ខ្មែរប៉ុស្ដិ៍ Close

កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៧នាក់ និងព្យាបាលបានជាសះស្បើយ ២នាក់បន្ថែមទៀត គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ កីឡា - សុខភាព 45
កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៧នាក់ និងព្យាបាលបានជាសះស្បើយ ២នាក់បន្ថែមទៀត គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៧នាក់ និងព្យាបាលបានជាសះស្បើយ ២នាក់បន្ថែមទៀត គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានអោយដឹងនៅព្រឹកថ្ងៃអាទិត្យទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថា ខ្លួនបានព្យាបាលអ្នកជំងឺកូវីដ-១៩បានជាសះស្បើយចំនួន ២នាក់ ខណៈពេលដែលមានរកឃើញករណីឆ្លងថ្មីចំនួន ៧ករណី ដែលជាករណីឆ្លងក្នុងសហគមន៍ជាលើកដំបូង។

បើតាមក្រសួងសុខាភិបាល អ្នកដែលទើបត្រូវបានព្យាបាលជាសះស្បើយនោះគឺ៖

  • បុរសជនជាតិខ្មែរអាយុ ៥៩ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ជាអ្នកដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក ឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ
  • បុរសជនជាតិខ្មែរអាយុ ៣១ឆ្នាំ ជាអង្គរក្សការពារផ្ទាល់ជូនគណប្រតិភូហុងគ្រី ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា មានអាសយដ្ឋានស្នាក់នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រីឯអ្នកដែលទើបរកឃើញឆ្លងថ្មីវិញគឺ៖

  • ស្ត្រីជនជាតិខ្មែរ-អាមេរិក អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាអ្នកដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក ឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០។
    គួរបញ្ជាក់ថា អ្នករួមដំណើរផ្សេងទៀតជាមួយស្ត្រីខាងលើ សរុបចំនួន ៥៦នាក់ ដែលពួកគេត្រូវតម្រូវអោយធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ។ ក្នុងនោះ ៤១នាក់ត្រូវបានដាក់អោយធ្វើចត្តាឡីស័កនៅសណ្ឋាគារ២កន្លែងក្នុងរាជធានីភ្នំពេញ ១០នាក់នៅស្ថានទូតរុស្ស៊ី និង៥នាក់នៅស្ថានទូតចិន។
  • ស្ត្រីជនជាតិខ្មែរអាយុ ៥៦ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប និងនៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ ដែលគាត់មានអាការៈមិនស្រួលខ្លួន (មានចេញរោគសញ្ញាផ្ដាសាយចំនួន ៣ថ្ងៃ) ក៏បានទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីពិនិត្យជំងឺ ហើយត្រូវបានរកឃើញមានផ្ទុកមេរោគកូវីដ-១៩។ បច្ចុប្បន្នស្ត្រីរូបនេះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
  • ស្វាមីស្ត្រីអាយុ ៥៦ឆ្នាំ ខាងលើ ជាអគ្គនាយកពន្ធធនាគារ នៃក្រសួងមហាផ្ទៃ រួមជាមួយសមាជិកគ្រួសារចំនួន ៤នាក់ទៀតដែលស្នាក់នៅជាមួយគ្នា (ស្ត្រីអាយុ ៣៦ឆ្នាំ, កុមារា អាយុ ១២ឆ្នាំ, បុរសអាយុ ៣៦ឆ្នាំ និងបុរសអាយុ៣០ឆ្នាំ)។ បច្ចុប្បន្នអ្នកទាំង៥នាក់នេះ ក៏ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតផងដែរ។

ក្រសួងសុខាភិបាលក៏បានអំពាវនាវអោយអ្នកដែលបានប៉ះពាល់ជាមួយស្ត្រីជាអ្នកជំងឺ រួមជាមួយស្វាមី និងក្រុមគ្រួសាររបស់គាត់ ត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃនៅតាមផ្ទះរៀងៗខ្លួនអោយបានត្រឹមត្រូវ និងនៅមណ្ឌលធ្វើចត្តាឡីស័កនៅខេត្តសៀមរាប ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តបន្ទាយមានជ័យ (សម្រាប់អ្នកដែលបានប៉ះពាល់នៅតាមខេត្តទាំងនេះ) និងអនុវត្តន៍ទៅតាមសារសម្លេងដ៏ខ្ពង់ខ្ពស់របស់ម្ដេចតេជោហ៊ុនសែន កាលពីយប់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃអាទិត្យ ទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ កម្ពុជារកឃើញករណីវិជ្ជមានសរុបចំនួន ៣១៥នាក់ (ស្ត្រី៦៦នាក់ និងបុរស ២៤៩នាក់) ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ៣០១នាក់ (ស្ត្រី៦១នាក់ និងបុរស២៤០នាក់) និងអ្នកដែលកំពុងទទួលការព្យាបាលកើនដល់ចំនួន ១៤នាក់៕

សូមអាននូវសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង