លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឱ្យគ្រូពេទ្យចាប់ផ្តើមបង្រៀនការធ្វើតេស្តរហ័សដល់ក្រុមហ៊ុន រោងចក្រ សហគ្រាសដើម្បីចូលរួមទប់ស្កាត់គ្រប់គ្រងជំងឺកូវីដ-១៩
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានណែនាំឱ្យគ្រូពេទ្យចាប់ផ្តើមបង្រៀនការធ្វើតេស្តរហ័សដល់ក្រុមហ៊ុន រោងចក្រ សហគ្រាសដើម្បីចូលរួមទប់ស្កាត់គ្រប់គ្រងជំងឺកូវីដ-១៩ជាមួយរាជរដ្ឋាភិបាល។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំដើម្បីដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ ដែលផ្សាយចេញពីក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ការធ្វើតេស្តរហ័សដោយខ្លួនឯងរបស់បណ្តាក្រុមហ៊ុន រោងចក្រសហគ្រាស ពុំមានអ្វីខាតបង់នោះទេ ហើយបើរកឃើញថាមានវិជ្ជមានសូមប្រញ៉ាប់ទៅរកគ្រូពេទ្យបានទាន់ពេលវេលា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ថែមថា បើក្រុមហ៊ុន រោងចក្រ សហគ្រាស មានកម្មករចាប់ពី១០០នាក់ឡើងទៅ ឬក្រុមហ៊ុនមានបុគ្គលិក ៣០-៤០នាក់ គ្រូពេទ្យ អាចចាប់ផ្តើមទៅបង្រៀនការធ្វើតេស្តរហ័ស។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា នៅពេលដែលមានឧបករណ៍ធ្វើតេស្តរហ័សមកដល់ ត្រូវផ្តល់ទៅដល់កងទ័ព នគរបាល និងអាវុធហត្ថ ត្រូវតែធ្វើតេស្តរហ័សឱ្យបានមុនគេផងដែរ៕