ខ្មែរប៉ុស្ដិ៍ Close

វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ បើកវគ្គបណ្តុះបណ្តាល ស្តីពី «ព័ត៌មានទីផ្សារ» ដើម្បីពង្រឹងសមត្ថភាពមន្ត្រី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 42
វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ បើកវគ្គបណ្តុះបណ្តាល ស្តីពី «ព័ត៌មានទីផ្សារ» ដើម្បីពង្រឹងសមត្ថភាពមន្ត្រី វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ បើកវគ្គបណ្តុះបណ្តាល ស្តីពី «ព័ត៌មានទីផ្សារ» ដើម្បីពង្រឹងសមត្ថភាពមន្ត្រី

ដើម្បីពង្រឹងសមត្ថភាពមន្ត្រី សំដៅឆ្លើយតបនឹងគោលដៅសសរស្តមទី៣ នៃអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម ដែលជាយន្តការអភិវឌ្ឍវិស័យពាណិជ្ជកម្មជាតិ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវនៃក្រសួងពាណិជ្ជកម្ម ហៅកាត់ថា TTRI បានសហការជាមួយអង្គការ Friedrich Naumann Foundation for Freedom ប្រទេសអាល្លឺម៉ង់ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ព័ត៌មានទីផ្សារ» ដែលជាប្រធានបទសំខាន់ សម្រាប់ជំរុញការអភិវឌ្ឍវិស័យឯកជន នៅក្នុងប្រទេសកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើង នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីសិក្ខាកាម ដែលសុទ្ធសឹងជាមន្ត្រីមកពីមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត និងនាយកដ្ឋានចំណុះក្រោមក្រសួងពាណិជ្ជកម្ម ចំនួន ៦០នាក់។

នៅក្នុងឱកាសនោះ លោក សំហេង បូរ៉ា បានលើកឡើងពីការអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ព្រមទាំងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញ និងអភិវឌ្ឍន៍វិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យម។ ឯកឧត្តមបានបន្តថា ក្រៅពីការធ្វើពិពិធកម្មទីផ្សារថ្មីៗ ក្រសួងពាណិជ្ជកម្ម ក៏បានធ្វើកិច្ចអន្តរាគមន៍មួយចំនួន ដើម្បីរក្សាសេ្ថរភាពថ្លៃទំនិញនៅលើទីផ្សារ ជាពិសេសមុខទំនិញដែលជាតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចជា៖ ស្រូវ អង្ករ ប្រេងឥន្ធនៈ អគ្គិសនី និងទឹកស្អាត ជាដើម។

លោក សំហេង បូរ៉ា បានគូសបញ្ជាក់ថា «យើងបានចងក្រងជាសមាគមម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ដំឡូងមី ក្រូចថ្លុងកោះទ្រង់ និងជលផលសមុទ្រ ហើយបច្ចុប្បន្ន ក្រសួងកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធ ធ្វើការចរចាជាមួយភាគីចិនអំពីអនាម័យ និងភូត្តគាមអនាម័យ (SPS) ដើម្បីសម្រួលដល់ការនាំចេញរបស់អាជីវករ និងពាណិជ្ជករកម្ពុជាថែមទៀត»។

លោក សួន វិជ្ជា ប្រធានវិទ្យាស្ថាន TTRI បានលើកឡើងពីលទ្ធផលការងាររបស់វិទ្យាស្ថាន ជាពិសេសការបណ្តុះបណ្តាលមន្ត្រីរាជរដ្ឋាភិបាល និងតំណាងវិស័យឯកជន ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មជាតិ ហើយប្រធានបទលើកនេះ គឺដើម្បីផ្តល់ចំណេះដឹង និងបទពិសោធន៍ល្អៗជូនសិក្ខាកាម ទាក់ទិនការប្រើប្រាស់ឧបករណ៍វិភាគទីផ្សារអន្តរជាតិ ITC International Market Analysis Tools ដើម្បីកំណត់និន្នាការទីផ្សារ លក្ខខណ្ឌច្រកចូលទីផ្សារ ព្រមទាំងឱកាស និងបញ្ហាប្រឈម សម្រាប់ជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕

អត្ថបទទាក់ទង