ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាបញ្ចេញសត្វសុនខចំនួន៦ក្បាលទៅឱ្យប្រទេសកេនយ៉ា និងស៊ូដង់ខាងត្បូង

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 25
កម្ពុជាបញ្ចេញសត្វសុនខចំនួន៦ក្បាលទៅឱ្យប្រទេសកេនយ៉ា និងស៊ូដង់ខាងត្បូង កម្ពុជាបញ្ចេញសត្វសុនខចំនួន៦ក្បាលទៅឱ្យប្រទេសកេនយ៉ា និងស៊ូដង់ខាងត្បូង

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា ហៅកាត់ ស៊ីម៉ាក់(CMAC) បានឱ្យដឹងថា សត្វសុនខដោះមីនរបស់កម្ពុជាចំនួន៦ក្បាល ត្រូវបានលក់ទៅឱ្យប្រទេសកេនយ៉ា និងស៊ូដង់ខាងត្បូង។

សត្វសុនខដោះមីន ដែលចាកចេញពីប្រទេសកំណើតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ គឺបានទៅប្រទេសកេនយ៉ាចំនួន២ក្បាល និងប្រទេសស៊ូដង់ខាងត្បូងចំនួន៤ក្បាល។ ទោះជាយ៉ាងនេះក្តី តម្លៃនៃការលក់សត្វសុនខនេះ មិនត្រូវបានបញ្ជាក់ឱ្យដឹងនោះទេ។

លោក ហេង រតនា មានប្រសាសន៍ថា ការបញ្ចេញសត្វសុនខរបស់កម្ពុជា សម្រាប់បេសកកម្មដោះមីននៅក្រៅប្រទេសនេះ គឺបង្ហាញឱ្យឃើញថា កម្ពុជាបានប្រែពីប្រទេសដែលធ្លាប់ទិញឬសុំសត្វសុនខពីបរទេស ទៅជាប្រទេសផ្គត់ផ្គង់សុនខទៅអន្តរជាតិផង និងគាំទ្រកិច្ចសហប្រតិបត្តិក្នុងប្រទេសផង។ លោក បន្តថា នេះជាសមិទ្ធផលនៃការពង្រឹងភាពជាម្ចាស់ទាំងចំណេះដឹង ចំណេះធ្វើ និងសមត្ថភាពធនធានមនុស្ស និងសម្ភារបច្ចេកទេស ដែលកម្ពុជាធ្វើបាន។

សូមបញ្ជាក់ថា កាលពីដើមឆ្នាំ២០១៨ ស៊ីម៉ាក់បានបង្កាត់ពូជ សុនខហិតមីនដោយខ្លួនឯង បន្ទាប់ពីសុនខហិតមីនមួយ ក្បាលដែលស៊ីម៉ាក់នាំចូលមកពីបរទេសមានតម្លៃ៣៦.០០០ដុល្លារអាមេរិក។

បច្ចុប្បន្ន កម្ពុជាបានប្រើសត្វសុនខចិញ្ចឹមដោយខ្លួនឯង និងសត្វកណ្តុរពីបរទេស សម្រាប់ធ្វើសកម្មភាពបោសសម្អាតមីនប្រឆាំងមនុស្សឱ្យអស់ត្រឹមឆ្នាំ២០២៥ ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាជន និសង្គមជាតិ៕

ប្រភព ៖ information.gov

អត្ថបទទាក់ទង