ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានធ្វើដំណើរដល់ប្រទេសជប៉ុនហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 66
លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានធ្វើដំណើរដល់ប្រទេសជប៉ុនហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានធ្វើដំណើរដល់ប្រទេសជប៉ុនហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ

វត្តមាន នៃការអញ្ជើញដល់របស់ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាល និងកក់ក្តៅបំផុត ពីអនុរដ្ឋមន្រ្តីការបរទេសជប៉ុន, ប្រធានពិធីការក្រសួងការបរទេសជប៉ុន, លោក អ៊ឹង រចនា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ព្រមទាំងវត្តមានលោក លោកស្រី ជាឥស្សរជនជាន់ខ្ពស់ក្រសួងការបរទេសជប៉ុន និងឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ជាច្រើនរូប។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន អញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី និងព្រឹត្តិការណ៍ជាច្រើនទៀត។

នៅក្នុងសន្និសីទអន្តរជាតិលើកទី២៥ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​​ នឹងថ្លែងសុន្ទរកថាគន្លឹះមួយលើមូលបទរបស់សន្និសីទ «ការស្វែងរកសណ្តាប់ធ្នាប់ពិភពលោកថ្មី-ការជម្នះភាពវឹកវរ» ព្រមទាំងចែករំលែកទស្សនៈវិស័យលើបរិបទសកលលោកបច្ចុប្បន្ន ចក្ខុវិស័យនាពេលអនាគត មាគ៌ាឆ្ពោះទៅមុខ និង ការប្តេជ្ញាចិត្ត និងរួមចំណែករបស់កម្ពុជា ក្នុងការលើកកម្ពស់ភាពសុខដុម សន្តិភាព និងវិបុលភាពរួមនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងក្នុងពិភពលោក។

ក្រសួងការបរទេស បានឱ្យដឹងទៀតថា បន្ទាប់ពីអញ្ជើញចូលរួមសន្និសីទហើយ លោកនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ ដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគី តំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់រួម។

ក្នុងឱកាសនោះ នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញជាសាក្សីក្នុងការចុះហត្ថលេខាលើលិខិតផ្លាស់ប្តូរសារព្រមព្រៀង ស្តីពីការផ្តល់ជំនួយឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេសកម្ពុជាចំនួន២ រួមមាន៖ ទី១- ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (សាងសង់ស្ថានីយកុងតឺណឺ ដែលមានទឹកប្រាក់ ២០០លានយ៉េនជប៉ុន ប្រមាណ ១.៨លានដុល្លារអាមេរិក) និង ២- ការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទឹកប្រាក់ ៣៣៩លានយ៉េនជប៉ុន ប្រមាណជាង ៣លានដុល្លារអាមេរិក។

ក្នុងពេលស្នាក់នៅទីក្រុងតូក្យូ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន នឹងជួបជាមួយឥស្សរៈជនជប៉ុន និងទទួលការចូលជួបសម្តែងការគួរសមពីតំណាងក្រុមហ៊ុនជប៉ុនជាច្រើនផងដែរ។

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា ដែលសហការរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និង ធនាគារមីហ្ស៊ូហូ (Mizuho)។

សូមបញ្ជាក់ថា កម្ពុជា និងជប៉ុន បានភ្ជាប់ទំនាក់ទំនងនឹងគ្នាជាផ្លូវការនៅថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៥៣។ ទំនាក់ទំនងកម្ពុជា និងជប៉ុន មានភាពល្អប្រសើរឡើងជាបន្តបន្ទាប់រហូតក្លាយទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនៅខែធ្នូ ឆ្នាំ២០១៣។

នៅឆ្នាំ២០១៨ កម្ពុជា និង ជប៉ុន បានប្រារព្ធខួប៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតយ៉ាងអធិកអធម ដោយមានការផ្លាស់ប្តូរសារអបអរសាទររវាងនាយករដ្ឋមន្ត្រី ពិធីជប់លៀង និងកម្មវិធីវប្បធម៌ផងដែរ។

