ខ្មែរប៉ុស្ដិ៍ Close

លោក ទៀ បាញ់ ដាស់តឿនដល់នាយពលទាហានទាំងអស់ត្រូវមានភាពស្មោះត្រង់ជានិច្ចចំពោះជាតិ មាតុភូមិ និងចំពោះរាជរដ្ឋាភិបាលស្របច្បាប់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 30
លោក ទៀ បាញ់ ដាស់តឿនដល់នាយពលទាហានទាំងអស់ត្រូវមានភាពស្មោះត្រង់ជានិច្ចចំពោះជាតិ មាតុភូមិ និងចំពោះរាជរដ្ឋាភិបាលស្របច្បាប់ លោក ទៀ បាញ់ ដាស់តឿនដល់នាយពលទាហានទាំងអស់ត្រូវមានភាពស្មោះត្រង់ជានិច្ចចំពោះជាតិ មាតុភូមិ និងចំពោះរាជរដ្ឋាភិបាលស្របច្បាប់

នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពបើកអង្គមិន្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ ទិវាថ្ងៃកំណើនកងយោធពលខេមរភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០១៩)។ អង្គមីទ្ទីញនេះបានប្រារព្ធធ្វើឡើងនៅសាកលវិទ្យាល័យការពារជាតិ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងបណ្តាថ្នាក់ដឹកនាំអង្គភាពទ័ពទាំងបីប្រភេទ និងទ័ពជំនាញយ៉ាងច្រើនផងដែរ។

ថ្លែងទៅកាន់នាយពលទាហាន នៃកងយោធពលខេមរភូមិន្ទពេលនោះ លោក ទៀ បាញ់ ជំនួសមុខឲ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងនូវការលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ និងសមិទ្ឌិផលទាំងឡាយដែលនាយពលទាហាននៅក្នុងកងយោធពលខេមរភូមិន្ទរបស់យើងសម្រេចបានក្នុងរយៈពេលកន្លងមកនេះ ដោយបានលះបង់កម្លាំងកាយចិត្ត និងពុះពាររាល់ការលំបាកក្នុងការបំពេញតួនាទី ភារកិច្ចបំរើជាតិ ការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាល់សមិទ្ធិផលទាំងឡាយរបស់រាជរដ្ឋាភិបាល។ លោកក៏បានដាស់តឿនរំលឹកនាយពលទាហានទាំងអស់ ត្រូវមានការស្មោះត្រង់ជានិច្ចចំពោះជាតិ មាតុភូមិ និងចំពោះរាជរដ្ឋាភិបាល ដែលមាន លោក ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស ហើយត្រូវយល់ឲ្យបានច្បាស់ពីតម្លៃនៃសន្តិភាពដែលយើងទទួលបានដោយលំបាកបំផុតត្រូវតែថែរក្សាការពារឲ្យបានដាច់ខាត ទោះស្ថិតក្នុងរូបភាព និងតម្លៃណាក៏ដោយ ជាពិសេសកុំជឿតាមការ ញុះញង់ ឃោសនាអូសទាញរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាព នាំប្រទេសជាតិធ្លាក់ក្នុងគ្រោះមហន្តរាយតាមរយៈការធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ជាមួយគ្នានេះដែរ ក៏ត្រូវគោរព និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ជាអនុសាសន៍របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ អាណត្តិទី ៦ របស់រាជរដ្ឋាភិបាល និងកំណែទម្រង់កងយោធពលខេមរភូមិន្ទ និងអនុវត្តឲ្យបាននូវអនុសាសន៍ ១០ ចំណុចអភិក្រមទាំង ៥ និងបាវចនាពីរ របស់សម្ដេចនាយករដ្ឋមន្ត្រី។

លោក ទៀ បាញ់ ក៏បានជំរុញឲ្យនាយពលទាហានទាំងអស់ បង្កើនកិច្ចសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម តាមរយៈនៃការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព ដោយត្រៀមកម្លាំងមធ្យោបាយ សម្ភារៈ ដើម្បីអនុវត្តតាមសេចក្តីសំរេចរបស់ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ស្ដីពីការបង្កើតក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្ដារឡើងវិញ ព្រមទាំងត្រូវបន្តបង្កើនការងារហ្វឹកហ្វឺនរៀនសូត្រឱ្យបានជាប់ជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពជំនាញរបស់ខ្លួនបន្ថែមទៀត។

