លែងខ្លួនថ្មី Delta ប្រភេទមេរោគនេះអាចមានវត្តមានច្រើននៅក្នុងឈាម ខ្ពស់ជាងប្រភេទមេរោគផ្សេងទៀត ហើយនៅពេលមានវត្តមានមេរោគនេះកាន់តែច្រើន អ្នកជំងឺអាចនឹងចម្លងបានកាន់តែខ្លាំង ហើយក៏នឹងចេញរោគសញ្ញាធ្ងន់ធ្ងរផងដែរ។

    មកដល់ពេលនេះ គេនៅមិនយល់ច្បាស់នៅឡើយថា ហេតុអ្វីបានជាមេរោគប្រភេទថ្មី Omicron មានលទ្ធភាពអាចចម្លងខ្ពស់ ជាពិសេសនៅតំបន់អាហ្វ្រិក ហើយគេក៏មិនដឹងដែរថា តើមេរោគប្រភេទនេះអាចបង្កើនកម្រិតមេរោគនៅក្នុងឈាមខ្ពស់ជាងប្រភេទមេរោគដទៃបានប៉ុណ្ណានោះដែរ។

    ការចម្លងមេរោគ មានដំណាក់កាលច្រើន និងស្មុគស្មាញ។ ដូច្នេះ អាចមានហេតុផលជាច្រើនដែលអាចធ្វើឱ្យមេរោគប្រភេទថ្មី Omicron មានកម្រិតចម្លងខ្ពស់។

    គេនៅមិនទាន់អាចកំណត់ថាអ្វីនឹងកើតឡើងនៅពេលបន្ទាប់នោះទេ ខណៈពេលដែលអ្នកជំនាញកំពុងស្វែងរកព័ត៌មានបន្ថែមទៀត ពាក់ព័ន្ធនឹងកម្រិតនៃការចំលងរបស់មេរោគប្រភេទថ្មី Omicronនេះ ពោលគឺកម្រិត មេរោគនៅក្នុងឈាម និងសមត្ថភាពរបស់មេរោគនេះក្នុងការគេចចេញពីវ៉ាក់សាំងដែលមានស្រាប់ ឬគេចចេញពីការឆ្លើយតបរបស់ប្រព័ន្ធការពាររបស់អ្នកដែលធ្លាប់ឆ្លងមេរោគប្រភេទមុនៗ។

    ការឆ្លងមេរោគប្រភេទថ្មី Omicron អាចនឹងមានភាពខុសគ្នាខ្លាំងនៅក្នុងតំបន់ដែលមានចំនួនប្រជាជនចាក់វ៉ាក់សាំងហើយខ្ពស់ ធៀបទៅនឹងតំបន់ដែលមានចំនួនប្រជាជនចាក់វ៉ាក់សាំងបានទាប ។

    ទោះជាយ៉ាងណា ការលេចឡើងនៃមេរោគបម្លែងខ្លួនថ្មីនេះបានបង្ហាញថា ការខិតខំដើម្បីធ្វើការចាក់វ៉ាក់សាំងឱ្យមានប្រសិទ្ធភាពនៅទូទាំងពិភពលោកគឺជារឿងចាំបាច់ដើម្បីយកឈ្នះលើការរាតត្បាតកូវីដ-១៩ នោះ៕ Channel News Asia

    អត្ថបទទាក់ទង