ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ចូលរួមពិធីបើករបស់គណៈកម្មាធិការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី នាទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ

ដោយ៖ Sreyleak ​​ | ថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 200
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ចូលរួមពិធីបើករបស់គណៈកម្មាធិការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី នាទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ចូលរួមពិធីបើករបស់គណៈកម្មាធិការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី នាទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ

(សេអ៊ូល)៖ នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើករបស់គណៈកម្មាធិការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី នាទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ពិធីបើកនេះមានការអញ្ជើញចូលរួមពីឯកឧត្តម Lee Wan-kyu រដ្ឋមន្ត្រីក្រសួងនីតិកម្ម នៃសាធារណរដ្ឋកូរ៉េ និងឯកឧត្តម Pakorn Niprapunt អគ្គលេខាធិការក្រុមប្រឹក្សារដ្ឋនៃព្រះរាជាណាចក្រថៃ។ គោលបំណងនៃពិធីនេះ ឺជាការផ្តួចផ្តើមពិភាក្សារៀបចំបង្កើត
ក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី ជាអង្គការអន្តររដ្ឋាភិបាលមួយសម្រាប់កិច្ចសហការផ្នែកនីតិកម្មនៅតំបន់អាស៊ីនៅឆ្នាំ២០៣០

ជាកិច្ចចាប់ផ្តើម, ឯកឧត្តម Lee Wan-kyu រដ្ឋមន្ត្រីក្រសួងនីតិកម្ម នៃសាធារណរដ្ឋកូរ៉េ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់ ឯកឧត្តមឧបនាយក
រដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ឯកឧត្តម Lee Wan-kyu រដ្ឋមន្ត្រីក្រសួងនីតិកម្ម នៃសាធារណរដ្ឋកូរ៉េ ក៏បានថ្លែងអំពីគោលបំណងនៃការបង្កើតក្រុមប្រឹក្សានេះ និងបានជម្រាបជូនអំពីផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៤-២០២៥ ជូនអង្គប្រជុំដើម្បីពិនិត្យ និងផ្តល់យោបល់។

ក្នុងសុន្ទរកថាបើកក្នុងពិធីខាងលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បាន
លើកឡើងថា គណៈកម្មាធិការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ីគឺជាចំណុចចាប់ផ្តើមក្នុងកិច្ចសហការផ្នែកនីតិកម្មរវាងប្រទេសនៅតំបន់អាស៊ី។ លើសពីនេះ ការបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី នឹងក្លាយជាបណ្តាញដ៏សំខាន់មួយដែលអនុញ្ញាតឱ្យមានសុខដុមនីយកម្មក្នុងក្របខ័ណ្ឌច្បាប់, លើកកម្ពស់ឧត្តមានុវត្តន៍, និងគាំទ្រគ្នាទៅវិញទៅមកក្នុងបរិការណ៍វិវត្តន៍យ៉ាងឆាប់រហ័សនៃពិភពលោកលើកិច្ចការនីតិកម្មតាមរយៈក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ីនេះ អ្នកជំនាញការច្បាប់, អ្នករៀបចំគោលនយោបាយ, និងអ្នកតាក់តែងច្បាប់និងអនុម័តច្បាប់អាចធ្វើការរួមគ្នាជាបណ្តាញ ដើម្បីពង្រឹងសមាហរណកម្មតំបន់ និងធានាថាប្រព័ន្ធច្បាប់របស់ប្រទេសនានាអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានលើកឡើងផងដែរអំពីគោលការណ៍នីតិរដ្ឋ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា​ និងត្រូវបានទទួលស្គាល់ដើម្បីធានាថា ច្បាប់គឺសម្រាប់ទាំងអស់គ្នា, គ្រប់គ្នាស្មើភាពគ្នាចំពោះមុខច្បាប់ និងគ្មាននរណាម្នាក់នៅលើច្បាប់។ លើសពីនេះ ច្បាប់ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហានានារបស់សង្គម, មិនមែនបង្កើតបញ្ហា ឬបង្កើនបន្ទុក ឬផ្តល់សម្ពាធសម្រាប់មនុស្ស និងសង្គមទេ។ ជាក់ស្តែង ក្នុងបរិបទនៃសេដ្ឋកិច្ចទីផ្សារ ច្បាប់ត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់យន្តការទីផ្សារ  ដើម្បីពង្រឹងប្រសិទ្ធភាព និងអត្ថប្រយោជន៍នៃប្រព័ន្ធ ច្បាប់ត្រូវជំរុញផលិតភាពនិងនវានុវត្តន៍ ព្រមទាំងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខិតខំបំពេញការងារ ក្រោមក្របខ័ណ្ឌនៃភាពប្រកួតប្រជែងនិងស្មើភាពដោយមានឱកាសស្មើៗគ្នា និងរីកចម្រើនទាំងអស់គ្នា។ ក្នុងន័យនេះ ក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ីនឹងដើរតួនាទីយ៉ាងសំខាន់ក្នុង​​ការដោះស្រាយបញ្ហារួមគ្នាផ្នែកច្បាប់, សម្រេចបាននូវកិច្ចសហការក្នុងដំណើរការនៃការបង្កើតច្បាប់, ការផ្លាស់ប្តូរព័ត៌មានអំពីច្បាប់នៃប្រទេសជាសមាជិក, និងកិច្ចសហការក្នុងការកែសម្រួលច្បាប់។ តាមរយៈ ក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី យើងប្តេជ្ញានឹងធ្វើការរួមគ្នា ប្រមូលផ្តុំនូវចំណេះដឹងនិងកម្លាំងរួមគ្នា ដើម្បីកសាងអាស៊ីមួយដែលមានសាមគ្គីភាព ភាពធន់ និងភាពឧត្តុង្គឧត្តម។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការវង្សី វិស្សុត ក៏បានបញ្ជាក់អំពីជំនឿចិត្តថា  យើងទាំងអស់គ្នានឹងអាចកសាងស្ថាប័នមួយដែលឈរលើស្មារតីកិច្ចសហការ និងក្លាយជាក្តីសង្ឃឹមនៃប្រជាជនគ្រប់ជំនាន់ ដែលនឹងជះឥទ្ធិពលជាវិជ្ជមានដល់កំណើនសេដ្ឋកិច្ច វិបុលភាព និងសុខដុមរមនាក្នុងតំបន់។

នាចុងបញ្ចប់នៃពិធីបើករបស់គណៈកម្មាធិការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី ក៏មានការចុះហត្ថលេខាលើកំណ​ត់ហេ​តុកិច្ចប្រជុំរបស់គណៈកម្មាធិការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី រវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត, ឯកឧត្តម Lee Wan-kyu, និងឯកឧត្តម Pakorn Niprapunt  ដោយបានកំណត់អំពីបែបបទនិងដំណើរការនៃការងារក្នុងការបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី និងបានកំណត់ឱ្យមានកិច្ចពិភាក្សាដើម្បីឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ក្នុងការបង្កើតក្រុមប្រឹក្សានេះនៅឆ្នាំ២០២៥ខាងមុខ 

អត្ថបទទាក់ទង