ខ្មែរប៉ុស្ដិ៍ Close

ក្រុមតាលីបង់ជំនាន់ទី ២.០ ៖ ផលប៉ះពាល់នៅក្នុងតំបន់និងនៅក្នុងពិភពលោក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 52
ក្រុមតាលីបង់ជំនាន់ទី ២.០ ៖  ផលប៉ះពាល់នៅក្នុងតំបន់និងនៅក្នុងពិភពលោក ក្រុមតាលីបង់ជំនាន់ទី ២.០ ៖ ផលប៉ះពាល់នៅក្នុងតំបន់និងនៅក្នុងពិភពលោក

ជ័យជម្នះនាពេលថ្មីៗរបស់ក្រុមតាលីបង់ បូករួមនឹងឥទ្ធិពលដែលអាចកើតមានទៅលើបរិយាកាសយុទ្ធសាស្ត្រទាំងនៅក្នុងតំបន់ និងនៅក្នុងពិភពលោក គឺជារឿងដែលងាយស្រួលយល់។ រយៈពេល ២ សប្តាហ៍ដំបូងនៃការកាន់ អំណាចរបស់ក្រុមនេះ បានធ្វើឱ្យគេនឹកឃើញដល់ទង្វើសាហាវព្រៃផ្សៃកាល ពីពេលកន្លងមក ដែលជាហេតុបង្កឱ្យមានការលូកដៃពីសំណាក់មហាអំណាចខាងក្រៅ។

អនាគតរបស់ប្រទេសអាហ្វហ្កានីស្ថាននឹងស្ថិតនៅក្នុងភាពវឹកវរជាយូរអង្វែងតទៅមុខទៀត។ ប្រជាជនអាហ្វហ្កានីស្ថានបានបង្ហាញពីភាពក្លាហានរបស់ពួកគេនៅក្នុងថ្ងៃបុណ្យឯករាជ្យលើកទី ១០១ របស់ប្រទេសនេះ កាលពីសប្តាហ៍មុន តាមរយៈការធ្វើបាតុកម្មប្រឆាំងនឹងការប្រើប្រាស់ទង់ជាតិរបស់ក្រុមតាលីបង់។

ក្រុមតាលីបង់បានអះអាងម្តងហើយម្តងទៀតថា «ពួកគេបានផ្លាស់ប្តូររបៀបដឹកនាំចាស់របស់ពួកគេហើយ និងចង់រស់នៅដោយសុខសាន្តជាមួយនឹងជនជាតិអាហ្វហ្កានីស្ថានក៏ដូចជា ជាមួយនិងពិភពលោកទាំងមូល»។ ក៏ប៉ុន្តែនៅក្នុងរយៈពេល ២ សប្ដាហ៍កន្លងមកនេះ ការអនុវត្តរបស់ពួកគេគឺមានលក្ខណៈអាក្រក់ខ្លាំង និងផ្ទុយពីអ្វីដែលពួកគេបានអះអាង។

ការដកទ័ពរបស់អាមេរិកនិងអង្គការ NATO ចេញយ៉ាងប្រញ៉ាប់ប្រញ៉ាល់បំផុត គឺជាកំហុសដ៏ធំមួយ ពីព្រោះវាបានកើតឡើងនៅពេលដែលភាគីជម្លោះទាំងអស់កំពុងប្រយុទ្ធគ្នា ដើម្បីដណ្តើមអំណាច និដើម្បីដណ្តើមកាន់កាប់ទឹកដីនៅឡើយ។

វាក៏ជាទង្វើក្បត់ ចំពោះប្រជាជនអាហ្វហ្កានីស្ថានផងដែរ ដែលអស់រយៈពេលជាង ២ ទស្សវត្សរ៍កន្លងមកនេះ បានរស់នៅក្នុងប្រទេសមួយ ដែលលទ្ធិប្រជាធិបតេយ្យមានដំណើការ នៅក្នុងកម្រិតមធ្យមប៉ុណ្ណោះ។ វាគឺជាមហន្តរាយមួយដែលកងទ័ពបរទេសបានចាកចេញទៅដោយមិនមានការរៀបចំសមស្របណាមួយសម្រាប់ប្រជាជនអាហ្វហ្កានីស្ថាន ហើយនៅពេលឥឡូវនេះ ពួកបណ្តាប្រទេសលោកខាងលិចនឹងត្រូវរងនូវបាបកម្មដែលពួកគេបានសាងរហូតដល់ថ្ងៃស្លាប់។

