ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាបាន​ចុះ​ហត្ថលេខា​ជាមួយក្រុមហ៊ុនជប៉ុន លើ​ការ​សាងសង់​ប្រព័ន្ធ​បង្ហូរ​ទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 54
កម្ពុជាបាន​ចុះ​ហត្ថលេខា​ជាមួយក្រុមហ៊ុនជប៉ុន លើ​ការ​សាងសង់​ប្រព័ន្ធ​បង្ហូរ​ទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ កម្ពុជាបាន​ចុះ​ហត្ថលេខា​ជាមួយក្រុមហ៊ុនជប៉ុន លើ​ការ​សាងសង់​ប្រព័ន្ធ​បង្ហូរ​ទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ

ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន លោក អ៊ឹង រចនា ក្នុង​នាម​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២០ ខែ​មេសា ឆ្នាំ២០២១ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​សាងសង់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរ​ទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ ជាមួយ​ក្រុមហ៊ុន​ជប៉ុន Kubota Metawater Joint venture ​នៅ​ទីក្រុង​តូក្យូ។

តាមរយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក Royal Embassy of Cambodia in Japan នៅ​ថ្ងៃទី ២០ ខែ​មេសា​នេះ បាន​ឲ្យ​ដឹង​ថា ក្នុង​នាម​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ លោក​ឯកអគ្គរាជទូត​បាន​ចូលរួម​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​សាងសង់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរ​ទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ ជាមួយ​នឹង​ក្រុមហ៊ុន Kubota Metawater Joint venture បន្ទាប់​ពី​ក្រុមហ៊ុន​នេះ បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ដេញ​ថ្លៃ​គម្រោង​ខាង​លើ​នៅ​ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២១។

ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ លោក សាំ ពិសិដ្ឋ បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២១ នៅ​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន បាន​រៀបចំ​ពិធី​ដាក់​ឱ្យ​ដេញ​ថ្លៃ​នៃ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ទឹក​កខ្វក់​នៅ​រាជធានី​ភ្នំពេញ ដែល​ជា​គម្រោង​ជំនួយ​ឥតសំណង ហើយ​ក្រុមហ៊ុន KUBOTA METAWATER JOINT VENTURE ជា​អ្នក​ឈ្នះ។

លោក​ថ្លែងថា៖ «ក្រុមហ៊ុន KUBOTA METAWATER JOINT VENTURE បាន​ទទួល​ជ័យជំនះ​លើ​ការ​ដាក់​ឱ្យ​ដេញ​ថ្លៃ​គម្រោង​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នៅ​បឹង​ជើង​ឯក ដែល​មាន​សមត្ថភាព​ចម្រោះ​ទឹក​កខ្វក់ ៥ ០០០ ម៉ែត្រ​គុប​ ក្នុង ១ ថ្ងៃ»។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ធ្លាប់​លើក​ឡើង​ថា តំបន់​អភិវឌ្ឍន៍​ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ​មាន​ទំហំដី ៥២០ ហិកតា ដោយ​ក្នុង​នោះ ១៨១ ហិកតា ជា​ដី​របស់​រដ្ឋ ដែល​នឹង​ប្រើ​ធ្វើ​អាង​ស្តុក​ទឹក អាង​ប្រព្រឹត្តិកម្ម​ទឹក​ស្អាត និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ទៀត៕

អត្ថបទទាក់ទង