សាធារណរដ្ឋកូរ៉េ បានផ្តល់ហិរញ្ញប្បទានឥតសំណងលើកដំបូងនូវទឹកប្រាក់១០លានដុល្លារ សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ចាប់ពីឆ្នាំ២០២១-២០២៥
សាធារណរដ្ឋកូរ៉េ បានផ្តល់ហិរញ្ញប្បទានឥតសំណងលើកដំបូងនូវទឹកប្រាក់ចំនួន ១០លានដុល្លារអាមេរិក សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងត្រីភាគីតាមប្រព័ន្ធវីដេអូ រវាងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(អាជ្ញាធរមីន) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) សម្រាប់ការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ចាប់ពីឆ្នាំ២០២១-២០២៥ នៅខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ដែលគម្រោងនេះក៏ទទួលបានថវិកាគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ប្រទេសអូស្ត្រាលីនូវែលសេឡង់ និងអង្គការUNDPផងដែរ។
ពិធីចុះហត្ថលេខា បានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីលោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន, លោក Nick Beresford តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា, លោក Rho Hyunjun នាយកKOICAប្រចាំកម្ពុជា, លោក Ryan Tierney លេខាទី១នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា, លោក Elliott Kirton លេខាទី១ស្ថានទូតប្រទេសនូវែលសេឡង់ប្រចាំនៅប្រទេសថៃតំណាងម្ចាស់ជំនួយ និងតំណាងក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងនាមលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានលើកឡើងថា ការចុះហត្ថលេខាលើការប្តេជ្ញាចិត្តត្រីភាគីនាថ្ងៃនេះ គឺជាគំរូដ៏ប្រសើរមួយសម្រាប់កិច្ចសហប្រតិបត្តិការនិងក៏ជាសក្ខីភាពនៃការតាំងចិត្តខ្ពស់រួមគ្នាក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើឱ្យប្រទេសកម្ពុជាឈានដល់គោលដៅក្លាយជាប្រទេសគ្មានមីនឆ្នាំ២០២៥។
លោកទេសរដ្ឋមន្រ្តីបានបន្ថែមទៀតថា ជាមួយនឹងជំនួយប្រកបដោយសប្បុរសរបស់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជានេះ នឹងនាំមកនូវការជួយសង្រ្គោះជីវិតប្រជាជនបានយ៉ាងច្រើនកាត់បន្ថយគ្រោះថ្នាក់ និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការចូលរួមផ្តល់ដីមានសុវត្ថិភាពដែលលោកទេសរដ្ឋមន្រ្តីបានចាត់ទុកសកម្មភាពបោសសម្អាតមីន គឺស្ថិតនៅជួរមុខនៃកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារ និងកសាងជីវិតនិងសហគមន៍ដែលបានបាត់បង់ឱកាស និងរងគ្រោះដោយសារជម្លោះ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងថា បន្ទាប់ពីភ្ជាប់ចំណងការទូតជាប្រវត្តិសាស្រ្តឡើងវិញនៅឆ្នាំ១៩៩៧ទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េពិតជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់លើវិស័យកិច្ចសហប្រតិបត្តិការនយោបាយសេដ្ឋកិច្ចការអភិវឌ្ឍ និងវប្បធម៌ហើយសាធារណរដ្ឋកូរ៉េគឺជាប្រទេសមួយក្នុងចំណោមប្រទេសដទៃទៀតដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជាលើវិស័យជាច្រើន។ លោកបន្តទៀតថា ដោយឡែកសម្រាប់វិស័យសកម្មភាពមីនសាធារណរដ្ឋកូរ៉េបានចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីការពារជនស៊ីវិលពីការរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមតាំងពីឆ្នាំ១៩៩៧។
