លោក ឌី រ៉ាដូ ចុះសួរសុខទុក្ខមន្រ្តីឧទ្យានុរក្ស មន្ត្រីកិច្ចសន្យា មន្ទីរបរិស្ថានខេត្ត និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិ ដែលទទួលរងគ្រោះទឹកជំនន់
ឧត្តរមានជ័យ÷ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ លោក ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ អមដំណើរលោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចុះសួរសុខទុក្ខមន្រ្តីឧទ្យានុរក្ស មន្ត្រីកិច្ចសន្យា មន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិ ដែលទទួលរងគ្រោះទឹកជំនន់ នៅស្នាក់ការការពារព្រៃឈើអូរផាល ស្ថិតក្នុងតំបន់ការពារធម្មជាតិដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន។
ក្នុងនោះមានការចូលរួមពីប្រតិភូក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងបរិស្ថាន ប្រធានមន្ទីរបរិស្ថានខេត្ត ថ្នាក់ដឹកនាំមន្ទីរ មន្រ្តីមន្ទីរបរិស្ថាន មន្ត្រីឧទ្យានុរក្ស មន្ត្រីកិច្ចសន្យា មន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិ។
ជាមួយគ្នានេះ តាមរយៈ លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងប្រតិភូក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងបរិស្ថាន បាននាំយកមកជាមួយនូវគ្រឿងឧបភោគ-បរិភោគ ដែលជាការឧបត្ថម្ភ របស់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមមាន៖ អង្ករចំនួន ៣០ការ៉ុង ទឹកត្រី៣០យួរ ទឹកសេអ៉ីវ ៣០យួរ ប៊ីចេង៣០ថង់ ស្ករសរ ៣០គីឡូ មី៣០កេស និងត្រីខ៣០យួរ ជូនដល់មន្ត្រីឧទ្យានុរក្ស មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិចំនួន៣០រូបផងដែរ។
ក្នុងកម្មវិធីនេះក៏មានការដាំស្តារកូនឈើឡើងវិញចំនួន២០០ដើម នៅក្នុងចំការឈើប្រណិត របស់មន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន៕