ក្នុងឆ្នាំនេះ ព្រឹត្តិការណ៍ទេសចរណ៍ជិត ២០ នឹងរៀបចំនៅលើទឹកដីសៀមរាប-អង្គរ

ដោយ៖ សន ប្រាថ្នា​​ | ថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០​ | ព័ត៌មានទូទៅ |
ក្នុងឆ្នាំនេះ ព្រឹត្តិការណ៍ទេសចរណ៍ជិត ២០ នឹងរៀបចំនៅលើទឹកដីសៀមរាប-អង្គរ ក្នុងឆ្នាំនេះ ព្រឹត្តិការណ៍ទេសចរណ៍ជិត ២០ នឹងរៀបចំនៅលើទឹកដីសៀមរាប-អង្គរ

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា រាជរដ្ឋាភិបាលគ្រោងនឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍តូចធំជិត ២០កម្មវិធី នៅគោលដៅទេសចរណ៍សៀមរាប-អង្គរ នាអំឡុងឆ្នាំ២០២០នេះ ដើម្បីជំរុញឱ្យមានចលនាទេសចរកាន់តែច្រើនទៅកាន់ខេត្តសៀមរាប និងសំដៅទាក់ទាញកំណើនទេសចរបរទេសមកកាន់កម្ពុជាផងដែរ។ នេះបើតាមការថ្លែងរបស់លោក ថោង ខុន ក្នុងកិច្ចសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាន នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រៅពីព្រឹត្តិការណ៍សង្ក្រាន្តសៀមរាប លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់​ប្រាប់ថា ក៏នៅមានព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ កីឡាមួយចំនួនទៀត ដោយលោកបានបង្ហើបថា ព្រឹត្តិការណ៍ទេសចរណ៍ទាំងនោះ នឹងត្រូវបង្ហាញលម្អិតនាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។

បើតាមលោករដ្ឋមន្ត្រី ថោង ខុន ក្រសួងទេសចរណ៍បានបង្កើតក្រុមការងារពិសេសមួយរួចមកហើយ ដើម្បីចុះអនុវត្តការងារសំខាន់ៗមួយចំនួន ក្នុងនោះមានដូចជា​ការបណ្ដុះបណ្ដាលបំប៉នសមត្ថភាពដល់បុគ្គលិក ឬកម្មករនិយោជិតបម្រើការតាមសណ្ឋាគារមួយចំនួន ដែលទទួលរងការប៉ះពាល់នៅខេត្តសៀមរាប ការរៀបចំកញ្ចប់​ទស្សនកិច្ច និងដំណើរទស្សនកិច្ចទេសចរណ៍ទៅកាន់សៀមរាប-អង្គរ ការបង្កើនការផ្សព្វផ្សាយពីគោលដៅទេសចរណ៍សៀមរាប-អង្គរ ក៏ដូចជាវិស័យទេសចរណ៍​ជាតិទាំងមូល។

តាមការបញ្ជាក់របស់លោក ថោង ខុន ចាប់ពីពេលនេះទៅ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងឡាយនឹងសប្បាយរីករាយជាមួយដំណើរកម្សាន្តទៅកាន់ខេត្តសៀមរាប ខណៈដែលកម្ពុជាបានធានាអះអាងថា «ខ្លួននៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសន្តិភាព សុវត្ថិភាព និងផ្ដល់នូវភាពកក់ក្ដៅ»។

លោករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ម្ចាស់ ឬនិយោជកនៅតាមសណ្ឋាគារ ផ្ទះសំណាក់ទាំងឡាយនៅខេត្តសៀមរាប សូមមានការបន្ធូរបន្ថយថ្លៃស្នាក់នៅជូន​ដល់ភ្ញៀវ​ទេសចរ​គ្រប់គ្នា ចំណែកឯក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ ក៏សូមកុំយកចំណេញលើការរៀបចំសេវាកម្មកញ្ចប់ទស្សនកិច្ចពីភ្ញៀវច្រើនពេក ខណៈដែលរាជរដ្ឋាភិបាល​ក៏កំពុងដាក់​ចេញនូវគោលនយោបាយលើកទឹកចិត្តនានាដល់ផ្នែកឧស្សាហកម្មទេសចរណ៍ផងដែរ៕

បញ្ចេញមតិ
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង