ខ្មែរប៉ុស្ដិ៍ Close

គម្រោងសាងសង់ស្ថានីយបូមទឹក នៅមុខCDCសម្រេចបាន៩៥ភាគរយ ហើយ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 33
គម្រោងសាងសង់ស្ថានីយបូមទឹក នៅមុខCDCសម្រេចបាន៩៥ភាគរយ ហើយ គម្រោងសាងសង់ស្ថានីយបូមទឹក នៅមុខCDCសម្រេចបាន៩៥ភាគរយ ហើយ

ភ្នំពេញ៖ គម្រោងសាងសង់ស្ថានីយបូមទឹកមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថាCDC ជាប់ដងទន្លេសាប ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលជាជំនួយឥតសំណងរបស់ ប្រទេសជប៉ុន មកដល់ពេលនេះ ស្ថាបនាសម្រេចបាន៩៥ភាគរយហើយៗ គ្រោងបញ្ចប់នៅខែសីហា ឆ្នាំ២០២១នេះ ដើម្បីអាចបូមរំដោះទឹកភ្លៀងចេញពីតំបន់ផ្នែកខាងជើងវត្តភ្នំ និងខាងកើតមហាវិថីព្រះមុនីវង្ស រហូតដល់ស្ពានជ្រោយចង្វារ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនរាជធានី ភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមិថុនានេះថា គម្រោងសាងសង់ស្ថានីយបូមទឹកមុខCDC ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិជប៉ុនហៅកាត់ថា ចៃកា ក្រុមការងារបានអនុវត្តការងារ ជិតរួចរាល់ហើយ ពោលគឺមិនដល់២ខែទៀតទេ ស្ថានីយបូមទឹកមួយនេះ នឹងរួចរាល់ជាស្ថាពរ ខណៈគិតត្រឹមថ្ងៃទី១៨ មិថុនាចុងសប្តាហ៍នេះ ការងារខួងដាក់បំពង់លូកាត់យកទឹកកខ្វក់ពីស្ថានីយបូមទឹកមុខCDCនេះ ដល់ផ្លូវលេខ៧០ មានទំហំមុខកាត់៨០០មីលីម៉ែត្រ ប្រវែង១៥៤០ម៉ែត្រ សាងសង់រួច១០០ភាគរយហើយ។ ការងារសាងសង់អាងស្តុកក្រោមដីមុខCDC មានចំណុះ ៦៥០០ម៉ែត្រគូប និង ការងារសាងសង់ស្ថានីយបូមទឹក មានសមត្ថភាព ១,៤ ម៉ែត្រគូប ក្នុង១វិនាទី។

លោកសាំ ពិសិដ្ឋ បានបន្តថា ក្រោយពីស្ថានីយសាងសង់រួចរាល់ហើយនេះ វាអាចបូមរំដោះទឹកភ្លៀងចេញពីតំបន់ផ្នែកខាងជើងវត្តភ្នំ និងខាងកើតមហាវិថីព្រះមុនីវង្ស រហូតដល់ស្ពានជ្រោយចង្វារ។បន្ថែមពីនោះទៀតស្ថានីយបូមទឹកមុខCDC គឺជាស្ថានីយបូមទឹកមួយស្ថិត ក្នុងគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤របស់ទីភ្នាក់ងារអភិវឌ្ឍន៌អន្តរជាតិជប៉ុនហៅចៃការ ផងដែរ។

គួរជម្រាបថា គម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ ក្នុងរាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ០៤ខែមីនាឆ្នាំ ២០១៩ ក្រោមអធិបតីភាពសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។គម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញជំហានទី០៤របស់ចៃកានេះ មានទឹកប្រាក់ សរុបប្រមាណ៣៦លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន៕

អត្ថបទទាក់ទង