ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តសៀមរាប​ ចុះត្រួតពិនិត្យពល កងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅច្រកអាកាសយានដ្ឋានកងទ័ពអាកាស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 30
អភិបាលខេត្តសៀមរាប​ ចុះត្រួតពិនិត្យពល កងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅច្រកអាកាសយានដ្ឋានកងទ័ពអាកាស អភិបាលខេត្តសៀមរាប​ ចុះត្រួតពិនិត្យពល កងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅច្រកអាកាសយានដ្ឋានកងទ័ពអាកាស

នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តសៀមរាប និងគណៈអភិបាលខេត្ត បានចុះត្រួតពិនិត្យពល និងកងកម្លាំងប្រដាប់អាវុធដែលឈរជើង ការពារសន្តិសុខសុវត្ថិភាព នៅច្រកអាកាសយានដ្ឋានកងទ័ពអាកាស នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដោយមានវត្តមានកងកម្លាំងសន្តិសុខការពារដែនអាកាសជាច្រើននាក់ចូលរួមផងដែរ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ​ លោក ទៀ សីហា ក៏បានក្រើនរំលឹកដល់ កងកម្លាំងប្រដាប់អាវុធរក្សាសន្តិសុខ សណ្តាប់ធ្នាប់សារធារណ: ក៏ដូចជាថ្នាក់ដឹកនាំមន្ត្រីរាជការ និង អាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមចំណែកសាមគ្គីគ្នា ដើម្បីការពារជាតិមាតុភូមិយើងឲ្យបានខ្លាំងក្លាបំផុត ដើម្បីពង្រឹងខឿនសន្តិសុខជាតិ តាមរយៈនៃការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងសូមឲ្យប្រជាពលរដ្ឋដែលលង់ចាញ់នៅឧបាយកលបោកបព្ឆោតរបស់ទណ្ឌិត សម សង្ស៉ី ឲ្យចូលរួមចលនាក្បត់ជាតិនោះ សូមប្រញាប់ប្រញាល់ភ្ញាក់រលឹកឡើង ។

លោកបន្តថា យើងត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំ នឹងរួមរស់ជាមួយសង្គមជាតិវិញ ។ ជាមួយគ្នានោះ ប្រសិនបើអ្នកចង់ទៅចូលរួមទទួលវត្តមានទណ្ឌិត សម រង្ស៉ី ចូលស្រុកវិញនោះ មិនចាំបាច់ព្រួយបារម្ភនោះទេ ពីព្រោះរាជរដ្ឋាភិបាល និង សាលក្រមតុលាការ កំពុងរង់ចាំទទួលហើយ និងរៀបចំទីកន្លងសម្រាប់ទទួល ក៏រៀបចំរួចរាល់ហើយផងដែរ ។ ក្នុងរយៈពេលថ្មីៗនេះទណ្ឌិត សម រង្ស៉ី បានប្រកាសពីគម្រោងធ្វើដំណើរចូលស្រុកវិញនៅពេលខាងមុខដោយបានអំពាវនាវនិងគៀកគរប្រជាពលរដ្ឋឲ្យបះបោលផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ថែមទៀតផង ។ ដូច្នេះក្នុងនាមយើងជាកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវត្រៀមខ្លួនថែរក្សាឲ្យបាននូវសុខសន្តិភាព ស្ថេរភាព នយោបាយ និងការអភិវឌ្ឍហើយអនុវត្តបទបញ្ជាឲ្យបានម៉ឹងម៉ាត់ក្នុងការកម្ចាត់ចំពោះជនក្បត់ជាតិ សម រង្ស៉ី ដើមី្បយកទៅផ្តន្ទាទោសទៅតាមច្បាប់ ។

លោក​បានបន្តទៀតថា កងកម្លាំងទាំងអស់ក្នុងពេលកន្លងមកបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការបំពេញភារកិច្ចលើកិច្ចការពារ ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញានិងបង្ក្រាបឲ្យបាន រាល់ការឃុបឃិត ប៉ុនប៉ងបំផ្លាញសុខសន្តិភាព ឧបាយកល ដែលបង្កើតឲ្យមានបដិវត្តន៍ពណ៌លើទឹកដីកម្ពុជា និង ប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងកម្ពុជាពីមជ្ឈដ្ឋានខាងក្រៅ ។

លោកបានបញ្ជាក់ទៀតថា ការមើលស្រាលស្ថានការណ៍កន្លងមកអាចនាំឲ្យកម្ពុជាយើង ស្ទើតែធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមជាថ្មីម្ដងទៀតដោយសារតែទណ្ឌិត សម រង្ស៊ី នឹង បក្ខពួករបស់ខ្លួននោះ ។

លោកបានលើកផងដែរថា ក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេសដែលមានទណ្ឌិត សម រង្ស៉ី ជាមេក្លោងបានធ្វើការប្រមាថមើលងាយព្រះមហាក្សត្រ មិនទទួលស្គាល់ព្រះមហាក្សត្រ និងបង្ខំព្រះមហាក្សត្រដាក់រាជ្យ ដែលជាអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសមន្ត្រីកងកម្លាំងយើងទាំងអស់ មិនអាចទទួលយកបានជាដាច់ខាត ។ លោកក៏បានឲ្យកងកម្លាំងទាំងអស់ ត្រៀមលក្ខណៈក្នុងការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនៅ ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងចូលរួមតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល លើការហូបអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ទាំងអស់គ្នាផងដែរ ។

លោកក៏បានធ្វើការក្រើនរំលឹកដល់កងកម្លាំងទាំងអស់ គឺត្រូវបង្កើនការយកចិត្តទុកដាក់របស់ខ្លួន លើការងារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ។ កត្តាសំខាន់ ដែលកងកម្លាំងទាំងអស់ត្រូវបង្កើនយកចិត្តទុកដាក់ នៅតាមបណ្តាច្រកទ្វារអន្តរជាតិ ទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ថ្ងៃទី០៩ វិច្ឆិកា ខាងមុខនេះ ។ ក្នុងដែរលោកក៏បានលើកនូវបទបញ្ជាផ្ទៃក្នុងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចការណែនាំរបស់ក្រសួងមហាផ្ទៃ ចំពោះសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ សំខាន់លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពនៅជុំវិញអាកាសយានដ្ឋានអន្តរជាតិសៀមរាបនេះ ព្រមទាំងពង្រឹងសន្តិសុខនៅតាមផ្លូវទឹកទៀតផង ។

ឆ្លៀតឱកាសនោះដែរ លោកក៏បានឧបត្ថម្ភថវិកាចំនួន១លាន ២សែនរៀល ដល់កងកម្លាំងប្រដាប់អាវុធការពារដែនអាកាស ក្នុងមួយអង្គភាពៗ សម្រាប់ប្រើប្រាស់ទៅតាមតម្រូវការនៅក្នុងអង្គភាពរបស់ខ្លួនផងដែរ៕

អត្ថបទទាក់ទង