CAMSOC បន្ដយុទ្ធនាការចាក់វ៉ាក់ដល់បុគ្គលិក និងកម្មករ-កម្មការិនី ៦៤៩នាក់ទៀតនៅពហុកីឡដ្ឋានជាតិមរតកតេជោ
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្រោមកិច្ចសហការជាមួយក្រុមការងារវ៉ាក់សាំង នៃក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២២ ខែកក្កដានេះ បានបន្ដរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់បុគ្គលិក និងកម្មករ-កម្មការិនីចំនួន ៦៤៩នាក់ទៀតហើយ ដែលកំពុងសាងសង់ភូមិកីឡា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
មន្ដ្រីគណៈកម្មាធិការជាតិ CAMSOC បានឲ្យដឹងថា នេះគឺលើកទី៥ ហើយដែល CAMSOC និងក្រុមការងារវ៉ាក់សាំងនៃក្រសួងការពារជាតិ បានសហការរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងនេះឡើង ដោយ ៣លើកដំបូងបានចាក់ជូនថ្នាក់ដឹកនាំ មន្ដ្រី គ្រូបង្វឹក កីឡាករ-កីឡាការិនី និងសហព័ន្ធកីឡាជាតិនៅមន្ទីរពេទ្យព្រះកេតុមាលា សរុបទាំង ៣លើកមានចំនួន ១,៣៦៣នាក់ និង ២លើកទៀត គឺចាក់ជូនបុគ្គលិក និងកម្មករ-កម្មការិនី នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
មន្ដ្រីសម្របសម្រួលចាក់វ៉ាក់សាំងខាងលើបន្ដថា «ថ្ងៃនេះ គឺជាការចាក់ដូសទី១ សម្រាប់យុទ្ធនាការចាក់លើកទី២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដល់បុគ្គលិក និងកម្មករ-កម្មការិនីសាងសង់ភូមិកីឡាចំនួន ៦៤៩នាក់។ ចំណែកលើកទី១ ដែលយើងបានចាក់រួចរាល់កាលពីខែឧសភា បានចាក់ជូនបុគ្គលិក និងកម្មករ-កម្មការិនីសាងសង់កីឡដ្ឋានធំ (ស្ដាតបាល់ទាត់ពហុកីឡដ្ឋានជាតិមរតកតេជោ) ចំនួន ៣៣៥នាក់។ ចឹងសរុបតួរលេខចាក់ ៥លើក ទាំង ៣លើកនៅមន្ទីរពេទ្យព្រះកេតុមាលា និងចាក់ ២លើកនៅពហុកីឡដ្ឋានជាតិមរតកតេជោនេះ គឺមានចំនួន ២,៣៤៧នាក់»។
សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនៅហ្នឹងកន្លែងនេះ ត្រូវបានគណៈកម្មាធិការជាតិ CAMSOC ធ្វើការវាយតម្លៃខ្ពស់ក្នុងការការពារសុវត្ថិភាព និងប្រសិទ្ធភាពនៃការបំពេញការងារ ពិសេសដំណើរការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ជាក់ស្ដែងដំណើរការសាងសង់កីឡដ្ឋានធំ ក្រោយបុគ្គលិក និងកម្មករ-កម្មការិនីទទួលបានវ៉ាក់សាំងរួចរាល់បានពន្លឿន និងជំរុញឲ្យការងារសាងសង់កាន់តែល្អប្រសើរ ឆ្ពោះទៅសម្រេចការសាងសង់តាមផែនការ ដើម្បីត្រៀមស្វាគមន៍ព្រឹត្តិការណ៍កំណត់ត្រាប្រវត្តិសាស្ដ្រនៅកម្ពុជា គឺការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
យ៉ាងណាមិញយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់គ្រួសារកីឡាជាតិនេះ ក៏មិនបញ្ចប់នោះទេ តាមគោលការណ៍នឹងធ្វើការចាក់ជាបន្ដទៀត ពិសេសសម្រាប់អត្តពលិក ដែលត្រូវបំពេញបេសកកម្មក្រៅស្រុក ហើយមានអាយុក្រោម ១៨ឆ្នាំ ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋមានអាយុក្រោម ១៨ឆ្នាំ។ ដូច្នេះប្រសិនបើមានការប្រកាសអនុញ្ញាតពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល គណៈកម្មាធិការជាតិ CAMSOC នឹងរៀបចំចាក់វ៉ាក់សាំងជូនកីឡាករ-កីឡាការិនីអាយុក្រោម ១៨ឆ្នាំបន្ដទៀត។
មន្ដ្រី CAMSOC ដដែលបានបន្ដថា «ជារួមអ្វីដែលយើងបានគ្រោងទុក តាមសហព័ន្ធកីឡាជាតិ និងគណៈកម្មាធិការជាតិ CAMSOC បានផ្ដល់ដំណឹងហើយ គឺយើងនឹងចាក់ជូនជាកីឡាករ-កីឡាការិនីត្រូវចេញទៅប្រកួត ក៏ដូចជាចេញទៅហាត់ខាងក្រៅ ដែលមានអាយុក្រោម ១៨ឆ្នាំ គឺយើងបានឲ្យគាត់បញ្ជូនឈ្មោះមកហើយ។ ប្រសិនករណីរាជរដ្ឋាភិបាលអនុញ្ញាតឲ្យប្រជាពលរដ្ឋរបស់យើងចាក់វ៉ាក់សាំងក្រោមអាយុ ១៨ឆ្នាំ ឬអាយុ ១២ឆ្នាំឡើង គឺកីឡាករ-កីឡាការិនីថ្នាលយើងមានច្រើន ចឹងយើងក៏ត្រៀមរៀបចំចាក់ជូនពួកគាត់តែម្ដងផងដែរ»៕