លោក Nick Beresford តំណាងUNDPប្រចាំកម្ពុជា បានថ្លែងថា «សាធារណរដ្ឋកូរ៉េគឺជាអ្នកផ្ដល់ជំនួយជាយូរមកហើយដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា។ ថ្ងៃនេះយើងបានមើលឃើញនូវការបន្តការគាំទ្រនេះតាមរយៈការសន្យាផ្ដល់ថវិកាចំនួន ១០លានដុល្លារអាមេរិក សម្រាប់សកម្មភាពបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ការចូលរួមបដិភាគថ្មីបន្ថែមទៀតរបស់សាធារណរដ្ឋកូរ៉េ ដល់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលតាមរយៈកិច្ចសហការក្នុងភាពជាដៃគូជាមួយUNDP គឺជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍ភូមិសន្តិភាពមេគង្គដែលជួយកម្ពុជាក្នុងការបោសសម្អាតមីនការផ្ដល់ជំនួយដល់ជនរងគ្រោះ និងការអប់រំគ្រោះថ្នាក់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម។ សកម្មភាពទាំងនេះជួយសង្គ្រោះជីវិតការពារសហគមន៍ និងគាំទ្រដល់ការលើកកម្ពស់វិបុលភាពសម្រាប់សហគមន៍កសិករនៅជនបទ»។
លោក Rho Hyunjun នាយកKOICAប្រចាំកម្ពុជា បានថ្លែងថា «នេះគឺជាឆ្នាំមួយប្រកបដោយអត្ថន័យថ្លៃថ្លាបំផុតដែលសាធារណរដ្ឋកូរ៉េក្លាយជាអ្នកផ្ដល់ជំនួយថ្មីនៅក្នុងវិស័យសកម្មភាពបោសសម្អាតមីននៅកម្ពុជា។ថវិកាដែលបានពីKOICA និងអ្នកផ្ដល់ជំនួយដទៃទៀតនឹងជួយពង្រីកផ្ទៃដីដែលបានបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ធ្វើឱ្យជីវិតរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែមានសុវត្ថិភាពនិងផ្ដល់ដីសម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់ការស្ដារសេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញពីជំងឺកូវីដ-១៩»។
ឆ្លៀតក្នុងឱកាសនោះក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមប្រជាជនដែលរស់នៅក្នុងសហគមន៍រងគ្រោះដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមលោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសម្ចាស់ជំនួយនិងដៃគូអភិវឌ្ឍន៍ដទៃទៀត រួមមាន៖ សហរដ្ឋអាមេរិក អូស្រ្តាលី អង់គ្លេស ជប៉ុន អាល្លឺម៉ង់ ស្វីស ចិន ន័រវែស កាណាដា នូវែលហ្សឺឡង់ អៀរឡង់ UNDPនិងUNICEF ព្រមទាំងមូលនិធិអង្គការសង្គមស៊ីវិល និងសប្បុរសជនផងដែរ។
លោកទេសរដ្ឋមន្រ្តីសង្ឃឹមយ៉ាងមុតមាំថា ប្រទេសជាមិត្តនិងដៃគូទាំងអស់នឹងបន្តឈរជាមួយរាជរដ្ឋាភិបាលកម្ពុជារហូតដល់ការងារត្រូវបានបញ្ចប់និងធ្វើឲ្យសុបិន្តប្រទេសកម្ពុជាដែលគ្មានគ្រាប់មីនក្លាយជាការពិតឆ្នាំ២០២៥។
ក្នុងរយៈពេលជិតបីទសវត្សនេះ ចាប់ពីឆ្នាំ១៩៩២តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងមានការគាំទ្រពីសហគមន៍ម្ចាស់ជំនួយផ្ទៃដីរងការគម្រាមដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមប្រមាណ២,១៤៩គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតសម្រាប់ប្រើប្រាស់ និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង៦លាននាក់ នៃជនក្រីក្រងាយរងគ្រោះនិងសហគមន៍ហើយកម្ពុជានៅសល់ផ្ទៃដីប្រមាណ២.១៥៧គីឡូម៉ែត្រក្រឡា ទៀតកំពុងបន្តរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