ផ្តើមចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រស់រវើកនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងបានផ្លាស់ប្តូរដំណើរជាមួយគ្នាជាញឹកញាប់។ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅប្រទេសជប៉ុនចំនួន ២២លើករួចមកហើយ គិតត្រឹមឆ្នាំ២០១៨ ក្នុងនោះរួមមាន៖ បំពេញទស្សនកិច្ចផ្លូវការសរុបចំនួន ៤លើក (២០០៧, ២០១៣, ២០១៥ និង២០១៧)។ កាលពីឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ ដែលធ្វើឡើងពីថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០១៨ និងបានជួបពិភាក្សាទ្វេភាគី ជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ីនហ្សូ នៅទីក្រុងតូក្យូផងដែរ។

ដោយឡែកថ្នាក់នាយករដ្ឋមន្ត្រីប្រទេសជប៉ុនវិញ ក៏បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាជាញឹកញាប់ផងដែរ។ លោក អាបេ ស៊ីនហ្សូ ទស្សនកិច្ចផ្លូវការនៅថ្ងៃ១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០១៣, លោក យ៉ូស៊ីហ៉ីកូ ណូដា ចូលរួមកិច្ចប្រជុំកំពូលក្នុងក្របខ័ណ្ឌអាស៊ាន ខែវិច្ឆិកា ឆ្នាំ២០១២, លោក យុនីហ៊ីរ៉ូ កូអ៊ុក្សេមី ចូលរួមកិច្ចប្រជុំកំពូលក្នុងក្របខ័ណ្ឌអាស៊ាន ខែវិច្ឆិកា ឆ្នាំ២០០២, លោក កេ អូប៊ីជី បំពេញទស្សនកិច្ចផ្លូវការថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០០០។

ពាក់ព័ន្ធការវិនិយោគទុនជប៉ុននៅកម្ពុជាវិញ ចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៨ គម្រោងវិនិយោគជប៉ុននៅកម្ពុជា មានសរុបចំនួន ១៣៧គម្រោង ដែលមានទុនសរុបចំនួន ២,៤៨៦លានដុល្លារអាមេរិក។ ក្នុងនោះ ឆ្នាំ២០១៦ ទុនវិនិយោគមានចំនួន ៨២២លានដុល្លារ, ឆ្នាំ២០១៧ មានទុនវិនិយោគចំនួន ៦៣លានដុល្លារ និងឆ្នាំ២០១៨ មានទុនវិនិយោគចំនួន ៨៨៣លានដុល្លារ។

គម្រោងវិនិយោគរបស់ជប៉ុន មាននៅតំបន់សេដ្ឋកិច្ចពិសេសរាជធានីភ្នំពេញ មេនហាតធេនបាវិត តាយសេងបាវិត ដ្រេហ្គន់យើងបាវិត កំពង់ផែក្រុងព្រះសីហនុ សានកូប៉ោយប៉ែត និងនាងកុកកោះកុង។

ប្រទេសជប៉ុនជាប្រទេសនាំមុខគេមួយក្នុងការផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហម ដោយបានផ្តល់ថវិកាសរុប ៨៥,១២លានដុល្លារអាមេរិក ចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៦) ស្មើនឹង ៣២% នៃជំនួយហិរញ្ញវត្ថុអន្តរជាតិ។ ក្នុងនោះ ១៦,៥៤លានដុល្លារអាមេរិក សម្រាប់ភាគីជាតិ និង ៦៨,៥៨លានដុល្លារអាមេរិកសម្រាប់ភាគីអន្តរជាតិ។ ក្នុងឆ្នាំ២០១៧ ជប៉ុនបានផ្តល់ថវិកាចូលរួមបន្ថែមចំនួនប្រមាណ ១,២លានដុល្លារអាមេរិក សម្រាប់ភាគីអន្តរជាតិនៃសាលាក្តីខ្មែរក្រហម៕

អត្ថបទទាក់ទង