រឿងតែម៉្យាងគត់ ដែលប្រជាជនអាហ្វហ្កានីស្ថានដ៏ទន់ខ្សោយអាចធ្វើបាននៅពេលនេះគឺការបង្ហាញឱ្យគ្រប់គ្នាឃើញថា «ពួកគេស្រឡាញ់ប្រទេសជាតិ និងស្រលាញ់ទង់ជាតិរបស់ពួកគេ»។ នៅពេលដែលជនជាតិអាហ្វហ្កានីស្ថានរាប់ពាន់នាក់បានចេញដើរតាមដងផ្លូវនៅទីក្រុង Jalalabad និងទីក្រុងកាប៊ុល ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងការប្ដូរមក ប្រើទង់ជាតិរបស់ក្រុមតាលីបង់ ពួកគេ ទាំងនោះសុខចិត្តលះបង់អនាគតរបស់ពួក
គេ ពីព្រោះវាច្បាស់ណាស់ថា «ក្រុមតាលីបង់នឹងមិនអនុញ្ញាតឱ្យពួកគេអាចបន្តរស់រានមានជីវិតទៀតនោះទេ»។

ប្រជាជនអាហ្វហ្កានីស្ថានមួយចំនួនដែលបានធ្វើការឱ្យលោកខាងលិច ហើយមិនអាចចាកចេញពីប្រទេសបាន កំពុងត្រូវបានក្រុមតាលីបង់តាមប្រមាញ់និងអាចប្រឈមនឹងការយកទៅសម្លាប់ចោល។ បុរសនិងស្រ្តី
អាហ្វហ្កានីស្ថានកាន់តែច្រើនឡើងៗ នឹងក្លាយជាគោលដៅក្នុងការតាមប្រមាញ់នេះនាពេលឆាប់ៗខាងមុខ។

ខណៈពេលដែលការសម្លាប់នៅតែបន្តកើតឡើង នោះវានឹងក្លាយជារឿងដ៏ពិបាកសម្រាប់ក្រុមតាលីបង់ ក្នុងការអនុវត្តតាមការសន្យារបស់ខ្លួនពាក់ព័ន្ធនឹងការសម្របសម្រួល និងការចង់រស់នៅរួមគ្នាដោយសុខសាន្ត។

បើក្រឡេកទៅមើលស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសក្បែរខាង គឺនៅក្រោយរដ្ឋប្រហារខែកុម្ភៈ អ្នកដឹកនាំថ្មី ដែលបានចូលមកកាន់អំណាច ក៏បានបង្កឱ្យមានការភ័យ ខ្លាចយ៉ាងខ្លាំងផងដែរ តាមរយៈការសម្លាប់ និងការចាប់ខ្លួនអ្នកនយោបាយប្រឆាំង។

របាយការណ៍ចុងក្រោយបង្អស់ ដែលចេញដោយសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (Assistance Association for Political Prisoners) បានឱ្យដឹងថា «ចំនួនមនុស្សដែលត្រូវបានសម្លាប់ និងចាប់ខ្លួននៅមីយ៉ាន់ម៉ាបានកើន ដល់ប្រមាណ ១០០០ នាក់»។ សម្រាប់ក្រុមតាលីបង់វិញ គេបានប៉ាន់ប្រមាណថា «ចំនួនមនុស្សដែលនឹងត្រូវបានសម្លាប់ និងចាប់ខ្លួនអាចនឹងមានចំនួនច្រើនជាង នេះឆ្ងាយណាស់»។

វត្តមានរបស់ជនជាតិអាហ្វហ្កានីស្ថាន ដែលកំពុងធ្វើការតវ៉ាប្រឆាំងនៅពេលនេះ អាចជាការបង្ហាញថា «គ្រាប់ពូជនៃជម្លោះបាននិងកំពុងចាប់ផ្តើម» ហើយជនស៊ីវិលទាំងនេះបានបដិសេធមិនទទួលស្គាល់អត្តសញ្ញាណថ្មីដែល បានកំណត់ដោយក្រុមតាលីបង់។ ក៏ប៉ុន្តែអារម្មណ៍ប្រឆាំងបែប នេះមិនទាន់បានកើត មាននៅទូទាំងប្រទេសអាហ្វហ្កានីស្ថាននៅឡើយទេ។

ប្រទេសអាហ្វហ្កានីស្ថានមាន ប្រជាជនចំនួន ៣៩ លាននាក់ដែលចែក ចេញជាក្រុមជនជាតិ ភាគតិចចំនួន ១៤ និងដែលសុទ្ធតែធ្វើការដើម្បីផលប្រយោជន៍របស់ក្រុមគេរៀងៗខ្លួន។ បើទោះបីជាក្រុមខ្លះបាននិងកំពុងធ្វើសង្គ្រាមជាមួយគ្នាក៏ដោយ ក៏ពួកគេនៅមានចំណុចមួយដែលដូចគ្នា ដែលនោះគឺ «ការស្រឡាញ់ប្រទេសរបស់ពួកគេ និងការរារាំងជនបរទេសពីការគ្រប់គ្រងប្រទេសរបស់ពួកគេ»។