គួរជម្រាបថា កងយោធពលខេមរភូមិន្ទ ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជកិច្ចដឹកនាំរបស់អតីត ព្រះករុណាសម្ដេចព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដោយបានបំពាក់បំប៉នច្បាស់លាស់ លើគោលដៅតួនាទីភារកិច្ចរបស់ខ្លួន ផ្សាភ្ជាប់សាច់ឈាមជាមួយប្រជាពលរដ្ឋ ដោយធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុ សន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ការពារកសាងព្រះរាជាណាចក្រកម្ពុជា លើគ្រប់វិស័យ។ ក្នុងដំណាក់កាលនោះ កងយោធពលខេមរភូមិន្ទ បានបង្ហាញពីវីរភាព អង់អាចក្លាហាន មោះមុត ក្នុងប្រតិបត្តិកាសឹក រំដោះតំបន់ខ្លះ ពីកណ្ដាប់ដៃអាណានិគមបរទេស និងពួកឧទ្ទមដោយការពារបាននៅអធិបតេយ្យ បូរណភាពទឹកដី បានយ៉ាងរឹងមាំ។ ឆ្លងកាត់នូវរបទពិសោធន៍នយោបាយជាច្រើនជំនាន់ ក្រោមឥទ្ធិពលសង្គ្រាមដែលបានអូសបន្លាយអស់ជាងបីទសវត្សរ៍ ចាប់ពីក្រោយថ្ងៃរដ្ឋប្រហារ ០៨ មីនា ឆ្នាំ១៩៧០ ប្រទេសកម្ពុជាបានធ្លាក់ក្នុងវិបត្តិនយោបាយយ៉ាងធ្ងន់ធ្ងរ។

សង្គ្រាមផ្ទៃក្នុងបានផ្ទុះឡើងនៅក្នុងប្រទេស បង្កគ្រោះមហន្តរាយ ការឈឺចាប់ខ្លោចផ្សា ពិសេសក្នុងអំឡុងឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ នៃរបបសាធារណរដ្ឋខ្មែរ ដែលដឹកនាំដោយសេនាប្រមុខ លន់ ណុល និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ បានធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធជាតិ និងព្រលឹងជាតិ ស្ទើររលាយសាបសូន្យ។ ចាប់តាំងពីពេលនោះមក កងយោធពលខេមរភូមិន្ទ ត្រូវបានបាត់បង់លក្ខណៈសម្បត្តិ អត្ដសញ្ញាណ និងឈ្មោះជាកងយោធពលខេមរភូមិន្ទ។ ដោយអនុវត្តតាមស្មារតីបង្រួបបង្រួមជាតិ និងតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងក្រោយថ្ងៃបោះឆ្នោតសកល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៩៣ ដែលរៀបចំឡើងដោយអាជ្ញាធរអ៊ុនតាក់ កម្ពុជាបង្កើតបាននូវរដ្ឋធម្មនុញ្ញ ស្ថាប័នព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ឡើងវិញ។ ក្នុងនោះកងយោធពលខេមរភូមិន្ទ ត្រូវបានដំណើរការកសាងឡើងវិញនៅថ្ងៃទី១៤ ខែមិថុនា ក្នុងឆ្នាំ ១៩៩៣។

ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានលោក ហ៊ុន សែន ជាប្រមុខ កងយោធពលខេមរភូមិន្ទបានបំពេញតួនាទីរបស់ខ្លួន ផ្តោតជាកម្លាំងអព្យាក្រឹត្យ ចូលរួមយ៉ាងសកម្មអនុវត្តរាល់កម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសអនុវត្តនយោបាយឈ្នះ-ឈ្នះ របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាគោលដៅចំបង ដើម្បីបញ្ចប់ការបង្ហូរឈាមគ្នា ធ្វើការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ស្វែងរកសន្តិភាពពេញបរិបូណ៍ជូនប្រទេសជាតិ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៩៨។ លើសពីនេះទៀត កងយោធពលខេមរភូមិន្ទ បានបំពេញតួនាទីភារកិច្ចស្នូលរបស់ខ្លួន ក្នុងភារកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ រួមចំណែកការពារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គមជាតិ រក្សាសុខសន្តិភាព និងភាពសុខដុមរមនាសម្រាប់ជាតិមាតុភូមិ និងប្រជាជន៕

អត្ថបទទាក់ទង