ក្រុមហ៊ុនអង្ករឥណ្ឌាមួយ ឈប់ប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្តលើសំបកវេចខ្ចប់របស់ខ្លួន ក្រោយមានការតវ៉ាពីទូតកម្ពុជានៅឥណ្ឌា
ក្រុមហ៊ុនផលិតអង្ករឥណ្ឌាមួយឈ្មោះ Voyage India បានបញ្ឈប់ការប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្តនៅលើសម្បកវេចខ្ចប់របស់ខ្លួនហើយ ក្រោយពីមានការតវ៉ាពីក្រសួងការបរទេសកម្ពុជា។ តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅប្រទេសឥណ្ឌា ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១២ ខែកក្កដានេះ បានប្រាប់ ឲ្យតំណាងរបស់ខ្លួននៅទីនោះ ចាត់វិធានការទៅលើក្រុមហ៊ុនអង្ករឥណ្ឌា ដែលបានប្រើឈ្មោះ Angkor Wat Thai Hom Mali Jasmin Rice ចរាចរលក់អង្ករតាមអនឡាញ ដែលប្រើប្រាស់រូបប្រាសាទអង្គរវត្ត ដោយពុំមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា។
បើតាមក្រសួងការបរទេស ទង្វើរបស់ក្រុមហ៊ុនឥណ្ឌានេះ បានប្រាសចាកនឹងច្បាប់ស្តីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ព្រមទាំងរំលោភលើអនុសញ្ញាទីក្រុងប៉ារីសស្តីពីកិច្ចការពារកម្មសិទ្ធិឧស្សាហកម្មផងដែរ។ ជាមួយគ្នានេះ លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានសាទរចំណាត់ការរបស់រដ្ឋាភិបាល ដោយលោកបញ្ជាក់ថា ការដែលមានការរំលោភពាណិជ្ជនាមដោយគ្មានការអនុញ្ញាតដូច្នេះ ធ្វើឲ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មអង្កររបស់កម្ពុជា៕ RFI