នៅប៉ុន្មានថ្ងៃខាងមុខទៀត ក្រុមតាលីបង់អាចនឹងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើននៅក្នុងការគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថាន ខណៈដែលក្នុងរយៈពេល ២ ទសវត្សរ៍កន្លងមកនេះ ប្រទេសនេះបានឆ្លងកាត់ការផ្លាស់ប្តូរសង្គមក្នុងកម្រិតមួយដែលមិនធ្លាប់មានពីមុនមក។

ប្រធានាធិបតី បៃឌិន បាននិយាយដោយមិនត្រឹមត្រូវថា «ប្រទេសរបស់លោកបានចូលមកក្នុងប្រទេសអាហ្វហ្កានីស្ថានដើម្បីសម្លាប់អ្នកដែលនៅពីក្រោយសោកនាដកម្មថ្ងៃទី ១១ ខែកញ្ញាប៉ុណ្ណោះ និងមិនមែនមកក្នុងគោលបំណងចង់កសាងប្រទេសនេះនោះទេ» ដែលនេះគឺជាសេចក្តីថ្លែងការណ៍ដ៏គួរឱ្យអស់សំណើចមួយ។

ប្រសិនបើក្រុមតាលីបង់នៅតែបន្តទម្លាប់ចាស់របស់ពួកគេ ឬបើទោះបីជាពួកនេះបានកែប្រែឥរិយាបទបានល្អប្រសើរជាងមុន និងអាចអនុវត្តតាមការសន្យារបស់ពួកគេក៏ដោយ ក៏ប្រទេសអាហ្វហ្កានីស្ថាននឹង នៅតែជាទឹកដីមួយដែលពោរពេញទៅ ដោយការប្រមូលផ្តុំនៃក្រុមជ្រុលនិយមជាច្រើន។

ពន្ធនាគារទាំងអស់ បូករួមទាំងពន្ធនាគារនៅមូលដ្ឋានទ័ពអាកាស Bagram ត្រូវបានបើកទ្វារចំហចោល ហើយពេលនេះ អ្នកទោសជាង ៥០០០ នាក់កំពុងមានសេរីភាពឡើងវិញ។ អ្នកទោសទាំងនោះ រួមមានទាំងក្រុមភេរវករធំៗផងដែរ ហើយពួកគេប្រាកដជានឹងព្យាយាមប្រមូលផ្តុំគ្នាឡើងវិញ ឬក៏អាចទៅបង្កើតសម្ព័ន្ធភាពថ្មីៗដើម្បីពង្រឹងបណ្តាញរបស់ពួកគេឡើងវិញ។ និន្នាការនេះគឺមានគ្រោះថ្នាក់ខ្លាំងណាស់ ហើយវាអាចនឹងបង្កឱ្យមានការបំផ្លិចបំផ្លាញនៅទូទាំងពិភពលោក។

ភ្លាមៗ បន្ទាប់ពីសោកនាដកម្មនៅទីក្រុងញូវយ៉ក តំបន់អាស៊ីអាគ្នេយ៍ត្រូវបានគេប្រកាសថាជាសំបុកទី ២ នៃអង្គការភេរវកម្មពិភពលោក ហើយបណ្តាមេដឹកនាំអាមេរិកក៏បានផ្តោតការយកចិត្តទុកដាក់មកលើតំបន់នេះ
យ៉ាងពេញទំហឹង និងបានបញ្ចុះបញ្ចូលបណ្តាប្រទេសសំខាន់ៗមួយចំនួននៅក្នុងតំបន់ដែលរួមមានទាំងប្រទេសថៃផងដែរ ឱ្យចូលរួមនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។

នៅអំឡុងទសវត្សរ៍ឆ្នាំ ២០០០ សមាជិកអាស៊ានមួយចំនួនបានប្រឈមមុខនឹងក្រុមជ្រុលនិយមក្នុងស្រុក បូករួមទាំងបណ្តាញរបស់ពួកគេ ដែលមានដូចជាក្រុមឥស្លាមជ្រុលនិយម «Jamiah Islamiah» ដែលផ្តោតការវាយប្រហារទៅលើប្រជាជនក្នុងស្រុក និងជនបរទេស។

