ខ្មែរប៉ុស្ដិ៍ Close

កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (AMM-Rtreat) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM-Rtreat) ជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ានអូស្រា្តលី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 101
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (AMM-Rtreat) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM-Rtreat) ជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ានអូស្រា្តលី កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (AMM-Rtreat) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM-Rtreat) ជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ានអូស្រា្តលី

តបតាមការអញ្ជើញរបស់ លោកឧត្តមសេនីយទោ (ចូលនិវត្តន៍) ប៉េហ៊ីន ដាតុ មហាម៉ាត់ យូសូហ្វ (Pahin Datu Lailarajn Major General (Retired) Dato Paduka Seri Haji Awing Habi Bin Haji MD Yustof) រដ្ឋមន្ត្រីការពារជាតិ​ប្រ៊ុយណេដារ៉ូសាឡាម សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM – Retreat) កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អូស្ត្រាលី នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធonline។

នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន សម្ដេចពិជ័យសេនា ទៀ បាញ់ បានចូលរួមចែករំលែកទស្សនៈ ស្ដីពីអនាគតនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន។ តាមរយៈកិច្ចប្រជុំនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ លើកឡើងអំពីជំងឺរាតត្បាតសកលកូវីដ-១៩ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានក្លាយជាសមរភូមិរួមគ្នារបស់យើង។ ជាមួយនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ យើងបានឃើញនូវតួនាទីដ៏លេចធ្លោរបស់កងកម្លាំងប្រដាប់អាវុធ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល។ នៅប្រទេសកម្ពុជា កងយោធពលខេមរភូមិន្ទ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ តាមរយៈយុទ្ធនាការចាក់វ៉ាក់សាំងដ៏ធំមហាសាលជូនប្រជាជនកម្ពុជា។ សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖ នៅក្នុងប្រទេសកម្ពុជាមកទល់ពេលនេះ មនុស្សពេញវ័យច្រើនជាង ១០លាននាក់ ត្រូវបានចាក់វ៉ាក់សាំង យ៉ាងហោចណាស់ចំនួន ២ដូសរួចហើយ។ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំង សម្រាប់ក្មេងជំទង់ និងកុមារផងដែរ។ លើសពីនេះទៅទៀត កងយោធពលខេមរភូមិន្ទ ក៏បានដើរតួនាទីនាំមុខក្នុងការគ្រប់គ្រងចលនាប្រជាពលរដ្ឋនៅទូទាំងប្រទេស និងអនុវត្តវិធានការប្រឆាំងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ជាពិសេសនៅតាមតំបន់ព្រំដែន។ ទាក់ទងទៅនឹង គ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា៖ ខណៈពេលដែលគ្រោះមហន្តរាយធម្មជាតិ ទំនងជាកើនឡើងនាពេលអនាគត កិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងចំណោមយោធាអាស៊ាន គឺត្រូវតែពង្រឹងបន្ថែម ជាពិសេសតាមរយៈការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាព នៃកម្មវិធីការងាររយៈពេលបីឆ្នាំ របស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន។

តាមរយៈកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុក ការរក្សាសន្តិភាព គឺជាមូលដ្ឋាននៃការងាររក្សាសន្តិសុខ និងសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយស្ត្រីគឺជាគន្លឹះដែលនាំឱ្យការងារនេះ ឆ្ពោះទៅរកភាពជោគជ័យ។ បច្ចុប្បន្នស្ត្រី គឺបានបំរើការនៅក្នុងកងរក្សាសន្តិភាពច្រើនជាងពេលមុនៗ ដោយស្ត្រីទាំងនោះបានបំរើការជាមន្ត្រីយោធា មន្ត្រីនគរបាល និងជាមន្ត្រីស៊ីវិល។ កម្ពុជាគឺទទួលបានចំណាត់ថ្នាក់ទី១៣ ក្នុងចំណោមប្រទេសចំនួន ១២២ និងចំណាត់ថ្នាក់ទី២ នៅក្នុងតំបន់អាស៊ាន ក្នុងការបញ្ជូនកងរក្សាសន្តិភាពជាស្ត្រី ទៅកាន់ប្រទេស និងតំបន់ផ្សេងៗទូទាំងពិភពលោក។ ការទទួលបានស្នាដៃនេះ គឺមិនមែនជារឿងចៃដន្យនោះទេ នេះគឺដោយសារតែរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា មានចក្ខុវិស័យច្បាស់លាស់ និងបានដាក់ទិសដៅការងារត្រឹមត្រូវ ក្នុងការលើកកម្ពស់ស្ត្រី នៅក្នុងសង្គមកម្ពុជា និងឆាកអន្តរជាតិ។ បើទោះជាអាស៊ានមានកិច្ចសហប្រតិបត្តិការជាក់ស្តែង ស្តីពីប្រតិបត្តិការរក្សាសន្តិភាពរួចហើយក្តី ក៏កិច្ចសហប្រតិបត្តិការនេះ គឺត្រូវតែបន្តពង្រីកបន្ថែមដោយផ្តោតទៅលើការជំរុញឱ្យមានការចូលរួមបន្ថែមពីស្ត្រី និងការពង្រឹងការត្រៀមខ្លួនពួកគាត់ សម្រាប់ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។ គំនិតផ្តួចផ្តើមនេះ នឹងពង្រឹងកិច្ចខិតខំ និងការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការសម្រេចឱ្យបាននូវរបៀបវារៈរបស់អង្គការសហប្រជាជាតិ ស្តីពី “ស្ត្រី សន្តិភាព និងសន្តិសុខ”។ សន្តិភាព និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានដែលមិនអាចកាត់ថ្លៃបាន ក្នុងការពង្រឹងវិបុលភាព និងចីរភាព តំបន់អាស៊ីអាគ្នេយ៍។

ចំណែកនៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សាធារណរដ្ឋកូរ៉េ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចូលរួមពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងការយកឈ្នះ លើការគំរាមកំហែងផ្នែកសន្តិសុខ ដែលមិនមែនប្រពៃណីដូចជា សន្តិសុខលសមុទ្រ ការសង្គ្រោះគ្រោះមហន្តរាយ។ ក្នុងបទអន្តរាគមន៍កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការពារជាតិ អាស៊ាន-សាធារណរដ្ឋកូរ៉េ សម្តេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុកកិច្ចប្រជុំនេះថា៖ គឺជាឱកាសមួយដ៏ប្រពៃ ក្នុងការរឹតចំណងទាក់ទងរវាងអាស៊ាន-សាធារណរដ្ឋកូរ៉េ នៅក្នុងវិស័យការពារជាតិ ដើម្បីកសាងសហគមន៍ដែលមានជោគវាសនារួមគ្នា ដោយផ្តោតលើភាពរីកចម្រើនរុងរឿងរួម។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា៖ ទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ ត្រូវបានវិវត្ត ចេញពីដៃគូកិច្ចសន្ទនាតាមវិស័យ ចាប់តាំងពីឆ្នាំ១៩៨៩ រហូតបានក្លាយជាដៃគូកិច្ចសន្ទនាពេញលេញ ក្នុងឆ្នាំ១៩៩១ ហើយបានក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងឆ្នាំ២០១០។ នៅក្នុងទំនាក់ទំនងជាមួយអាស៊ានកន្លងមកនេះ សាធារណរដ្ឋកូរ៉េបានដើរតួនាទីសំខាន់ក្នុងការរក្សាសន្តិភាព ស្ថិរភាព ភាពរុងរឿង និងនិរន្តរភាពតំបន់។ បន្ថែមពីលើនេះទៀត សាធារណរដ្ឋកូរ៉េ បានរួមចំណែកក្នុងការគាំទ្រការអភិវឌ្ឍសមត្ថភាព នៃរដ្ឋសមាជិកអាស៊ាន ក្នុងការដោះស្រាយបញ្ហាសន្តិសុខមិនមែនប្រពៃណី តាមរយៈយន្តការនានា ដែលដឹកនាំដោយអាស៊ាន មានជាអាទិ៍ដូចជា វេទិកាតំបន់អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក។ លទ្ធផលកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២២ បានបង្ហាញឱ្យឃើញអំពីការប្តេជ្ញាចិត្តរបស់សាធារណរដ្ឋកូរ៉េ ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព ភាពរុងរឿង ក្នុងតំបន់ តាមរយៈការស្តារឡើងវិញ នៃប្រព័ន្ធទំនាក់ទំនងអន្តរកូរ៉េ។ ប្រព័ន្ធទំនាក់ទំនងទាំងនេះ នឹងធ្វើឱ្យទំនាក់ទំនងរវាងកូរ៉េទាំងពីរកាន់តែប្រសើរឡើង។

សម្តេចពិជ័យសេនា បានបញ្ជាក់បន្ថែមថា៖ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយអាស៊ាន សាធារណរដ្ឋកូរ៉េ បានដើរតួនាទីយ៉ាងសកម្ម ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្នុងការកសាងសមត្ថភាព នៃប្រទេសសមាជិកអាស៊ាន ឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសន្តិសុខ ជាពិសេសបញ្ហាសន្តិសុខមិនមែនប្រពៃណី។ សាធារណរដ្ឋកូរ៉េ ក៏បានចូលរួមយ៉ាងសកម្មផងដែរ នៅក្នុងគ្រប់វិស័យទាំងអស់ របស់ក្រុមការងារជំនាញកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក៕

អត្ថបទទាក់ទង