ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម អនុញ្ញាតឱ្យឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា ដែលនឹងបញ្ចប់អាណត្តិបេសកកម្មការទូត ចូលជួបសម្តែងការគួរសម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 34
រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម អនុញ្ញាតឱ្យឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា ដែលនឹងបញ្ចប់អាណត្តិបេសកកម្មការទូត ចូលជួបសម្តែងការគួរសម រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម អនុញ្ញាតឱ្យឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា ដែលនឹងបញ្ចប់អាណត្តិបេសកកម្មការទូត ចូលជួបសម្តែងការគួរសម

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យលោក BJÖRN HÄGGMARK ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រស៊ុយអែត ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារ និងជម្រាបលា ខណៈដែលឯកឧត្តមបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា កាលពីថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១។

នៅក្នុងឱកាសនោះ លោករដ្ឋមន្រ្ដី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរជូនលោកឯកអគ្គរាជទូត ចំពោះបេសកកម្មដ៏មានសារៈសំខាន់នៅកម្ពុជា និងបានឆ្លៀតឱកាសថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលស៊ុយអែត ដែលបានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចសហប្រតិបតិ្តការលើវិស័យសំខាន់ៗ រួមមាន ពាណិជ្ជកម្ម អប់រំ ការកសាងសមត្ថភាពមន្រ្តីរាជការ និងការគាំទ្រភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP) នៅកម្ពុជា។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី បានសំណូមពរលោកឯកអគ្គរាជទូត ឱ្យជម្រាបជូនថា្នក់ដឹកនាំរាជរដ្ឋាភិបាលស៊ុយអែត និងសហភាពអឺរ៉ុប អំពីកិច្ចខំប្រឹងប្រែងរបស់កម្ពុជា ក្នុងខឿនអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងសមធម៌ ទាំងក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថាន និងបានស្នើឱ្យរាជរដ្ឋាភិបាលស៊ុយអែត បន្តជួយសម្របសម្រួលជំរុញធុរជន និងវិនិយោគិនស៊ុយអែតសំខាន់ៗ ដូចជា ក្រុមហ៊ុនគ្រឿងសង្ហារឹម IKEA និងក្រុមហ៊ុនផលិតរថយន្ត Volvo មកស្វែងរកឱកាសធុរកិច្ច ខណៈដែលការកែច្នៃគ្រឿងសង្ហារឹម និងការផលិតគ្រឿងបង្គំនិងបន្លាស់យានយន្តកំពុងមានកំណើនខ្លាំងនៅកម្ពុជា និងការវិនិយោគលើវិស័យដទៃរួមមាន ការកែច្នៃចំណីអាហារ និងផ្លែឈើតំបន់ត្រូពិច។

ទន្ទឹមនឹងនេះ លោកឯកអគ្គរាជទូត បានគូសបញ្ជាក់អំពីកំណើនសេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក និងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ដោយប្រកាន់ខ្ជាប់នូវប្រព័ន្ធពហុភាគីនិយម ព្រមទាំងវឌ្ឍនភាពនៃការបង្កើតបទប្បញ្ញត្តិ ដែលបម្រើដល់វិស័យឯកជន និងវិនិយោ គិនបរទេសនៅកម្ពុជា និងបានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់ នៃការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន តម្លាភាព និងការគិតគូរអំពីបញ្ហាបរិស្ថាន តាមរយៈការប្រើ បា្រស់ថាមពលដែលអាចកកើតឡើងវិញ។

លោកអគ្គរាជទូត បានសម្តែងការជឿជាក់ថា ស្ថានទូតស៊ុយអែតប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងលើកកម្ពស់កិច្ចសន្ទនា និងទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ស៊ុយអែត។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា-ស៊ុយអែត នៅឆ្នាំ២០២០ មានចំនួន ៦៤លានដុល្លារអាម៉េរិក ខណៈដែលរយៈពេល៥ខែ នៅឆ្នាំ២០២១នេះ មានចំនួន ២៣លានដុល្លារអាម៉េរិក ៕

អត្ថបទទាក់ទង