ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្រ្ដី ស ខេង ប្រាប់មន្ដ្រីនគរបាលទាំងអស់ ត្រូវធ្វើអ្វីតាមវិជ្ជាជីវៈរបស់ខ្លួន ជៀសវាងខូចឈ្មោះដល់ស្ថាប័ន និងព្រមានផ្ដន្ទាទោសតាមច្បាប់ចំពោះអ្នកអនុវត្តខុស

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៩ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 35
លោកឧបនាយករដ្ឋមន្រ្ដី ស ខេង ប្រាប់មន្ដ្រីនគរបាលទាំងអស់ ត្រូវធ្វើអ្វីតាមវិជ្ជាជីវៈរបស់ខ្លួន ជៀសវាងខូចឈ្មោះដល់ស្ថាប័ន និងព្រមានផ្ដន្ទាទោសតាមច្បាប់ចំពោះអ្នកអនុវត្តខុស លោកឧបនាយករដ្ឋមន្រ្ដី ស ខេង ប្រាប់មន្ដ្រីនគរបាលទាំងអស់ ត្រូវធ្វើអ្វីតាមវិជ្ជាជីវៈរបស់ខ្លួន ជៀសវាងខូចឈ្មោះដល់ស្ថាប័ន និងព្រមានផ្ដន្ទាទោសតាមច្បាប់ចំពោះអ្នកអនុវត្តខុស

លោកឧបនាយករដ្ឋមន្រ្ដី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើមន្រ្តីនគរបាលទើបបញ្ចប់វគ្គបណ្តុះបណ្តាលទាំងអស់ និយាយដោយឡែក និងនិយាយជារួមមន្ដ្រីនគរបាលទាំងអស់ គប្បីធ្វើអ្វីស្របតាមវិជ្ជាជីវៈរបស់ខ្លួន កុំធ្វើអ្វីអាងតែអំណាចដែលជាកត្តាធ្វើឲ្យខូចឈ្មោះស្ថាប័ន និងមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋជាដើម។

ការថ្លែងរបស់ប្រមុខដឹកនាំក្រសួងមហាផ្ទៃ ធ្វើឡើងនៅក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១២ និងប្រកាសតែងតាំងស៊ប់ ក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា ប្រមាណជិត៥០០នាក់ នៅសាលាបណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨នេះ។

លោកឧបនាយករដ្ឋមន្រ្ដី បានលើកឡើងថា ក្នុងនាមជានគរបាលអនុវត្តន៍ច្បាប់ និងការពារនូវសន្តិសុខ និងសណ្តាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋ ដូច្នេះត្រូវតែធ្វើអ្វីៗ ឲ្យស្របតាមតួនាទីរបស់ខ្លួន និងប្រកបដោយគុណធម៌ខ្ពស់។

លោក បានថ្លែងយ៉ាងដូច្នេះថា «ក្មួយៗទាំងអស់ត្រូវតែធ្វើអ្វីឲ្យតាមវិជ្ជាជីវៈរបស់ខ្លួន មិនត្រូវប្រើអំណាចណាមួយធ្វើបាបប្រពលរដ្ឋនោះទេ ហើយជាងនេះទៅទៀត ត្រូវតែប្រកាន់នូវសីលធម៌ល្អ ដែលជាកត្តាធ្វើឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត និងស្រលាញ់ ហើយត្រូវតែហ៊ានតស៊ួដើម្បីសន្តិសុខដល់ពួកគាត់ និងបុព្វហេតុជាតិ មាតុភូមិជាដើម»

ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្រ្ដី ស ខេង ក៏បានស្នើដល់មន្រ្តីនគរបាលទាំងអស់ ត្រូវតែគោរពឲ្យបានដាច់ខាតនូវរដ្ឋធម្មនុញ្ញ ការពារនូវសន្តិភាព ការពារសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងត្រូវគោរពដាច់ខាតរាល់បទបញ្ជាថ្នាក់លើ ដែលបានប្រគល់ជូនហើយ និងការពារឲ្យបានដាច់ខាត រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតនោះ។

លោកឧបនាយករដ្ឋមន្រ្ដី ស ខេង បានបន្ថែមថា មន្ដ្រីនគរបាលថ្មីទាំងអស់ត្រូវតែធ្វើអ្វីទៅតាមការសច្ចាប្រណិធានរបស់ខ្លួន ហើយត្រូវស្តាប់ជានិច្ចរាល់បទបញ្ជារបស់ថ្នាក់លើ ដែលបានបញ្ជាឲ្យបានគ្រប់ពេលវេលា និងត្រូវតែការពារឲ្យបាននូវសន្តិភាពរបស់ប្រទេសដែលកំពុងមានសព្វថ្ងៃនេះ។ យ៉ាងណាក៏ដោយ លោកឧបនាយករដ្ឋមន្រ្ដី ក៏បានព្រមានជាថ្មីទៀតដែរថា ប្រសិនបើមន្រ្តីនគរបាលណាដែលធ្វើខុសវិជ្ជាជីវៈ និងច្បាប់របស់ខ្លួន នឹងមិនលើកឡែងឲ្យនោះទេ ពោលនឹងអនុវត្តន៍ទៅតាមច្បាប់ជាធរមាន ៕

អត្ថបទទាក់ទង