ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-សហរដ្ឋអាមេរិក ចុះអនុស្សរណៈនៃការយោគយល់គ្នា បន្តរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 61
កម្ពុជា-សហរដ្ឋអាមេរិក ចុះអនុស្សរណៈនៃការយោគយល់គ្នា បន្តរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា កម្ពុជា-សហរដ្ឋអាមេរិក ចុះអនុស្សរណៈនៃការយោគយល់គ្នា បន្តរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា

ដើម្បីលើកកម្ពស់ និងសម្រួលដល់ការកសាងសមត្ថភាពរូបវ័ន្ត និងស្ថាប័ន ក្នុងការបង្កើតសុខដុមរមនានៅកន្លែងការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមជ្ឈមណ្ឌលអាមេរិកកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ក្នុងគោលបំណងបង្កើតនូវក្របខណ្ឌសហប្រតិបត្តិការបច្ចេកទេសរវាងគូភាគី ក្នុងគោលដៅរួមចំណែកក្នុងការអនុវត្តគោលនយោបាយពាក់ព័ន្ធនឹងវិស័យការងារ។

អនុស្សរណៈនៃការយោគយល់គ្នាដែលមានរយៈពេល២ឆ្នាំនេះ (២០២១-២០២៣) ត្រូវបានចុះហត្ថលេខារវាង លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក William Conklin នាយកកម្មវិធីរបស់អង្គការ ACILS ប្រចាំប្រទសកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនៃស្ថាប័នទាំងពីរផងដែរ។

ឆ្លៀតក្នុងឱ្យកាសនោះ លោក អ៉ិត សំហេង បានលើកឡើងថា អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងក្លាយជាក្របខណ្ឌដ៏សំខាន់មួយបន្តទៀតនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការ ACILS ដែលនឹងចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា។

លោករដ្ឋមន្ត្រី បញ្ជាក់ថា តាមរយៈក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ យើងនឹងរួមគ្នាពង្រឹងការអនុវត្តគោលនយោបាយពាក់ព័ន្ធនឹងវិស័យការងារ សំដៅឆ្លើយតបទៅនឹងគោលបំណងដែលបានកំណត់ក្នុងអនុស្សរណៈ ដែលនឹងចុះហត្ថលេខារួមគ្នានេះ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសសើរលើសមិទ្ធិផលគួរឱ្យកត់សម្គាល់ ដែលទទួលបានពីកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានេះនាពេលកន្លងមក រួមមាន៖ ១) រៀបចំទស្សនកិច្ចសិក្សាត្រីភាគីទៅសហរដ្ឋអាមេរិកចំនួន២លើក នៅក្នុងខែសីហា ឆ្នាំ២០១៨ និងខែតុលា ឆ្នាំ២០១៨ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិសេរីភាពរបស់សហជីពនៅក្នុងវិស័យសណ្ឋាគារនិងកាស៊ីណូ ពាក់ព័ន្ធនឹងវិធីសាស្ត្រចរចាជាសមូហភាព, ២) ការអប់រំផ្នែកសុវត្ថិភាពចរាចរក្នុងពេលធ្វើដំណើរដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ពិសេសសារអប់រំកម្មករឱ្យយល់ដឹង និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩, ៣) ការផ្ដល់ជំនួយបច្ចេកទេសតាមរយៈសហជីព ក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីព និង ៤) ការពង្រឹងសមត្ថភាពសហជីពតាមយៈការរៀបចំវគ្គបណ្ដុះបណ្ដាលនានាដែលពាក់ព័ន្ធនឹងវិស័យច្បាប់ ជាពិសេសច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីបេឡាជាតិសន្តិសុខសង្គម និងបទបញ្ញាត្តិផ្សេងៗ។

លោក William Conklin នាយកកម្មវិធីរបស់អង្គការ ACILS ប្រចាំប្រទសកម្ពុជា ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ ACILS ដែលបានខិតខំប្រឹងប្រែងរួមកិច្ចការជាមួយគ្នានាពេលកន្លងមក សម្រេចបាននូវលទ្ធផលដ៏គាប់ប្រសើរ។ លោករំពឹងថា តាមយៈការបន្តអនុស្សរណៈនេះ ភាគីទាំងពីរនឹងបង្ហាញពីឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់កម្មករនិយោជិត និងរួមចំណែកក្នុងការលើកម្ពស់សិទ្ធិ លក្ខខណ្ឌការងារ និងសុខដុមរមនានៅកន្លែងការងារ ជាពិសេសការឆ្លើយតបទៅនឹងស្ថានភាពក្នុងកំឡុងពេល និងក្រោយវិបត្តិកូវីដ-១៩។

សូមជម្រាបជូនផងដែរថា កាលពីខែមករា ឆ្នាំ២០១៨កន្លងទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាជាមួយអង្គការ ACILS លើការអនុវត្តគោលនយោបាយពាក់ព័ន្ធនឹងវិស័យការងារ និងសុខដុមរមនានៅកន្លែងការងារ រយៈពេល ៣ឆ្នាំ (ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ – ថ្ងៃទី២២ ខែមករា ២០២១)។ ក្រោយអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ ត្រូវបានបញ្ចប់សុពលភាព ភាគីទាំងពីរក៏បានចុះហត្ថលេខាងលើកិច្ចសហប្រតិបតិ្តនេះជាមួយគ្នាបន្តទៀត ដែលមានរយៈពេល២ឆ្នាំ។

គួរបញ្ជាក់ថា នាពេលកន្លងមក កម្ពុជាបានសហការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ក្នុងការអនុវត្តការផ្សាភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ តាមរយៈកិច្ចសហការនេះ កម្ពុជាបានខិតខំពង្រឹងការអនុវត្តលក្ខខណ្ឌការងារល្អប្រសើរ ដែលឆ្លើយតបទៅនឹងកង្វល់របស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអ្នកបញ្ជាទិញធំៗរបស់សហរដ្ឋអាមេរិក សហជីព និយោជក កម្មករនិយោជិត។ ជាលទ្ធផល កម្ពុជានៅតែរក្សាបានទីផ្សារ និងកិត្យានុភាពទំនិញដែលផលិតនៅកម្ពុជា៕

អត្ថបទទាក់ទង