ខ្មែរប៉ុស្ដិ៍ Close

សហគ្រាសផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ ពោត និង ដំឡូង បោះទុនវិនិយោគជាង ៥លានដុល្លារ ក្នុងទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 73
សហគ្រាសផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ ពោត និង ដំឡូង បោះទុនវិនិយោគជាង ៥លានដុល្លារ ក្នុងទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់ សហគ្រាសផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ ពោត និង ដំឡូង បោះទុនវិនិយោគជាង ៥លានដុល្លារ ក្នុងទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់

សហគ្រាស TK & D បានបណ្តាក់ទុនវិនិយោគលើទឹកប្រាក់ប្រមាណជាង៥លានដុល្លារសហរដ្ឋអាមេរិក ក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ ពោត និងដំឡូង ដែលជាផលិតផលកកើតឡើងមក (អាចបរិភោគបាន) ដោយមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព និងបរិស្ថាន ជាពិសេសកាត់បន្ថយកាកសំណល់ប្លាស្ទិកនៅក្នុងសង្គមជាតិយើង។

សហគ្រាសនេះត្រូវបានកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី និងថ្នាក់ដឹកនាំជាច្រើនរូបផ្សេងទៀត។

បើតាមលោកស្រី ទិត សុខុម ស្ថាបនិកសហគ្រាស TK & D បានឱ្យដឹងថា ដោយសង្កេតឃើញតាមបណ្តាប្រទេសជឿនលឿនមួយចំនួនបានយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាសុខភាពអនាម័យនិងបរិស្ថាន និងដោយមានទឹកចិត្តស្រលាញ់ជាតិផងនោះ ទើបក្រុមការងាររបស់លោកស្រី បានបង្កើតសហគ្រាសនេះឡើងដើម្បីការពារបរិស្ថាននិងដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចកម្ពុជា និយាយជារួម និងនិយាយដោយឡែកសេដ្ឋកិច្ចក្នុងខេត្តពោធិ៍សាត់ឱ្យមានការរីកចម្រើនក្រោមដំបូលសុខសន្តិភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខដឹកនាំ។

លោកស្រីបន្ថែមថា សហគ្រាស TK & D នឹងធ្វើការផលិតកែវក្រដាសនិងបំពង់បឺតធ្វើពីម្សៅអង្ករ ម្សៅពោត និងម្សៅដំឡូង ដែលអាចពិសាបាន សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដោយមិនប្រើសារធាតុគីមីធ្វើឱ្យប៉ះពាល់ដល់សុខភាពនិងបរិស្ថាន ជាពិសេសកាត់បន្ថយកាកសំណល់ប្លាស្ទិក បង្កើតភាពបៃតងនៅកម្ពុជា។ លោកស្រីបានបន្តថា សហគ្រាសនេះអាចបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋយើងបានប្រមាណជាង ១០០នាក់។

ក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះការវិនិយោគនេះ និងសូមស្នើដល់សហគ្រាសឱ្យទទួលទិញផលិតផលដើមដែលបងប្អូនប្រជាកសិករក្នុងខេត្តធ្វើការដាំដុះនិងប្រមូលផលបានសម្រាប់ផ្គត់ផ្គង់ក្នុងតម្រូវការផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ ពោត និងដំឡូងនេះ។

ជាមួយគ្នានោះ លោកសូមឱ្យសហគ្រាសនេះទទួលបានការគាំទ្រពីសំណាក់អតិថិជនបានកាន់តែច្រើនឡើង ក្នុងការចូលរួមចំណែកជួយទ្រទ្រង់សេដ្ឋកិច្ចក្នុងខេត្ត ក៏ដូចសេដ្ឋកិច្ចកម្ពុជា៕

AKP

អត្ថបទទាក់ទង