លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ សន្និសីទតុមូលនេះ ជាវេទិកាដ៏សំខាន់ក្នុងការបង្ហាញសារមួយយ៉ាងម៉ឺងម៉ាត់ក្នុងការទាត់ចោលនូវស្មារតីសង្រ្គាមត្រជាក់ថ្មី
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា សន្និសីទតុមូលនេះ ជាវេទិកាដ៏សំខាន់មួយសម្រាប់ឱ្យយើងទាំងអស់គ្នា រួបរួម និងបង្ហាញសារមួយយ៉ាងម៉ឺងម៉ាត់ ក្នុងការទាត់ចោលនូវស្មារតីសង្រ្គាមត្រជាក់ថ្មី និងកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតលំហសម្រាប់កិច្ចសហប្រតិបត្តិការ ដែលមានវិសាលភាពធំជាងការបែងចែកភូមិសាស្រ្តនយោបាយ។ លោកបានថ្លែងដូចនេះ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាពិសេស នៅក្នុងឱកាសខួប២៥ឆ្នាំ ដៃគូសន្ទនារុស្ស៊ី-អាស៊ាន និងខួប៣០ឆ្នាំ ទំនាក់ទំនងរុស្ស៊ី-អាស៊ាន តាមប្រព័ន្ធវីដេអូ ជាមួយថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ានដែលបានផ្សាយផ្ទាល់ចេញពីគេហដ្ឋានរបស់លោកនាក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ការប្រកួតប្រជែងរវាងមហាអំណាចធំៗ បានធ្វើឱ្យស្ថានភាពកាន់តែស្មុគ្រស្មាញ ខណៈពេលដែលស្មារតីល្បែងផលបូកសូន្យ នៃសង្រ្គាមត្រជាក់ថ្មី កំពុងលេចឡើង ហើយសណ្តាប់ធ្នាប់ពិភពលោក កំពុងត្រូវបានបែងចែកដោយសារសង្រ្គាមពាណិជ្ជកម្ម សង្រ្គាមបច្ចេកវិទ្យា និងសង្រ្គាមដោយតួអង្គតំណាងដ៏ក្តៅគគុកមួយចំនួនទៀត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ថែមទៀតថា ពិភពលោក ក៏កំពុងជួបប្រទះនូវការប្រកួតប្រជែងដ៏តឹងតែង រវាងប្រព័ន្ធគោលនយោបាយអន្តរជាតិផ្សេងគ្នាដែលមានភាពដាច់ដោយឡែក រួមជាមួយនឹងការកើនឡើងនូវការប៉ះទង្គិច និងការប្រកួតប្រជែងរវាងគុណតម្លៃ និងការដឹកនាំពិភពលោក ស្របគ្នានឹងការប្រឈមផ្នែកយោធា ឬការប្រណាំងប្រជែងអាវុធថ្មីតែម្តង។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ កំពុងត្រូវបានបែងចែកដោយភូមិសាស្រ្តនយោបាយ។ ភាពមិនពិតប្រាកដប្រជានៃខ្សែបន្ទាត់ភូមិសាស្រ្តនយោបាយនេះ បានជំរុញឱ្យមានការដាក់គំនាបលើខ្លួនឯង ពីពហុទិស។ សម្ពាធនេះ បានរារាំសិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯង និងសិទ្ធិក្នុងការជ្រើសរើសផ្លូវឆ្ពោះទៅកាន់ការអភិវឌ្ឍដែលសមស្របនឹងបរិបទនៃប្រទេសទាំងនោះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានលើកឡើងពីភាពចាំបាច់ថា សន្និសីទតុមូលនេះ ពិតជាត្រូវបានរៀបចំឡើងទាន់ពេលវេលា ក្នុងការបញ្ជ្រាបតួនាទីយ៉ាងសំខាន់របស់គណបក្សនយោបាយ ក្នុងការថែរក្សាសណ្តាប់ធ្នាប់ពិភពលោក ដែលឱ្យតម្លសទៅលើកិច្ចសហប្រតិបត្តិការ ជៀសវាងការប្រឈមមុខដាក់គ្នា សាមគ្គីភាពជៀសវាងការបែកបាក់គ្នា និងការអភិវឌ្ឍជាជាងការបំផ្លិចបំផ្លាញ៕