វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៣ លានដូសទៀត ដែលកម្ពុជាបញ្ជារទិញពីចិន នឹងដឹកមកដល់នៅថ្ងៃស្អែក
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ចិន ប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន៣លានដូសថ្មីទៀត ដែលជាការបញ្ជាទិញរបស់រដ្ឋាភិបាល នឹងត្រូវដឹកមកដល់កម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ស្អែកនេះ។
រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងយ៉ាងខ្លាំងក្នុងការស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋឥតគិតថ្លៃ ក្នុងនោះប្រទេសចិន ត្រូវបានសម្តេចតេជោ ហ៊ុន សែន កំណត់ជាបង្អែកយុទ្ធសាស្ត្រ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងនេះ។
ដោយបូកបញ្ចូលនូវវ៉ាក់សាំងមកដល់ស្អែកនេះ កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាង៣០លានដូសហើយ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះប្រទេសចិនបានផ្គត់ផ្គត់វ៉ាក់សាំងដល់កម្ពុជាច្រើនជាងគេបង្អស់។ ក្រៅពីនោះមានអង្គការសុខភាពពិភពលោក តាមរយៈយន្តការខូវ៉ាក់ ប្រទេសជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិកតាមរយៈខូវ៉ាក់ផងដែរ។
វត្តមានវ៉ាក់សាំងចិននេះ ចំពេលដែលកម្ពុជា កំពុងបើកយុទ្ធនាការថ្មីក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ៦ឆ្នាំ ដល់១២ឆ្នាំ ដែលធ្វើឡើងចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានថ្លែងឲ្យដឹងថា កម្ពុជាមានវ៉ាក់សាំងការពារកូវីដ-១៩ ទាំងនៅក្នុងស្តុកបូករួម នឹងមកដល់នៅពេលឆាប់ៗខាងមុខ សរុបរហូតដល់១៣លានដូស។ វ៉ាក់សាំងចំនួន១៣លានដូសរួមមាន នៅក្នុងស្តុកជាង៤លានដូស និង៦លានដូស ដែលជាការបញ្ជាទិញ ពីក្រុមហ៊ុនស៊ីណូវ៉ាក់របស់ចិន និង៣លានដូសទៀត គឺជាការសន្យាផ្តល់ជំនួយពីមិត្តចិន ក្នុងដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី រដ្ឋមន្ត្រីការបទេសចិន កាលពីពេលថ្មីៗនេះ។
រហូតដល់ពេលនេះ ដោយគិតត្រឹមថ្ងៃទី២១ ខែកញ្ញា ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១២,៤៨៣,៥៨៨នាក់ហើយ។ ក្នុងរួមមាន៖
- មនុស្សចាប់ពីអាយុ១៨ឆ្នាំឡើង ៩,៨៤២,៩៩៨នាក់
- កុមារ និងក្មេងជំទង់ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៧៣៧,៣០៣នាក់
- កុមារចាប់ពីអាយុ០៦ដល់១២ឆ្នាំ ៩០៣,២៨៧នាក់៕
Fresh News