ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាលអនុញ្ញាតឲ្យមន្ទីរពេទ្យឯកជនផ្ដល់សេវាព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាលនៅតាមផ្ទះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 122
ក្រសួងសុខាភិបាលអនុញ្ញាតឲ្យមន្ទីរពេទ្យឯកជនផ្ដល់សេវាព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាលនៅតាមផ្ទះ ក្រសួងសុខាភិបាលអនុញ្ញាតឲ្យមន្ទីរពេទ្យឯកជនផ្ដល់សេវាព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាលនៅតាមផ្ទះ

កាលពីថ្ងៃចន្ទ ក្រសួង​សុខាភិបាល​កម្ពុជា​ បានផ្ដល់សិទ្ធិ​ដល់មន្ទីរ​ពេទ្យឯកជន​ដែលមានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ ក្នុងការផ្ដល់​សេវាថែទាំ ​ព្យាបាល​អ្នកជំងឺ​កូវីដ-១៩ ​កម្រិតស្រាល​នៅតាមផ្ទះ។​ ការអនុញ្ញាត​របស់ក្រសួង​សុខាភិបាល​ដូច្នេះធ្វើ​ឡើងដើម្បីផ្ដល់​ឱកាស​ចូលរួម​ពីវិស័យឯកជន​ ស្របពេលដែល​កម្ពុជា​កំពុងពង្រឹង​វិធានការ​សុខាភិបាល​ដើម្បីទប់ទល់​នឹងការឆ្លងចូល​សហគមន៍​នៃមេរោគ​បំប្លែងខ្លួនថ្មី​ Delta​។

ដើម្បីធ្វើឲ្យវិសាលភាពនៃការទប់ស្កាត់ជំងឺកូវីដ-១៩កាន់តែមានភាពទូលាយ ក្រសួងសុខាភិបាលបានផ្ដល់ឱកាសដល់វិស័យសុខាភិបាលឯកជនរួមចំណែកព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះ។ ដោយឡែក មិនទាន់មានការបញ្ជាក់ច្បាស់ពីក្រសួងនៅឡើយទេអំពីកាលបរិច្ឆេទនៃការចាប់អនុវត្តន៍វិធានការនេះ ប៉ុន្តែក្រសួងបានបញ្ចេញនូវល័ក្ខខ័ណ្ឌចាំបាច់មួយចំនួនដែលម្ចាស់សេវាសុខាភិបាលឯកជនត្រូវគោរពតាម។

លក្ខខ័ណ្ឌទាំងនោះមានជាអាទិ៍ តម្រូវឲ្យមូលដ្ឋានសុខាភិបាលឯកជនមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល បុគ្គលិកពេទ្យត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាលច្បាស់លាស់ ត្រូវធានាឲ្យមានប្រព័ន្ធបញ្ជូនអ្នកជំងឺពីផ្ទះទៅមន្ទីរពេទ្យរដ្ឋ ឬឯកជនក្នុងករណីជំងឺវិវត្តន៍ធ្ងន់ធ្ងរ និងត្រូវទទួលបានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានក្នុងការព្យាបាលជាដើម។

បន្ថែមពីនេះ ក្រសួងសុខាភិបាលក៏បានប្រាប់ទៅម្ចាស់សេវាសុខាភិបាលឯកជនឲ្យដាក់លិខិតស្នើរសុំការអនុញ្ញាតដោយមានភ្ជាប់ជាមួយឯកសារសំខាន់ៗដូចជាកិច្ចសន្យា លិខិតព្រមព្រៀងផ្ដល់សេវាព្យាបាលអ្នកជំងឺកូវីដ-១៩។ល។

លោក ហុក គីមចេង អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាលបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនារសៀលថ្ងៃច័ន្ទនេះថា ការផ្ដល់ឱកាសឲ្យវិស័យសុខាភិបាលឯកជននេះអាចព្យាបាលអ្នកជំងឺកូវីដ-១៩តាមផ្ទះបានគឺមិនមែនមានន័យថារដ្ឋខ្វះលទ្ធភាពនោះទេ ប៉ុន្តែនេះជាការការផ្ដល់ឱកាសឲ្យវិស័យឯកជនបានចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ទៅវិញទេ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ អ្នកជំងឺកូវីដកម្រិតស្រាលដែលបានទទួលសេវាព្យាបាលព្យាបាលនៅតាមផ្ទះ បានកើនឡើងដល់ប្រមាណជាង៣ពាន់នាក់ទៅហើយ។ ក្នុងនោះ មានអ្នកជំងឺលើសពី៨០% មានការស្ថានភាពសុខភាពល្អប្រសើរឡើងវិញក្រោយការព្យាបាល។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីក្រសួងសុខាភិបាល។

គួរឲ្យដឹងដែរថា សេចក្ដីជូនដំណឹងលើការអនុញ្ញាតឲ្យវិស័យសុខាភិបាលឯកជនផ្ដល់សេវាព្យាបាលនៅតាមផ្ទះនេះធ្វើឡើងក្រោយពីការដាក់ចេញ​យន្តការព្យាបាល​អ្នកជំងឺ​កូវីដ-១៩​កម្រិតស្រាល​នៅតាមគេហដ្ឋាន​ក្នុង​ក្របខណ្ឌ​រាជធានីភ្នំពេញកាលពីខែមេសាកន្លងទៅដើម្បីផ្ដល់អទិភាពដល់អ្នកជំងឺកម្រិតធ្ងន់ឲ្យទទួលបានការព្យាបាលកាន់តែពេញលេញ៕ RFI

អត្ថបទទាក់ទង