ប្រសិនបើក្រុមជ្រុលនិយមទាំងនេះអាចប្រមូលផ្តុំគ្នាឡើងវិញ នោះប្រទេសថៃត្រូវតែត្រៀមខ្លួនឱ្យបានរួចរាល់ ពីព្រោះប្រទេសថៃធ្លាប់ជាទីកន្លែងជួបប្រជុំគ្នារបស់ក្រុមភេរវករទាំងអស់នេះ។ ការវិលត្រឡប់មក វិញរបស់ក្រុមទាំងនេះ នឹងបង្កផលប៉ះពាល់អវិជ្ជមាន ក៏ដូចជាបង្កអស្ថិរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ខណៈពេលដែលតំបន់នេះក៏បាននិងកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរពីវីរុសរាតត្បាតកូវីដ-១៩ ហើយបញ្ហាទាំងនេះអាចនឹងបង្កការបំផ្លាញដល់ក្តីសង្ឃឹមក្នុងការងើបឡើងវិញឱ្យបានឆាប់រហ័ស។

គេនឹងមិនមានការភ្ញាក់ផ្អើលនោះទេ ដែលប្រធានបទថ្មីមួយទៀតពាក់ព័ន្ធនឹងបញ្ហាអាហ្វហ្កានីស្ថាន នឹងត្រូវបានដាក់បញ្ចូលទៅក្នុងរបៀបវារៈរបស់អាស៊ាននៅប៉ុន្មានខែខាងមុខនេះ បន្ថែមពីលើវិបត្តិនៅមីយ៉ាន់ម៉ា។

ប៉ុន្តែសូមចងចាំថា «តំបន់នេះនៅតែមានអ្នកគាំទ្រអតីតក្រុម Al-Qaeda និងក្រុម ISIS រាប់ពាន់នាក់នៅឡើយ» ហើយពួកគេអាចនឹងប្រមូលកម្លាំងគ្នាឡើងវិញ ប្រសិនបើការវិលត្រឡប់របស់ក្រុមតាលីបង់មិនទទួលបានការទទួលស្គាល់ ឬប្រសិនបើក្រុមតាលីបង់ព្យាយាមរារាំងពួកគេមិនឱ្យប្រើប្រាស់ទឹកដីអាហ្វហ្កានីស្ថានជាទីតាំងឈរជើង។

ចាប់តាំងពីថ្ងៃទី ១៥ សីហាមក ប្រទេសអាហ្វហ្កានីស្ថានបានក្លាយជាទីតាំងសមរភូមិថ្មីមួយទៀតរបស់បណ្តាប្រទេសមហាអំណាច ដែលបាននិងកំពុងខិតខំបង្កើតយុទ្ធសាស្ត្រថ្មីៗដើម្បីពង្រឹងតួនាទី និងឥទ្ធិពលរបស់ពួកគេនៅទីតាំងដ៏សំខាន់បំផុតរបស់ភូមិភាគអាស៊ីកណ្តាល។

ក្រុមតាលីបង់ប្រាកដជានឹងព្យាយាមពង្រឹងមិត្តភាពជាមួយបណ្ដាប្រទេសជិតខាងរបស់ខ្លួន ជាពិសេសគឺប្រទេសប៉ាគីស្ថាន, អ៊ីរ៉ង់, ឥណ្ឌា និងចិន។ នៅមួយសប្តាហ៍មុនការដួលរលំនៃទីក្រុងកាប៊ុល កិច្ចប្រជុំមួយនៅទីក្រុង Tianjin រវាងសហស្ថាបនិកក្រុមតាលីបង់ លោក Mullah Abdul Ghani Baradar ជាមួយនឹងលោក Wang Yi បានបង្ហាញថា «ប្រទេសចិនបានទស្សន៍ទាយដឹងពីរឿងនេះមុនរួច ទៅហើយ»។

ប្រទេសចិនអាចនឹងទទួលបានផលប្រយោជន៍យ៉ាងច្រើន ពីស្ថានភាពប្រកបដោយស្ថិរភាពនៅអាហ្វហ្កានីស្ថាន ដែលនេះក៏ដោយសារតែស្ថានភាពបច្ចុប្បន្នរបស់ខេត្ត Xinjiang ដែលសម្បូរទៅដោយប្រជាជនកាន់សាសនា មូស្ល៊ីម បូករួមជាមួយ នឹងដំណើរការរបស់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន។

វាគឺជាផលប្រយោជន៍រួមរបស់ប្រទេសទាំង ២ ក្នុងការពង្រឹងទំនាក់ទំនងជាមួយគ្នាបានឱ្យកាន់តែស៊ីជម្រៅ ហើយនេះគឺជារបៀបមួយ ដែលប្រទេសចិនតែងតែធ្វើជាមួយបណ្តាប្រទេសទាំងឡាយណាដែលត្រូវ បានលោកខាងលិចបោះបង់ចោល។

ប្រទេសជិតខាងដ៏មានឥទ្ធិពល2ទៀតរបស់អាហ្វហ្កានីស្ថាន គឺប្រទេសប៉ាគីស្ថាន និងឥណ្ឌាដែលអាចនឹងក្លាយជាធាតុដ៏សំខាន់នៅក្នុងអនាគតរបស់ប្រទេសនេះ។ ក៏ប៉ុន្តែ ដោយគិតមកត្រឹមពេលនេះ គោនយោបាយ និងសកម្មភាពរបស់ពួកគេនៅតែមានលក្ខណៈប្រឆាំងគ្នាទៅវិញទៅមកនៅឡើយ។

ជាមួយនឹងការវិលចូលមកកាន់អំណាចវិញរបស់ក្រុមឥស្លាមនៅទីក្រុងកាប៊ុលក្នុងពេលបច្ចុប្បន្ននេះ មុខមាត់ពិត និងសារជាតិពិតរបស់ប៉ាគីស្ថានអាចនឹងត្រូវបើកបង្ហាញឱ្យសាធារណជនបាន ឃើញថា «តើប៉ាគីស្ថានគឺជាអ្នកបង្កើតសន្តិភាពឬក៏ជាអ្នកបំផ្លាញសន្តិភាព»។

ប្រទេសឥណ្ឌាមានតួនាទីពិសេសមួយនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ដោយសារតែប្រទេសឥណ្ឌាគឺជាផ្នែកមួយនៃចលនាប្រជាធិបតេយ្យរបស់ពិភពលោក។ ប្រទេសឥណ្ឌាដែលទទួលបានការគាំទ្រពីបណ្តាប្រទេសលោកខាងលិច នឹងត្រូវការភាពប៉ិនប្រសប់ខាងផ្នែកការទូតនិងត្រូវប្រើមធ្យោបាយការទូតផ្សេងៗទៀត ដើម្បីអាចឱ្យខ្លួនចូលរួមឡើងវិញជាមួយមេដឹកនាំនៅអាហ្វហ្កានីស្ថាន ពីព្រោះភាពធ្វេសប្រហែសណាមួយនឹងអាចបង្កផលប៉ះពាល់ដល់ប្រទេសរបស់ខ្លួនក៏ដូចជាដល់ព្រំដែនរវាងប៉ាគីស្ថាននិងឥណ្ឌាដែលកំពុងមានបញ្ហាស្រាប់ផងនោះ។ គួរបញ្ជាក់ផងដែរថា «ប្រទេសឥណ្ឌាធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ
រដ្ឋាភិបាលប្រជាធិបតេយ្យនៅអាហ្វហ្កានីស្ថាន»។

ប្រទេសអាហ្វហ្កានីស្ថានសព្វថ្ងៃនេះលែងមានកងទ័ពបរទេសទៀតហើយ។ ក្រុមតាលីបង់ជំនាន់ទី ២.០ ត្រូវតែធ្វើការប្រកបដោយភាពឈ្លាសវៃជាមួយគ្រប់ក្រុមជនជាតិភាគតិចទាំងអស់នៅក្នុងប្រទេស ក៏ដូចជាជាមួយនឹងប្រជាជនគ្រប់ស្រទាប់វណ្ណៈនិងគ្រប់វ័យ ជាពិសេសជាមួយយុវជនដែលជាក្រុមប្រកបទៅដោយមហិច្ឆតា។

ការធ្វើបែបនេះគឺជាវិធីតែមួយគត់ដែលអាចធ្វើឱ្យក្រុមតាលីបង់ទទួលបាននូវភាពស្របច្បាប់និងការគាំទ្រពីសំណាក់ប្រជាជនអាហ្វហ្កានីស្ថាន ក៏ដូចជាពីសំណាក់សហគមន៍អន្តរជាតិផងដែរ។ រឿងមួយដែលក្រុមតាលីបង់ត្រូវចងចាំនោះគឺថា «ខ្លួននឹងពិបាកក្នុងការចាប់ផ្ដើមសករាជថ្មីណាស់ ប្រសិនបើសិទ្ធិនិងការអប់រំរបស់ស្ត្រីនិងក្មេងស្រីអាហ្វហ្កានីស្ថានរងនូវការរឹតត្បិត»៕ Bangkok Post

អត្ថបទទាក់ទង