ទួលបុរាណដ្ឋានមួយកន្លែងនៅស្រុកអង្គរធំ ខេត្ដសៀមរាប រងការខូចខាតដោយសារប្រជាពលរដ្ឋឈូសឆាយដីដាំដំណាំ
នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ អាជាធរជាតិអប្សរា និងអាជ្ញាធរស្រុកអង្គរធំ បានសហការគ្នាចុះពិនិត្យស្ថានភាពទីទួលបុរាណដ្ឋានមួយកន្លែង មានទីតាំងស្ថិតនៅក្នុងភូមិលៀប ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប ដើម្បីរៀបចំផែនការអភិរក្សទួលប្រាសាទនេះឡើងវិញ ក្រោយពីទួលបុរាណមួយកន្លែងនេះ ត្រូវបានរងការឈូសឆាយបំផ្លាញយកដីដាំដំណាំ ពីសំណាក់ពលរដ្ឋនៅតំបន់នោះ។
បើតាមលោក សំ សារ៉េត អនុប្រធានការិយាល័យអភិរក្សប្រាសាទបុរាណ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ឱ្យដឹងថា ទួលប្រាសាទបុរាណនេះ មានបណ្ដោយប្រមាណ៥០ម៉ែត្រ និងទទឹង៥០ម៉ែត្រ ត្រូវបានប្រជាកសិករយកគ្រឿងចក្រឈួសឆាយធ្វើជាកម្មសិទ្ធិ និងដាំដំឡូង បណ្ដាលអោយរងការខូចខាតយ៉ាងដំណំ។ ទួលបុរាណនេះ មានឈ្មោះទួលប្រាសាទមហាថេរ ឬអ្នកស្រុកនៅទីនោះហៅថា ទួលយាយណុក ដែលមានចំង៉ាយប្រមាណជិត២០គីឡូម៉ែត្រ ពីទីរួមស្រុកអង្គរធំ។ ប្រាសាទនេះធ្វើពីឥដ្ឋហើយនៅលើទួលនោះពិនិត្យឃើញនៅសេសសល់បល័ង្គយោនី ២ផ្ទាំង ហើយនឹងរូបចម្លាក់ក្រពុំឈូកធ្វើពីថ្មភួកពីរដុំ ប៉ុន្ដែក្រុមការងារមិនទាន់កំណត់ពីកាលវេលា នៃការកសាងប្រាសាទនេះនៅឡើយទេ ដោយសារទួលនោះបាត់បង់រចនាសម្ព័ន្ធអស់ទៅហើយ។ ចំពោះការឈូសឆាយដីនៅលើទួលប្រាសាទបុរាណនេះ បណ្ដាលអោយខូចរចនាសម្ព័ន្ធនៅក្នុងដីយ៉ាងច្រើន ក្នុងនោះបើតាមផ្លូវច្បាប់អ្នកដែលធ្វើអោយខូចខាតដល់ទីទួលបុរាណដ្ឋាន ឬប្រាសាទបុរាណនឹងត្រូវទទួលទោសតាមច្បាប់ជាធរមាន។
ជាមួយនោះលោក សំ សារ៉េត ក៏បានអំពាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប សូមចូលរួមថែរក្សាសម្បត្ដិវប្បធម៌ជាតិរបស់ខ្លួនអោយបានគង់វង្ស ដើម្បីសម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់ពីស្នាដៃខ្មែរនាសម័យដើម កុំអោយដូចជាពាក្យស្លោកថា វប្បធម៌រលំ ជាតិរលាយ វប្បធម៌ពន្នរាយ ជាតិថ្កើងថ្កាន។ លោកបន្ថែមថា បច្ចុប្បន្ននេះ មានក្រុមការងារផ្នែកកំណត់បុរាណដ្ឋានបាននឹងកំពុងចុះស្រាវជ្រាវ និងស្វែងរកប្រាសាទបុរាណគ្រប់ទីកន្លែង នៅក្នុងខេត្ដសៀមរាប ដើម្បីកំណត់អត្ដសញ្ញាណទីទួលប្រាសាទបុរាណទាំងនោះដាក់នៅក្នុងបញ្ជីសារពើភណ្ឌអោយបានត្រឹមត្រូវ។
បើតាមការបញ្ជាក់ពីលោក អេង សំបាន អភិបាលរងស្រុកអង្គរធំ បានឲ្យដឹងដែរថា ពលរដ្ឋដែលបានឈូសឆាយទីទួលបុរាណធ្វើកសិកម្មនោះ មានឈ្មោះ កុត គល់ នៅឃុំពាក់ស្នែង ហើយអាជ្ញាធរនឹងអោយបុគ្គលរូបនោះ ធ្វើកិច្ចសន្យាបញ្ឍប់ការឈូសឆាយព្រមទាំងអោយដកដំណាំចេញពីលើទីទួលបុរាណនោះចេញវិញ ដើម្បីទុកនៅទ្រង់ទ្រាយដើមវិញ។ ក្នុងនោះអាជ្ញាធរស្រុកនឹងសហការជាមួយអាជ្ញាធរជាតិអប្សរាជាបន្ដទៀត ដើម្បីការពារថែរក្សាបេតិកភន្ឌរបស់ជាតិ ដូចជាទីទួលប្រាសាទបុរាណ ជាពិសេសបន្ដផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយបានយល់ដឹងពីតំបន់ឧទ្យានអង្គរ ក៏ដូចជាបេតិកភណ្ឌជាតិផងដែរ៕