ខ្មែរប៉ុស្ដិ៍ Close

សរុបការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស បានចំនួនជាង ៣លាននាក់ (គិតត្រឹមយប់ថ្ងៃទី១៤ ខែមិថុនា)

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 39
សរុបការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស បានចំនួនជាង ៣លាននាក់ (គិតត្រឹមយប់ថ្ងៃទី១៤ ខែមិថុនា) សរុបការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស បានចំនួនជាង ៣លាននាក់ (គិតត្រឹមយប់ថ្ងៃទី១៤ ខែមិថុនា)

គិតត្រឹមយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៣,០០០,២៦៤នាក់ ដែលស្មើនឹងជាង ៣០% ធៀបនឹងគោលដៅ ១០លាននាក់។

សូមជំរាបថា អ្នកចាក់វ៉ាក់សាំងទី១លាន គឺបានទៅលើ លោក ប៉ាន់ សុវណ្ណរិទ្ធិ ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅផ្ទះល្វែងលេខ២ ព្រែកព្រីង២ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ដែលបានចាក់កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។

កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១កន្លងទៅ កម្ពុជាបានចាក់វ៉ាក់សាំងដល់ជនទី២លាន ដែលជនទី២លានបានទៅលើអ្នកស្រី ទិត ចិន្តា ជាកម្មការិនីរោងចក្រ នៅរាជធានីភ្នំពេញ។

ចំពោះបុគ្គលដែលបានចាក់វ៉ាក់សាំងទី៣លាន គឺឈ្មោះ ស៊ុ សំអឿន អាយុ ៤៨ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្តាល។

រាជរដ្ឋាភិបាល បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជនចាក់វ៉ាក់សាំងទី១ គឺលោក ហ៊ុន ម៉ាណែត បុត្រាច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

កន្លងមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ក្នុងចំណោមប្រជាជនទាំងចាស់ទាំងក្មេង ១៦លាននាក់ មានប្រជាជនដែលមានអាយុ១៨ឆ្នាំឡើង ដែលនឹងត្រូវចាក់វ៉ាក់សាំងតែ ១០លាននាក់ប៉ុណ្ណោះ។ លោក​បានបន្ថែមថា ការចាក់វ៉ាក់សាំងនេះ ក៏បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រផ្ការីក គឺចាក់ពីក្នុងចេញក្រៅ គឺចាក់នៅរាជធានីភ្នំពេញ ដែលមានមនុស្សរស់នៅកុះករជាមុន បន្ទាប់ទៅនឹងចេញទៅបណ្តាខេត្តទៅតាមលំដាប់អាទិភាព៕

អត្ថបទទាក់ទង