ខ្មែរប៉ុស្ដិ៍ Close

កូរ៉េ ស្នើសុំកិច្ចគាំទ្រពីកម្ពុជា ដើម្បីកូរ៉េអាចធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ Cop-28 ឆ្នាំ២០២៣ខាងមុខ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 52
កូរ៉េ ស្នើសុំកិច្ចគាំទ្រពីកម្ពុជា ដើម្បីកូរ៉េអាចធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ Cop-28 ឆ្នាំ២០២៣ខាងមុខ កូរ៉េ ស្នើសុំកិច្ចគាំទ្រពីកម្ពុជា ដើម្បីកូរ៉េអាចធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ Cop-28 ឆ្នាំ២០២៣ខាងមុខ

សាធារណរដ្ឋកូរ៉េ បានស្នើសុំនូវកិច្ចគាំទ្រពីកម្ពុជា ដើម្បីកូរ៉េអាចធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ cop-28 នៃភាគីជាសមាជិកអនុសញ្ញាប្រែប្រួលអាកាសធាតុឆ្នាំ២០២៣ខាងមុខនេះ។

ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក Park Heung Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា បានស្នើសុំនូវកិច្ចគាំទ្រពីកម្ពុជា ដើម្បីឲ្យកូរ៉េអាចធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ cop-28 ស្របពេលដែលបណ្តាប្រទេសក្នុងតំបន់អាស៊ី និងកូរ៉េ មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហា និងការផ្តល់នូវថវិកាចំពោះការប្រែប្រួលអាកាសធាតុ តាមរយៈមូលនិធិអាកាសធាតុ បៃតង(GCF)។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត ក៏បានថ្លែងនូវការកោតសរសើរចំពោះកម្ពុជា ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

លោកឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនូវការពង្រីកវិសាលភាពបន្ថែមទៅលើគម្រោង ODA ( Official Development Assistant) ដែលបានគាំទ្រកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យផ្សេងៗ ជាមួយកម្ពុជា និងបានស្នើសុំឲ្យកម្ពុជាគាំទ្រផងដែរដល់ក្រុមហ៊ុនវិនិយោគកូរ៉េ ដែលមានបំណងមកដាំឬស្សី ក្នុងពេលឆាប់ៗនេះ។

ជាការឆ្លើយតប លោក សាយ សំអាល់ បានសម្តែងនូវការគាំទ្រ និងស្វាគមន៍ចំពោះការស្នើសុំដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំង២ ក្នុងវិស័យបរិស្ថាន និង កសិកម្ម ក៏ដូចជាទីផ្សារការងារសម្រាប់កម្ពុជា។ លោករដ្ឋមន្រ្តីក៏បានស្នើសុំឲ្យកូរ៉េបន្តជំរុញបច្ចេកទេសលើវិស័យកសិកម្មដែលបន្ស៊ីទៅនឹងការប្រែប្រួលអាកាសធាតុ ដូចជាពូជស្រូវ និងពូជដំណាំជាដើម៕

អត្ថបទទាក់ទង