ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើសុំជប៉ុនគាំទ្រដល់មជ្ឈមណ្ឌលកំចាត់មីនអាស៊ានដែលមានទីតាំងនៅកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 45
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើសុំជប៉ុនគាំទ្រដល់មជ្ឈមណ្ឌលកំចាត់មីនអាស៊ានដែលមានទីតាំងនៅកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើសុំជប៉ុនគាំទ្រដល់មជ្ឈមណ្ឌលកំចាត់មីនអាស៊ានដែលមានទីតាំងនៅកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើសុំជប៉ុនឲ្យមានការគាំទ្រដល់មជ្ឈមណ្ឌលកំចាត់មីនអាស៊ាន ដោយសារយើងមានទីតាំងនៅកម្ពុជាដែលជាកន្លែងបណ្ដុះបណ្ដាល ផ្លាស់ប្ដូរបទពិសោធន៍ក្នុងការដោះមីនផងដែរ។ លើសពីនេះទៀត លោកក៏បានស្នើសុំឱ្យជប៉ុនចូលរួមក្នុងការបណ្ដុះបណ្ដាលទៅដល់កងកម្លាំងរបស់កម្ពុជានៅក្នុងក្របខណ្ឌការគ្រប់គ្រងគ្រោះមហន្តរាយ ដោយសារជប៉ុនមានបទពិសោធន៍ច្រើនក្នុងប្រតិបត្តិការការគ្រប់គ្រងគ្រោះមហន្តរាយផងដែរ។ លោកបានលើកឡើងដូចនេះ នៅវិមានសន្តិភាព រសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ GORO YUASA មេបញ្ជាការកងស្វ័យការពារទ័ពជើងគោកនៃប្រទេសជជប៉ុន។

ក្នុងឱកាសនេះផងដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្នើដល់ប្រទេសជប៉ុនផងដែររួមមាន៖ ទី១- លោក បានស្នើឱ្យជប៉ុនមានការគាំទ្ររវាងកិច្ចសហប្រតិបត្តិការកងទ័ពមួកខៀវរបស់ប្រទេសជប៉ុន និងកងទ័ពមួកខៀវរបស់ប្រទេសកម្ពុជា ដែលប្រទេសទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការកងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។ ទី២- លោក បានស្នើឱ្យប្រទេសជប៉ុនចូលរួមបណ្ដុះបណ្ដាលកងប្រដាប់អាវុធក្នុងប្រទេសកម្ពុជា ជាពិសេសទ័ពមួកខៀវក្នុងប្រទេសកម្ពុជាមុនបញ្ជូនចេញទៅចូលរួមថែរក្សាសន្តិភាពតាមបណ្ដាប្រទេសផ្សេងៗ។

លោក GORO YUASA បានឆ្លើយតបទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា លោកនឹងរាយការណ៍នូវសំណើនេះទៅរដ្ឋាភិបាលប្រទេសជប៉ុន ហើយជាពិសេសទៀតគឺការជួយដល់មជ្ឈមណ្ឌលកំចាត់មីនអាស៊ាន ដែលមានទីតាំងបណ្ដុះបណ្ដាលនៅកម្ពុជា។ ជប៉ុនតែងតែយកចិត្តទុកដាក់ហើយជប៉ុនចាត់ទុកថាប្រទេសកម្ពុជាគឺជាប្រទេសពិសេសក្នុងការចូលរួមកិច្ចសហប្រតិបត្តិការជាច្រើនក្នុងការដោះមីននេះ។ ទន្ទឹមនឹងនេះ លោក សន្យាថានឹងធ្វើកិច្ចការងារនេះជាមួយលោក ហ៊ុន ម៉ាណែត ផ្ទាល់។ ជាមួយគ្នានេះផងដែរ ជប៉ុននឹងពិចារណាក្នុងការជួយដល់កងទ័ពមួកខៀវកម្ពុជាក្នុងការបណ្ដុះបណ្ដាលមុននឹងចេញទៅក្រៅប្រទេសផងដែរ។ ហើយពាក់ព័ន្ធនឹងការគ្រប់គ្រងគ្រោះមហន្តរាយនេះ លោក ក៏មានគោលបំណងក្នុងកិច្ចសហប្រតិបត្តិការជាមួយកងទ័ពជើងគោកនៃប្រទេសកម្ពុជាផងដែរ៕

អត្ថបទទាក់ទង