ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យបក្សកាន់អំណាច៖ ជប៉ុនរក្សាគោលជំហរ ៧ ចំណុចសំខាន់ៗក្នុងប្រទេសកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 63
អ្នកនាំពាក្យបក្សកាន់អំណាច៖ ជប៉ុនរក្សាគោលជំហរ ៧ ចំណុចសំខាន់ៗក្នុងប្រទេសកម្ពុជា អ្នកនាំពាក្យបក្សកាន់អំណាច៖ ជប៉ុនរក្សាគោលជំហរ ៧ ចំណុចសំខាន់ៗក្នុងប្រទេសកម្ពុជា

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានបង្ហោះសារក្នុងបណ្តាញទំនាក់ទំនងសង្គម នាថ្ងៃទី១៩ ខែមិថុនា ឆាំ្ន២០១៨ នេះ ដោយបានលើកឡើងថាប្រទេសជប៉ុនបានរក្សាគោលជំហររបស់ខ្លួន៧ចំណុចសំខាន់ៗលើប្រទេសកម្ពុជា។

លោក សុខ ឥសាន្ត បន្តថា គោលជំហរទាំង ៧ ចំណុចនោះរួមមាន៖

  • ទី១- ប្រទេសជប៉ុនគោរពឯករាជ្យ និងអធិបតេយ្យភាពបណ្តាប្រទេសលើសកលលោក រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។
  • ទី២- ប្រទេសជប៉ុន មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃបណ្តាប្រទេសដទៃទេ រួមទាំងប្រទេសកម្ពុជាផងដែរ។
  • ទី៣- ប្រទេសជប៉ុននៅតែគាំទ្រការបោះឆ្នោតនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយសម្តែងចេញពីឆន្ទៈពិតប្រាកដរបស់ប្រជាជនកម្ពុជា។ ហេតុនេះហើយបានជាជប៉ុននៅតែបន្តផ្តល់ជំនួយមកកម្ពុជា រួមទាំងជំនួយឲ្យ គ.ជ.ប ផងដែរ។
  • ទី៤- ប្រទេសជប៉ុន មិនទោរទន់ទៅតាមការគៀងគរ អូសទាញពីមជ្ឈដ្ឋានខាងក្រៅណាទ្បើយ ដើម្បីឲ្យជប៉ុន ងាកចេញពីសិទ្ធិស្វ័យសម្រេចរបស់ខ្លួនជាដាច់ខាត។
  • ទី៥- ប្រទេសជប៉ុន មិនឆាឆៅចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជាឡើយ។
  • ទី៦- ប្រទេសជប៉ុន មិនលូកដៃអន្តរាគមន៍ ដើម្បីជួយអតីតបក្សប្រឆាំងនៅកម្ពុជា ដែលបានរំលោភច្បាប់ធ្ងន់ធ្ងរទ្បើយ។ ជប៉ុនទុកឲ្យអតីតបក្សប្រឆាំងនេះ ទទួលខុសត្រូវចំពោះមុខច្បាប់តាមទង្វើរបស់ខ្លួន។
  • ទី៧- ជប៉ុនមិនអើពើចំពោះបាតុកម្មអនាធិបតេយ្យ ទាមទារឲ្យជប៉ុនធ្វើនេះ ធ្វើនោះតាមខ្លួនទ្បើយ។

គួរបញ្ជាក់ថា ការលើកទ្បើងដូចនេះ ធ្វើទ្បើងបន្ទាប់ពីក្រុមអតីតគណបក្សប្រឆាំងដែល តែងតែព្យាយាមរកកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ដើម្បីដាក់សម្ពាធមកកាន់ប្រទេសកម្ពុជា។ លោក សុខ ឥសាន បានបន្តថា ទណ្ឌិត សម រង្ស៊ី មេឧទ្ទាមប្រឆាំងក្រៅច្បាប់តែងតែទទូចឱ្យប្រទេសជប៉ុនដាក់សម្ពាធ មកលើប្រទេសកម្ពុជាផងដែរ តែការទាមទារនោះនៅតែបរាជ័យ ព្រោះជប៉ុនបានបង្ហាញគោលជំហររបស់ខ្លួនម្តងហើយម្តងទៀតថា ខ្លួននឹងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជានោះទ្បើយ ពោលជប៉ុនគោរពអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា៕