ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាធ្វើជាម្ចាស់លើដំបូងសម្រាប់ «លំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិ លើទីលានសកម្មភាពមីនមនុស្សធម៌» ក្រោមប្រធានបទ «មាតុភូមិដ៏បវរ-ឆ្នាំ២០២៣»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 36

កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះលើកដំបូងរៀបចំលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលានសកម្មភាពមីនមនុស្សធម៌ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្រោមប្រធានបទ «មាតុភូមិដ៏បវរ-ឆ្នាំ២០២៣»។

ពិធីបើកលំហាត់ហ្វឹកហ្វឺននេះបានធ្វើឡើង នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព នាយកឧត្តមសេនីយ៍ សែម សុវណ្ណនី អនុ ប្រធានទី១ នៃគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

លំហាត់ហ្វឹកហ្វឺននេះក៏មានការចូលរួមពី វរសេនីយ៍ឯកពិសេស យ៉ាង ប៊ីនប៊ីន (Yang BinBin) នាយរងសេនាធិការសម្ព័ន្ធអង្គទ័ពលេខ៧៥ នៃកងទ័ពរំដោះប្រជាជនចិន រួមទាំងនាយទាហាន នាយទាហានរង ពលទាហាន សិក្ខាកាម យោធាចារ្យជាតិ-អន្តរជាតិ។ ពិធីបើកវគ្គហ្វឹកហ្វឺនបានធ្វើឡើងនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍។

នេះជាលើកដំបូងសម្រាប់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃលំហាត់ហ្វឹកហ្វឺននេះ ដោយមានកងទ័ពរំដោះប្រជាជនចិនជាសហប្រធាន។ លំហាត់ហ្វឹកហ្វឺនពហុជាតិនេះ ត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ ក្នុងគោលបំណងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅ ក្រោមកិច្ចសហប្រធានជាមួយមិត្តចិន និងកងកម្លាំងពហុសាសន៍សរុប១៤ប្រទេស មកពី៤ទ្វីប អាស៊ី អឺរ៉ុប អូសេអានី និងអាមេរិក រួមមាន៖ ប្រទេសអូស្ត្រាលី ប្រ៊ុយណេដារូសាឡឹម កម្ពុជា ចិន ឥណ្ឌា ឥណ្ឌូនេស៊ី ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ ឡាវ ហ្វីលីពីន រុស្សី សិង្ហបុរី សហរដ្ឋអាមេរិក វៀតណាម។

លំហាត់នេះនឹងរួមចំណែកមួយយ៉ាងសំខាន់ ក្នុងដំណើរឆ្ពោះទៅកាន់កម្ពុជាគ្មានមីន ឆ្នាំ២០២៥ ជាពិសេសគាំទ្រដល់គំនិតផ្តួចផ្តើមរបស់ សម្ដេចតេជោ «ផ្តល់ដីសុវត្ថិភាពបង្កើតស្នាមញញឹម»។

អំឡុងពេល១០ថ្ងៃ នៃវគ្គហ្វឹកហ្វឺននេះសិក្ខាកាមនឹងមានដំណើរទស្សនកិច្ចសិក្សាទៅកាន់តំបន់ទេសចរណ៍ កំពុងមានសក្តានុពលនៅកម្ពុជា រួមទាំងធ្វើកិច្ចការមនុស្សធម៌ បន្ថែមលើការហ្វឹកហាត់នៅទីលាន។ ជាមួយគ្នានោះក៏មានការសម្តែងសិល្បៈរវាងកម្ពុជា-ចិន ដើម្បីបង្ហាញនូវប្រពៃណី ទំនៀមទំលាប់ផងដែរ។

នាឱកាសនោះដែរ នាយកឧត្តមសនីយ៍ សែម សុវណ្ណនី បានថ្លែងយ៉ាងដូច្នេះថា លំហាត់ហ្វឹកហ្វឺនធ្វើឡើងក្រោមប្រធានបទ «មាតុភូមិដ៏បវរ ឆ្នាំ២០២៣» គឺជាលំហាត់ហ្វឹកហ្វឺនលើកទី១ ដែលកម្ពុជាធ្វើជាសហប្រធានជាមួយកងទ័ពរំដោះប្រជាជនចិន និងមានប្រទេសចូលរួមសរុបចំនួន១៤ប្រទេស ដែលជាការបង្ហាញឱ្យឃើញពីការទទួលស្គាល់ចំពោះសមត្ថភាព និងបទពិសោធន៍លើជំនាញសកម្មភាព មីនមនុស្សធម៌ និងដើម្បីជាឱកាសធ្វើការផ្លាស់ប្ដូរបទពិសោធន៍រវាងគ្នាទៅវិញទៅមក ជាពិសេសបង្កើនចំណងសាមគ្គីភាព មិត្តភាពរវាងបណ្តាប្រទេសក្នុងអាស៊ាន និងតំបន់ផងដែរ។

នាយកឧត្តមសនីយ៍ សែម សុវណ្ណនី បានបញ្ជាក់បន្ថែមថា គិតចាប់ពីការបង្កើតសាលាហ្វឹកហ្វឺននេះ យើងបានទទួលធ្វើជាម្ចាស់ផ្ទះ លើលំហាត់ហ្វឹកហ្វឺនពហុសាសន៍រួមមាន៖ លំហាត់ហ្វឹកហ្វឺនប្រតិបត្តិការរក្សាសន្តិភាព ពហុជាតិ «ឆ្មាំអង្គរ» សរុបចំនួន៣លើក មានប្រទេសចូលរួមចំនួន៩ប្រទេស ហ្វឹកហ្វឺនលើទីលាន និង២៣ប្រទេស ហ្វឹកហ្វឺននៅទីបញ្ជាការ ដែលជាការឧបត្ថម្ភរបស់គម្រោង GPOI។ វគ្គហ្វឹកហ្វឺនជំនាញ បច្ចេកទេសប្រឆាំងបន្សាបគ្រឿងផ្ទុះកែច្នៃ និងកម្ទេចគ្រឿងផ្ទុះ ថ្នាក់អាស៊ាន និងតំបន់ ក្រោមជំនួយឧបត្ថម្ភរបស់ សាធារណរដ្ឋបារាំងចំនួន៥វគ្គ មានប្រទេសចូលរួមសរុបចំនួន១២ប្រទេស។

ថ្វីដ្បិតនេះជាលើកដំបូង ដែលកម្ពុជារៀបចំលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិ លើទីលានសកម្មភាព មីនមនុស្សធម៌ ក្រោមប្រធានបទ «មាតុភូមិដ៏បវរឆ្នាំ២០២៣» តែនាយឧត្តមសេនីយ៍ អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព រំពឹងយ៉ាងមុតមាំថា នឹងប្រព្រឹត្តិណ៍ទៅបានយ៉ាងល្អ ព្រមជាមួយនឹងឱកាសក្នុងការអនុវត្តលំហាត់ហ្វឹកហ្វឺនពហុជាតិ ជាបន្តបន្ទាប់នៅកម្ពុជា៕

Fresh News

អត្ថបទទាក់ទង