សូមជូនដំណឹងដល់ប្រជាពលរដ្ឋ កុំឆ្លងកាត់ផ្លូវ «នាងគង្ហីង»នៅយប់នេះ
តាមសេចក្ដីជូនដំណឹងរបស់មន្ទីរសាធារណការឲ្យដឹងថា នៅយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ២១:០០ ដល់ម៉ោង ៥:០០ទៀបភ្លឺ ការដ្ឋានស្ពានថ្មើរជើងនាងគង្ហីង នឹងចាប់ផ្តើមស្ទូចដំឡើង គ្រោងដែកតួស្ពានជំហានទី៣ កាត់ទទឹងខាងលើមហាវិថី ហ្សាលដឺហ្គោល ទីតាំងភ្ជាប់ពីចិញ្ចើមផ្លូវមុខហាង Kawasaki ទៅចិញ្ចើមផ្លូវមុខស្ថានីយប្រេងកាល់តិច។
ដើម្បីសុវត្ថិភាព និងបង្ការក្រែងមានគ្រោះថ្នាក់ដល់អ្នកដំណើរជាយថាហេតុ ការដ្ឋាននឹងបិទចរាចរឆ្លងកាត់ក្នុងរយៈពេលខាងលើ។ អាស្រ័យហេតុនេះ សូមបងប្អូនដែលធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋាននៅវេលាយប់នេះ សូមមេត្តាយោគយល់អធ្យាស្រ័យ និងពង្វាងចរាចរ ដើម្បីសុខសុវត្ថិភាព៕