ខ្មែរប៉ុស្ដិ៍ Close

រដូវប្រាំងឆ្នាំនេះខេត្តឧត្តរមានជ័យមិនមានបញ្ហាខ្វះទឹក ប្រើប្រាស់ទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 40
រដូវប្រាំងឆ្នាំនេះខេត្តឧត្តរមានជ័យមិនមានបញ្ហាខ្វះទឹក ប្រើប្រាស់ទេ រដូវប្រាំងឆ្នាំនេះខេត្តឧត្តរមានជ័យមិនមានបញ្ហាខ្វះទឹក ប្រើប្រាស់ទេ

មន្ទីរធនធានទឹកខេត្តឧត្តរមានជ័យអះអាងថា សម្រាប់រដូវប្រាំងឆ្នាំនេះ ប្រជាពលរដ្ឋមិន​មានបញ្ហាខ្វះទឹក​ប្រើប្រាស់​នោះទេ ហើយអាចធានាបាន ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្ត ខណៈដែលកាលពីឆ្នាំ២០២០កន្លងទៅ មន្ទីររួមជាមួយដៃគូអភិវឌ្ឃន៏ បានធ្វើការស្តារប្រព័ន្ធធារាសាស្រ្តជាច្រើនកន្លែង សម្រាប់ស្តុកទឹកទុកត្រៀមរដូវប្រាំងនេះ។

លោក ញឺន កួន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តឧត្តរមានជ័យ បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា សម្រាប់រដូវ​ប្រាំងឆ្នាំ២០២១នេះ នៅតាមអាងស្តុកទឹកនៅសល់ទឹក សម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រជាពលរដ្ឋ ពី៥០ភាគរយ ទៅ៦០​ភាគរយ ដោយសារមន្ទីរធនធានទឹកខេត្តរួមជាមួយមន្ទីរពាក់ព័ន្ធបានអភិវឌ្ឍន៍ ស្តារនិងកសាងប្រព័ន្ធធារាសាស្រ្ត ប្រឡាយ លូបង្ហូរទឹក ជាច្រើនកន្លែងដូចជា ប្រព័ន្ធធារាសាស្រ្តខ្នាតតូចមានចំនួន៥៧កន្លែង ប្រព័ន្ធធារាសាស្រ្តខ្នាតមធ្យម មានចំនួន២៨កន្លែង និងប្រព័ន្ធធារាសាស្រ្តខ្នាតធំ មានចំនួន៣ កន្លែង ដែលអាចស្រោចស្រព លើដីស្រែរបស់បង​ប្អូនប្រជាពលរដ្ឋប្រមាណជាង៣ម៉ឺន៥ពាន់ហិកតា។ លោក បន្តថា បច្ចុប្បន្នខេត្តឧត្តរមានជ័យមានស្ថានីយ​ឧតុនិយមស្វ័យប្រវត្តិចំនួន៥កន្លែង និងស្ថានីយជលសាស្រ្ត ចំនួន៥កន្លែង ដែលសំណង់ធារាស្រ្តទាំងនេះ បាននិងកំពុងចូលរួមគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត សម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុង វិស័យកសិកម្មក្នុងខេត្ត ៖” សម្រាប់រដូវប្រាំងកន្លែងដែលធ្លាប់តែមានបញ្ហាខ្​វះខាតទឹកប្រើប្រាស់យើងក៏បានធ្វើការស្តារនិងសាងសង់ប្រ​ព័ន្ធធា​​រាសាស្រ្តឡើងវិញហើយដើម្បីផ្គត់ផ្គង់ទឹកប្រើប្រាស់ក្នុងជី​វភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដោយបណ្តាឆ្នាំ​កន្លងមកប្រជាព​លរដ្ឋមានការខ្វះខាតទឹកតែឆ្នាំ២០១៩ឆ្នាំ២០២០និងឆ្នាំ២០២១ នេះគឺវាលែងមានជាប​ញ្ហាអី​​ទៀតហើយ​”។

លោកប្រធានមន្ទីរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្ត ត្រូវប្រើប្រាស់ទឹកដោយ​​សន្សំសំចៃទោះ​​បីបច្ចុប្បន្នមាន​​ទឹកប្រើ​ប្រាស់​គ្រប់គ្រាន់ក៏ដោយ ចៀសវាងការបង្ហូរទឹកចោលដោយមិនមានការចាំបាច់ ធ្វើយ៉ាងណាប្រើប្រាស់​ទឹកឱ្យចំគោលដៅ៕

អត្ថបទទាក់ទង