ខ្មែរប៉ុស្ដិ៍ Close

    អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លេខរៀងទី ៥លាន បានទទួលអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 446
    អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លេខរៀងទី ៥លាន បានទទួលអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លេខរៀងទី ៥លាន បានទទួលអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

    លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បាននាំយកជំនួយឧបត្ថម្ភជាថវិកាចំនួន ១០លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅប្រគល់ជូនដល់អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ៥លាន នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅខេត្តឧត្ដរមានជ័យ។ នេះបើយោតាមផេកផ្លូវការរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។

    គួររម្លឹកដែរថា នៅលើផេកផ្លូវការកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរថា សូមអបអរសាទរចំពោះបងប្រុសឈ្មោះ ណុប មាន អាយុ៧០ឆ្នាំជាកសិកររស់នៅភូមិ សែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលទទួលបាននូវការចាក់វ៉ាក់សាំងទី៥លាន នៅព្រឹកថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០២១នេះ។

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តថា លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកថវិកាចំនួន ១០លានរៀល ព្រមទាំងសម្ភារផ្សេងទៀត ដែលជាជំនួយឧបត្ថម្ភទៅប្រគល់ជូនដោយផ្ទាល់។

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏សូមអរគុណបងប្អូនជនរួមជាតិដែលបានចូលរួមប្រយុទ្ធ ប្រឆាំងកូវីដ-១៩ តាមរយៈការទទួលយកការចាក់វ៉ាក់សាំងដើម្បីការពារខ្លួន និងក្រុមគ្រួសារ ហើយក៏សូមកោតសរសើរក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចាក់វ៉ាក់សាំងជូនប្រជាជនយើង ដែលមកដល់ពេលនេះយើងចាក់បាន ៥០ភាគរយ នៃចំនួនប្រជាជនដែលនឹងត្រូវចាក់ ១០លាននាក់។

    សូមបញ្ជាក់ដែរថា គិតត្រឹមយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៥ ១០៤ ៨៤៦នាក់ ដែលស្មើនឹង ៥១,០៥ ភាគរយ ធៀបនឹងគោលដៅដែលត្រូវចាក់ ១០លាននាក់៕