អ្នកជំនាញសង្ឃឹមថា ខេត្តសៀមរាបនឹងស្រូបទាញទេសចរក្នុងស្រុកឡើងវិញបន្ទាប់ពីដំណើការចាក់វ៉ាក់សាំង
ប្រធានសមាគមទីភ្នាក់ងារទេចរណ៍កម្ពុជាលោកស្រីឆាយ សៀវលីន បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃអាទិត្យទី១១កក្កដានេះថា ប្រសិនបើល្បឿននៃការចាក់វ៉ាក់សាំងចេញដំណើរលឿនខេត្តសៀមរាបនឹងក្លាយជាគោលទេសចរណ៍សម្រាប់អ្នកទេសចរក្នុងស្រុកមកកាន់តំបន់អង្គរ និងតំបន់ធម្មជាតិជាច្រើនទៀត ហើយតាមរយៈកំណើរកំសាន្តនេះនឹងក្លាយជាព័ត៌មានដ៏សំខាន់ សម្រាប់ពិភពលោកដែលចាប់អារម្មណ៍ធ្វើដំណើរកំសាន្តមកកាន់ប្រទេសកម្ពុជា នៅពេលដែលរដ្ឋាភិបាលបើកទ្វារទទួលទេសចរណ៍បរទេសឡើងវិញ។
បើតាមអ្នកជំនាញផ្នែកទេសចរណ៍រូបនេះ កម្ពុជាគួរពិចារណាក្នុងបើកតំបន់ទេសចរណ៍មួយចំនួនឡើងវិញជាពិសេសខេត្តសៀមរាបដែលតំណាងឲ្យប្រទេសកម្ពុជា បន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានបិទបញ្ចប់ ដើម្បីឲ្យឧស្សាហកម្មទេសចរណ៍ដែលជាឧស្សាហកម្មគ្មានផ្សែងរស់ឡើងវិញជាបណ្ដើរៗដោយមិនគួររងចាំរហូតដល់កូវីដផុតរលត់ទៅវិញទេ។
ជាក់ស្ដែងនៅប្រទេសថៃដើម្បីស្រោចស្រង់វិស័យទេសចរណ៍ ដែលជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់របស់ថៃ អាជ្ញាធរថៃ បានបើកកោះភូកេត ដែលជាកោះទេសចរណ៍ដ៏ល្បីមួយរបស់ខ្លួន ដើម្បីទទួលភ្ញៀវទេសចរណ៍បរទេសចាប់ពីថ្ងៃទី១កក្កដានេះទៅ។ តែភ្ញៀវទេសចរដែលមកដល់កោះភូកេត នឹងមិនមានកាតព្វកិច្ចត្រូវធ្វើចត្តាឡីស័កទេ ក៏ប៉ុន្តែ ត្រូវតែបានទទួលការចាក់វ៉ាក់សាំង រួចរាល់ទាំង២ដូស។
ប៉ុន្តែយ៉ាងណាក៏ដោយ ក្រសួងទេសចរណ៍កម្ពុជាកំពុងជំរុញការសិក្សាបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចូលមកប្រទេសកម្ពុជាឡើងវិញនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២១នេះ។ គម្រោងនេះ ក្រសួងទេសចរណ៍អះអាងថា ដើម្បីសង្គ្រោះឧស្សាហកម្មទេសចរណ៍របស់កម្ពុជាឡើងវិញដែលកំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរពីការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។
ក្នុងឆ្នាំ២០២០ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរបរទេសត្រឹមតែជាង១លាន៣សែននាក់(១,៣១) លាននាក់ប៉ុណ្ណោះដែលជាការធ្លាក់ចុះប្រមាណ ៨០ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០១៩ ។ ចំណែកពីខែមករា ដល់ខែមីនា ឆ្នាំ ២០២១ នេះ ចំនួនភ្ញៀវបរទេសធ្វើដំណើរមកកម្ពុជាមានចំនួនសរុប ៧០.៩០១ នាក់ ធ្លាក់ចុះ ៩៣,៩ ភាគរយ។
សូមជម្រាបជូនថា បច្ចុប្បន្ននេះខេត្តក្រុងចំនួន១៤នៅក្នុងប្រទេសកម្ពុជា កំពុងដំណើរចាក់វ៉ាក់សាំងបង្ការកូវីដ-១៩រួមមាន៖ខេត្តកណ្ដាល ព្រះសីហនុ កំពង់ស្ពឺ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង បាត់ដំបង ប៉ៃលិនសៀមរាបជាដើម។ ក្រសួងសុខាភិបាលបង្ហាញក្ដីរំពឹងថា យុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋឲ្យបាន១០លាននាក់នឹងបិទបញ្ចប់ត្រឹមដំណាច់ខែតុលា ប្រសិនបើកម្ពុជាទទួលបានវ៉ាក់សាំងគ្រប់តាមផែនការនៅដំណាច់ខែសីហា។ បើតាមអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាទទួលបានប្រយោជន៍ជារួមពីល្បឿននៃការចាក់វ៉ាក់សាំងមិនចំពោះតែវិស័យទេចរណ៍តែមួយមុខនោះទេ៕ RFI