ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការបរទេសកម្ពុជាប្រកាសថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលញុះញង់ឲ្យកងទ័ពបះបោរប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 96

ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះ​ទង្វើ​របស់ទណ្ឌិត សម រង្ស៊ី ​ដែលបានអំពាវនាវមិនឲ្យកងទ័ពស្តាប់បញ្ជា និងឲ្យមានការបះបោរ និងសេចក្តីថ្លែងការណ៍ដ៏ពិសពុលរបស់ជនរូបនេះ។

សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស បានធ្វើឡើងបន្ទាប់ពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ បុគ្គល សម រង្ស៊ី ដែលជាទណ្ឌិតជនជាតិខ្មែរមានសញ្ជាតិបរទេស បានធ្វើការអំពាវនាវឥតឈប់ឈរ ដល់សហគមន៍អន្តរជាតិ ឲ្យចោទសួរពីធម្មានុរូបភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងអំពាវនាវឲ្យកងយោធពលខេមរភូមិន្ទ និងប្រជាជន ងើបបះបោរប្រឆាំងរាជរដ្ឋាភិបាល ដែលបានជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ជាមួយនឹងសម្លេងឆ្នោតយ៉ាងច្រើនលើសលុបរបស់ម្ចាស់ឆ្នោត។

ក្នុងការអះអាង​ដែលគ្មានមូលដ្ឋានថា ការបោះឆ្នោតជាសកលកាលពីខែ​កក្កដា ឆ្នាំ​២០១៨ មិនមានធម្មានុរូបភាព បុគ្គលរូបនេះ បានប្រើប្រាស់វោហាសាស្រ្តនយោបាយដដែលៗ ចំពោះរាល់ការបោះឆ្នោតថ្នាក់ជាតិ ចាប់តាំងពីឆ្នាំ១៩៩៨​មក ដែលបុគ្គលនេះ និងគណបក្សដែលគាត់ដឹកនាំ បានទទួលបរាជ័យរហូតមក។

នៅពេលដែលទណ្ឌិត សម រង្ស៊ី អួតអាងខ្លួនឯងថាជា​វីរៈបុរស និងទុក្ករបុគ្គល នៃលទ្ធិប្រជាធិបតេយ្យនោះ នៅក្នុងបណ្តាប្រទេសអឺរ៉ុប និងអារ្យប្រទេសធំៗ ផ្សេងទៀត បុគ្គលរូបនេះគួរត្រូវបានចាត់ទុកជាជនប្រជាភិថុតិ ជនប្រជាកលនិយមប្រកបដោយគ្រោះថ្នាក់ ជាតិនិយមហួសហេតុ និងប្រកាន់ពូជសាសន៍ ដែលដើរឃោសនាឲ្យមានការបែកបាក់ក្នុងសង្គម និងការផ្លាស់​ប្តូររបបដោយមធ្យោបាយហិង្សា។ ​អ្នកបោះឆ្នោតកម្ពុជា បានបដិសេធដាច់អហង្ការនូវគោលបំណងទុច្ចរិតនេះ និងបានជ្រើសរើសមាគ៌ាប្រជាធិបតេយ្យ តាមរយៈដំណើរការបោះឆ្នោត។

បើតាមក្រសួងការបរទេស សេចក្តីថ្លែងការណ៍របស់បុគ្គលរូបនេះ មិនត្រឹមតែមើលស្រាលយ៉ាងធ្ងន់ធ្ងរ ដល់គណបក្សនយោបាយចំនួន១៩ទៀត ដែលបានចូលរួមបោះឆ្នោតប៉ុណ្ណោះទេ តែថែមទាំងមើលស្រាលដល់ឆន្ទៈម្ចាស់ឆ្នោតប្រមាណ​៨៣,០២% ដែលបានបោះឆ្នោតគាំទ្រ ដល់គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចដោយសំលេងភាគច្រើនលើសលុប។

កំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លា ក្នុងអត្រា៧,៧% ក្នុងរយៈកាលជាងពីរទស្សវត្សរ៍ រួមជាមួយនឹងស្ថិរភាពនយោបាយ ការបែងចែកផ្លែផ្កា នៃវិបុលភាពប្រកបដោយ
សមធម៌ គឺជាមូលដ្ឋានពន្យល់យ៉ាងច្បាស់នូវជម្រើស ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនកម្ពុជា ដែលប្រាថ្នាចង់បានមាគ៌ាជាបន្តប្រកបដោយសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

ការអំពាវនាវទាំងនេះ គឺគ្រាន់តែជាការអុចអាល និងញុះញង់ ដើម្បីតែមហិច្ឆតាចង់បានអំណាចរបស់ទណ្ឌិតរូបនេះតែប៉ុណ្ណោះ។ រាជរដ្ឋាភិបាល នឹងប្រឆាំងទប់ស្កាត់​តាមគ្រប់មធ្យោបាយ ចំពោះរាល់ការប៉ុនប៉ងនានា និងការធ្វើអន្តរាគមន៍ពីភាគីទី៣ ក្នុងការបង្កអស្ថិរភាព និងបំផ្លិចបំផ្លាញមាតុភូមិ ក៏ដូចជាសុភមង្គលរបស់ប្រជាជនយើង។ យើងនឹងការពារប្រជាជាតិយើង ប្រឆាំងទល់នឹងកលល្បិចទាំងនេះ ទោះក្នុងតម្លៃណាក៏ដោយ។

រាជរដ្ឋាភិបាលត្រូវបានជាប់ឆ្នោតដោយត្រឹមត្រូវ បង្កើតឡើងដោយស្របច្បាប់ និងត្រូវបានទទួលស្គាល់ជាផ្លូវការដោយបណ្តាប្រទេសជាច្រើន រួមទាំងប្រទេសនានា នៅក្នុងសហភាពអឺរ៉ុប និងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យសំខាន់ៗផ្សេងៗទៀត។

ក្រសួងការបរទេស បានអះអាងបន្ថែមថា ព្រះរាជាណាចក្រកម្ពុជា រីករាយជាមួយនឹងចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ជាមួយប្រទេសទាំងអស់នៅលើពិភពលោក។ នៅក្នុងស្មារតីនេះហើយដែលយើងបានអំពាវនាវ មិនឲ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងឲ្យមានការគោរពអធិបតេយ្យភាពរបស់កម្ពុជា ដើម្បីឲ្យកម្ពុជាអាចបន្តដំណើរលើមាគ៌ារបស់ខ្លួន ឆ្ពោះទៅរកសាមគ្គីភាពជាតិ ការពង្រឹងថែមទៀតនូវលទ្ធិ​ប្រជាធិបតេយ្យសេរីពហុបក្ស ការលើកកម្ពស់សិទ្ធិមនុស្ស និងនីតិរដ្ឋ ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព
ឯកភាពជាតិ និងសណ្តាប់ធ្នាប់សាធារណៈ៕​

អត្ថបទទាក់ទង