ខ្មែរប៉ុស្ដិ៍ Close

ជប៉ុនសន្យាជួយបង្កើនសមត្ថភាពធនធានមនុស្សនៅកម្ពុជាឲ្យកាន់តែខ្លាំង

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 28
ជប៉ុនសន្យាជួយបង្កើនសមត្ថភាពធនធានមនុស្សនៅកម្ពុជាឲ្យកាន់តែខ្លាំង ជប៉ុនសន្យាជួយបង្កើនសមត្ថភាពធនធានមនុស្សនៅកម្ពុជាឲ្យកាន់តែខ្លាំង

ភ្នំពេញ÷រដ្ឋាភិបាលជប៉ុន បានសន្យាជួយបង្កើនការលើកម្ពស់សមត្ថភាពធនធានមនុស្សនៅកម្ពុជាឲ្យកាន់តែខ្លាំងថែមទៀត ដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាមានប្រសាសន៍ថា ថ្វីដ្បិតតែមានបញ្ហាប្រឈមពីជំងឺកូវីដ-១៩ក៏ដោយ ក៏រដ្ឋាភិបាលជប៉ុននៅតែបន្តគាំទ្រដល់ការពង្រឹងសមត្ថភាព តាមរយៈការផ្ដល់អាហារូបករណ៍ និងវគ្គបណ្ដុះបណ្ដាលនានា ដល់មន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងផ្នែកពាក់ព័ន្ធ ។

ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១០ ខែមិថុនា នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមក៏មានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែទូលំទូលាយថែមទៀត ដើម្បីធ្វើយ៉ាងណា បន្តបណ្ដុះបណ្ដាលធនធានមនុស្សល្អៗឲ្យក្លាយជាមន្រ្តី និងថ្នាក់ដឹកនាំវ័យក្មេងសម្រាប់ចូលរួមក្នុងដំណើរការអភិវឌ្ឍសង្គមជាតិ ស្របតាមគោលការណ៍កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដែលសម្ដេចក្រឡាហោមជាប្រធានទទួលដឹកនាំកិច្ចការនេះ ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះការលើកឡើងរបស់ឯកឧត្តមអំពីជំនួយនានា ដែលរដ្ឋាភិបាលជប៉ុនបានជួយ គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងមហាផ្ទៃ ក្នុងនោះរាប់ទាំងជំនួយផ្នែកសុខាភិបាល ការផ្ដល់កម្ចីសម្រាប់អនុវត្ត គោល នយោបាយសង្គម និងការជួយគាំទ្រដល់ការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសនៅក្នុងក្រសួងមហាផ្ទៃ ។

សម្ដេចក្រឡាហាមបានបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំផែនការរយៈពេល១០ឆ្នាំបន្តទៀត ក្នុងដំណើរការកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់ខ្លួន ដែលដំណាក់កាលនេះ ជាដំណាក់កាលដ៏មានសារសំខាន់ ត្រូវផ្ទេរសិទ្ធិអំណាច និងធនធាន ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសធនធានមនុស្ស ។

សម្ដេចក្រឡាហោម ក៏បានសម្ដែងក្ដីរីករាយចំពោះគោលបំណងរបស់ជប៉ុន ក្នុងការបន្តជួយគាំទ្រដល់កិច្ចសហប្រតិបត្តិការ លើការ បណ្ដុះបណ្ដាលធនធានមនុស្ស និងសូមសំណូមពរដល់រាជរដ្ឋាភិបាលជប៉ុនបន្តជួយគាំទ្រដល់ផ្នែកនេះទៀត ដើម្បីឲ្យស្របតាមតម្រូវការ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ក្នុងគោលដៅអភិវឌ្ឍសង្គមជាតិឲ្យមានការរីកចម្រើន ៕

អត្ថបទទាក់ទង